រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ដល់១៤ ឧសភា ខាងមុខនេះ តំបន់មួយចំនួនរបស់កម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់
កន្ត្រាក់។

យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកថា ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ថា សម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជាអាងទន្លេមេគង្គ និងលើសមុទ្រចិនខាងត្បូង ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ។
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០%។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៥ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥% ។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី ។
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ ៕
ចែករំលែកព័តមាននេះ