មកមើលគំរូភូមិគ្រឹះដូចរាជវាំងតម្លៃជិត២០០លានដុល្លារសម្រាប់ Neymar នៅអារ៉ាប៊ីសាអូឌីត
អារ៉ាប៊ីសាអូឌីត ៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr. គឺជាកំពូលកីឡាការបាល់ទាត់លំដាប់ពិភពលោក
អារ៉ាប៊ីសាអូឌីត ៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr. គឺជាកំពូលកីឡាការបាល់ទាត់លំដាប់ពិភពលោក
អារ៉ាប៊ីសាអូឌីត ៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr. គឺជាកំពូលកីឡាការបាល់ទាត់លំដាប់ពិភពលោកចុងក្រោយគេ ដែលបានទៅប្រកបអាជីពនៅលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League) ពោលគឺជាមួយក្លិប Al-Hilal ហើយកីឡាករវ័យ៣១ឆ្នាំរូបនេះ ទទួលបានថ្លៃនឿយហត់ជាង ៣០០លានដុល្លារលើកុងត្រារយៈពេល២ឆ្នាំ។ ជាមួយនឹងថ្លៃពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមអ្នកជំនាញរចនាម៉ូតផ្ទះដ៏ល្បី បានបង្កើតគំរូភូមិគ្រិះ ឬ Concept ដែលប្រៀបដូចទៅនឹងវិមានដ៏មហាសាលមួយ ដែលស័ក្តិសមនឹងកំពូលកីឡាកររូបនេះ។
យោងតាមគេហទំព័រ Mansionisti ដែលមានអ្នកតាមដានរហូត ១.៣លាននាក់នៅលើបណ្តាញសង្គម Instagram បានស្នើក្រុមការងារពួកគេប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើត Concept វិមានដ៏ប្រណីតបំផុតសម្រាប់ Neymar តាមរចនាបថអារ៉ាប់ជាមួយនឹងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ១៩៥លានដុល្លារ ។
វិមាននោះកម្ពស់៥ជាន់ គ្របដណ្ដប់ដោយពណ៌ទឹកមាសដ៏ចែងចាំង ជាមួយលក្ខណៈពិសេស នៃទឹកជ្រោះធ្លាក់ចុះចេញពីផ្នែកខាងមុខវិមាន។ អ្វីដែលពិសេសជាងនេះទៅទៀត គឺអគារចំណតរថយន្តដែលមានទំហំធំទូលាយ ជាមួយនឹងរថយន្តតម្លៃរាប់លានដុល្លារជាច្រើនគ្រឿងផងដែរ។ នៅពេលដើរចូលខាងក្នុងតាមច្រកចូលខាងមុខ យើងនឹងឃើញពិដានដំបូល ច្រកទ្វារ និងកម្រាលថ្មម៉ាបរៀបចំយ៉ាងល្អឥតខ្ចោះ តាមរចនាបថអារ៉ាប់ ហើយនឹងជណ្តើរថ្នើរជើងដ៏ធំសម្បើមមើលទៅត្រជាក់ភ្នែកបំផុត។
តារាងបាល់ទាត់ខ្នាតតូចក៏មាននៅក្នុងវិមានផងដែរ។ បន្ថែមលើសពីនេះទៅទៀត អាងហែលទឹកថ្មម៉ាបដ៏ធំ និងបន្ទប់ទឹកដ៏ប្រណីតរចនាឡើងតាមបែប Hammam របស់ប្រទេសតួកគី បូករួមជាមួយនឹងកន្លែងពិសេសៗជាច្រើនផ្សេងទៀត។ សរុបមក Concept នៃវិមានដ៏អស្ចារ្យនេះ បង្កើតឡើងប្រណីតភាពខ្លាំងលើសពីការរំពឹងទុក ដែលប្រៀបដូចជារាជវាំង។
កន្លងមក មានពាក្យចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា Neymar កំពុងស្វែងរកផ្ទះមាន ២៥បន្ទប់គេង ដែលមានសូណាចំនួន ៣ អាងហែលទឹក ១ ទទឹង ១០ ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ ជាពិសេសទីធ្លាធំងាយស្រួលដាក់រថយន្តទំនើបៗជាច្រើនគ្រឿងរបស់កីឡាកររូបនេះ ដូច្នេះហើយទើប Concept វិមានដ៏ប្រណីតមួយនេះ លេចចេញរូបរាងឡើង៕ (ប្រភពពី Supercar Blondie)
ចែករំលែកព័តមាននេះ