ទីក្រុងកៀវ៖ លោកហ្សេឡិនស្គីផ្ដល់ចម្លើយតបដោយប្រយ័ត្នប្រយែងបន្ទាប់ពីលោកពូទីនបបួលគ្នាចរចាដោយផ្ទាល់មួយទល់នឹងមួយនៅទីក្រុងអ៊ីស្តាន់ប៊ូល (Istanbul) ប្រទេសតួកគីនៅថ្ងៃទី១៥ ខែឧសភាជាកំហិត។ តាមមើលទៅ ហ្សេឡិនស្គីក៏ពិបាកនឹងបដិសេធបំណងល្អនេះណាស់ខណៈដែលលោកក៏ប្រកាសគាំទ្រការបិទបញ្ចប់សង្គ្រាមនេះជាស្ថាពរផងដែរ។ ប៉ុន្តែលោកនៅតែដាក់ការសង្ស័យមួយចំនួនជុំវិញរឿងនេះព្រោះស្រួលមិនស្រួលអាចចូលទៅក្នុងអន្ទាក់របស់លោកពូទីន។
ការចរចាគ្នាមួយទល់មួយដោយគ្មានភាគីទីបីដឹងឮបែបនេះមិនសូវស្រួលប៉ុន្មានទេ ហេងស៊យគេអាចគាបស៊ី។ ដោយសារការព្រួបារម្ភយ៉ាងដូច្នេះ ប្រមុខដឹកនាំអ៊ុយក្រែនរូបនេះព្រលយពាក្យថាលោកមិនជំទាស់ទេ។ រដ្ឋាភិបាលទីក្រុងកៀវត្រៀមខ្លួនចូលតុចរចាជានិច្ច។ ប៉ុន្តែជាបឋម លោកស្នើសុំឱ្យទីក្រុងម៉ូស្គូទទួលយកបទឈប់បាញ់៣០ថ្ងៃជាមុនសិន។ បើមិនអីចឹងទេ វាទៅជាសេណារីយោ «វាយគ្នាផង និងចរចាផង» ឬអាចនិយាយបានថាជាយុទ្ធសាស្ត្រ «ចាប់ដៃជាន់ជើង» ក៏បានដែរ។
លោកពូទីនប្រកាសពីបំណងចង់ចរចាគ្នាដោយផ្ទាល់នៅក្នុងសេចក្ដីថ្លែងការណ៍ដែលថតទុកជាខ្សែអាត់ និងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីព្រឹកថ្ងៃសៅរ៍។ ប្រតិកម្មចំពោះការអំពាវនាវនេះ លោកត្រាំចាត់ទុកថានេះជាទិវាបវរមហាប្រសើរសម្រាប់អ៊ុយក្រែន និងរុស្ស៊ី។ លោកពូទីនក៏ឆ្លៀតរំលេចឱ្យឃើញត្រង់ចំណុចបទឈប់បាញ់ផងដែរ។ លោកថាបទឈប់បាញ់មិនទាន់អាចនិយាយទុកមុនទេ។ ចាំនិយាយនៅពេលជួបគ្នានៅអ៊ីស្តាន់ប៊ូលតែម្ដង។
លោកយូរី អ៊ូសាកូស (Yuri Ushakov) ជាជំនួយការរបស់លោកពូទីនថ្លែងប្រាប់អ្នកសារព័ត៌មានថាគម្រោងជួបគ្នានៅតួកគីត្រូវតែចាប់ផ្ដើមឡើងបន្តពីកិច្ចព្រមព្រៀងដែលប្រទេសទាំង២ធ្លាប់ឯកភាពគ្នាកាលពីពេលចរចាឆ្នាំ២០២២។ រុស្ស៊ីចាប់បានចំណុចដែលអ៊ុយក្រែនសន្យាថានឹងប្រកាន់ជំហរអព្យាក្រឹត-មិនចូលបក្សសម្ព័ន្ធជាអចិន្ត្រយ៍ដើម្បីជាថ្នូរនឹងការដែលរុស្ស៊ីសន្យាមិនប៉ះពាល់អ៊ុយក្រែនតទៅទៀត។ ចំណុចមួយទៀត អ៊ុយក្រែនយល់ព្រមកាត់ទឹកដីរបស់ខ្លួនមួយចំនួនទៅឱ្យរុស្ស៊ី។
នៅពេលរុស្ស៊ីកំពុងមានប្រៀបនៅលើសមរភូមិយោធា គេឃើញថាលោកពូទីនមិនព្រមបន្ធូរដៃ ឬធ្វើសម្បទានអ្វីទាំងអស់ក្រៅពីការទាមទារឱ្យអ៊ុយក្រែនលះបង់ផលប្រយោជន៍ខ្លួនឯង។ កាលពីពេលកន្លងមក លោកត្រាំឆ្លៀតនិយាយកាន់ជើងរុស្ស៊ីថែមទៀត។ លោកថារុស្ស៊ីបន្ធូរដៃអស់ប៉ុណ្ណឹងហើយ។ កុំអីប្រទេសអ៊ុយក្រែនទាំងមូលត្រូវរុស្ស៊ីគ្រប់គ្រងបានទាំងស្រុង។
នៅក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍នោះ លោកពូទីនគ្រាន់តែអំពាវនាវឱ្យអ៊ុយក្រែនចូលតុចរចាទល់មុខគ្នា និងដោយគ្មានបុរេលក្ខខណ្ឌ។ ដូច្នេះ ពាក្យសម្ដីនេះមិនសូវលម្អិតដូចលោកអ៊ូសាកូសនិយាយពាក់ព័ន្ធនឹងការដែលអ៊ុយក្រែនត្រូវប្រកាន់ជំហរអព្យាក្រឹត ឬកាត់ទឹកដីទៅឱ្យរុស្ស៊ីនោះទេ។ លោកពូទីនថ្លែងថានៅពេលជួបគ្នានៅតួកគី ភាគីទាំង២អាចនឹងឯកភាពគ្នាទៅលើបទឈប់បាញ់កម្រិតណាមួយក៏អាចថាបាន។ នោះជាមាគ៌ាឆ្ពោះទៅរកការសម្រេចឱ្យបានសន្តិភាពជានិរន្តរ៍។
ជាកិច្ចឆ្លើយតប លោកហ្សេឡិនស្គីចាត់ទុកថានេះជាសញ្ញាវិជ្ជមានដែលរុស្ស៊ីនៅទីបញ្ចប់ចាប់ផ្ដើមគិតគូរពិចារណាអំពីការបិទបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកសង្កត់ធ្ងន់ថាជំហានដំបូងបំផុតមុននឹងឈានដល់ការបញ្ចប់សង្គ្រាមត្រូវមានបទឈប់បាញ់ជាមុនសិន។ ហ្សេឡិនស្គីថាលោកចង់ឃើញរុស្ស៊ីប្រកាសទទួលយកបទឈប់បាញ់ដ៏ពេញលេញ និងគួរឱ្យជឿទុកចិត្តចាប់ពី ថ្ងៃស្អែកតទៅ។ អ៊ុយក្រែនត្រៀមខ្លួនជួបគ្នា (នៅថ្ងៃទី១៥ ខែឧសភា)។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ