ខេត្តកំពង់ចាម: ជនសង្ស័យជាក្រុមចោរមានគ្នាចំនួនពីរនាក់បានលួចបើករថយន្តទំនើបមួយគ្រឿងម៉ាក lexus 330 ពាក់ស្លាកលេខកំពង់ចាម2C-1576 ចេញពីភូមិសាស្ត្រខេត្តកំពង់ធំ តម្រង់ទិសចូលមកភូមិសាស្ត្រខេត្តកំពង់ចាម។ជាមួយនោះកម្លាំងសមត្ថកិច្ចបានដាក់បារ៉ាស់ជាច្រើនកន្លែងតែក្រុមចោរបើកបំបុកនិងរត់គេច តាមផ្លូវជាតិលេខ៧១ លុះមកដល់ត្រង់ចំណុចផ្លូវកោងឃុំអូស្វាយស្រុកកំពង់សៀម ខេត្តកំពង់ចាម យកចង្កូតបន្ទាន់ហោះធ្លាក់ផ្លូវប្រមាណ៧ ម៉ែត្របណ្ដាលឲ្យខូចខាតរថយន្តយ៉ាងដំណំទៅមុខលែងរួច។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី១០ឧសភាថា: ក្រោយពីទទួលបានព័ត៌មានពីអធិការនគរបាលស្រុកសន្ទុកក៏ដូចជាអធិការនគរបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឱ្យកម្លាំងសមត្ថកិច្ចនៅតាមដងផ្លូវជួយឃ្លាំមើលនិងស្ទាក់ឃាត់រថយន្តពាក់ស្លាកលេខខាងលើដើម្បីសួរនាំ។នោះមកដល់វេលាម៉ោងប៉ុន្មានជាង៨ព្រឹកថ្ងៃទី១០ឧសភា ឆ្នាំ២០២៥ ក៏បានឃើញរថយន្តមានភិនភាគដូចរាយការណ៍បើកតាមផ្លូវថ្នល់ហើយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកចំការលើបានដាក់បារ៉ាស់នៅត្រង់ចំណុចតាប្រុក តែជនសង្ស័យមិនបានឈប់ទេដោយបើកលឿនវៀងបារ៉ាស់។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាលុះមកដល់ចំណុចបារ៉ាស់ទី២ចំណុចថ្នល់បែកចំការលើរថយន្តដដែលបានបុកម៉ូតូដែលដាក់ទទឹងផ្លូវក្នុងគោលបំណងស្ទាក់ចាប់រថយន្តនោះ។ដោយក្រុមជនសង្ស័យជាចោរលួចបានបើករត់គេចតាមផ្លូវជាតិលេខ៧១ មកដល់តាតាអុងបុកម៉ូតូនិងកិន ហើយបារ៉ាស់ចុងក្រោយនៅបុសខ្នុរ ចំការលើដដែលនៅស្ទាក់ចាប់មិនជាប់ទៀត ព្រោះចោរហាក់បីដូចមានជំនាញ ។
ក្រោមបញ្ជាពីឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យកម្លាំងនៅតាមដងផ្លូវខាងមុខចាំជួយស្ទាក់រថយន្តស្របពេលដែលរថយន្តនេះបើកមកដល់ចំណុចផ្លូវកោងនៅក្នុងភូមិអូរធ្នង់ ឃុំអូស្វាយ ស្រុកកំពង់សៀម រថយន្តយកចង្កូតបន្ទាន់ជាហេតុបណ្ដាលឲ្យហោះធ្លាក់ផ្លូវទៅបុកថ្មដែលមានចម្ងាយប្រមាណ៧ម៉ែត្របណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។
ក្រុមជនសង្ស័យជាចោរលួចរថយន្តដែលគេពុំអាចកំណត់អត្តសញ្ញាណ បានបើកទ្វាររថយន្តរត់គេចចូលទៅក្នុងព្រៃ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជាច្រើននាក់បានតាមរុករកតាំងពីម៉ោង៩ព្រឹក រហូតដល់វេលាម៉ោងពីររសៀលនៅតែពុំរកឃើញជនសង្ស័យលួចរថយន្តនោះទេ។ដោយសារតែរឿងហេតុកើតឡើងនៅក្នុងខេត្តកំពង់ធំ គេបានប្រគល់រថយន្តឲ្យទៅម្ចាស់ករណីវិញដើម្បីបន្តនីតិវិធី។
តាមប្រភពបញ្ជាក់ថារថយន្តនេះមានម្ចាស់ឈ្មោះសូ ពិសី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្រុងព្រះសីហនុ ។តាមប្រភពលេចឮថារថយន្តនេះត្រូវបានមនុស្សពីរនាក់ប៉ាវជិះស្របពេលមកដល់ភូមិសាស្ត្រខេត្តកំពង់ធំ អ្នកបើកបរបើកទ្វាររថយន្តចុះទិញរបស់ហូបបន្តិចភ្លាមនោះជនសង្ស័យបានលួចបើករថយន្តបន្តមកមុខដោយមានគ្នាជំនួនពីរនាក់។ គិតរហូតមកដល់វេលាម៉ោង៨យប់ ថ្ងៃទី១០ឧសភា សមត្ថកិច្ចនៅមិនទាន់ចាប់បានជនសង្ស័យលួចរថយន្តនៅឡើយទេ។
តាមប្រភពព័ត៌មានចុងក្រោយសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យជាចោរលួចរថយន្តទំនើបម៉ាឡិចស៊ីស 330 មួយគ្រឿងចេញពីខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នាំគ្នាតាមប្រមាញ់ពីកន្លែងមួយទៅកន្លែងមួយទីបំផុតត្រូវចាប់ខ្លួនបាននៅក្បែរភ្នំប្រុសភ្នំស្រីក្នុងទឹកដីស្រុកកំពង់សៀម នាល្ងាចខេត្តកំពង់ចាម ល្ងាចថ្ងៃទី១០ឧសភាឆ្នាំ ២០២៥។
ជនសង្ស័យនោះមានឈ្មោះ DoThan Trinh ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណលេខ038090019574។
ជាមួយនោះភ្នាក់ងារយើងបានទាក់ទងគ្រប់សមត្ថកិច្ចលំដាប់ថ្នាក់ដើម្បីសាកសួរមូលហេតុតែមិនមានអ្នកលើកទូរសព្ទឆ្លើយឆ្លងនោះទេ អ្នកខ្លះលើកនិយាយតែឆ្លើយថាមិនមានរូបជនសង្ស័យ ៕







ចែករំលែកព័តមាននេះ