ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ដើម្បី​ទាក់ទាញ​ទេសចរ​ណ៍បរទេស​នោះ ប្រទេស​ថៃ និង​វៀតណាម​ដែល​នៅ​ជិត កម្ពុជា​បាន​កំពុង​តែ​អនុវត្ត​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​ដល់​អ្នកទេសចរ​បរទេស ប៉ុន្តែ​កម្ពុជា​ហាក់​មិន​ទាន់​ពី​ផែនការ​នេះ​ទេ ។ គោលនយោបាយ​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នកទេសចរ​បរទេស​ចូល​មក​កម្ពុជា​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុម​អ្នក​ម​គ្គុ​ទេស​ទេសចរណ៍ និង​អ្នកជំនាញ​ទេសចរណ៍​មួយ​ចំនួន​រួច​ហើយ​នៅ​លើ​បណ្តាញ​សង្គម និង​នៅ​លើ​ទំព័រ​ព័ត៌មាន​នានា​កន្លង​មក ដោយសារ​តែ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្ពុជា​នៅ​មាន​ចំនួន​តិច​នៅឡើយ…

ដើម្បី​ទាក់ទាញ​ទេសចរ​ណ៍បរទេស​នោះ ប្រទេស​ថៃ និង​វៀតណាម​ដែល​នៅ​ជិត កម្ពុជា​បាន​កំពុង​តែ​អនុវត្ត​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​ដល់​អ្នកទេសចរ​បរទេស ប៉ុន្តែ​កម្ពុជា​ហាក់​មិន​ទាន់​ពី​ផែនការ​នេះ​ទេ ។

គោលនយោបាយ​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នកទេសចរ​បរទេស​ចូល​មក​កម្ពុជា​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុម​អ្នក​ម​គ្គុ​ទេស​ទេសចរណ៍ និង​អ្នកជំនាញ​ទេសចរណ៍​មួយ​ចំនួន​រួច​ហើយ​នៅ​លើ​បណ្តាញ​សង្គម និង​នៅ​លើ​ទំព័រ​ព័ត៌មាន​នានា​កន្លង​មក ដោយសារ​តែ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្ពុជា​នៅ​មាន​ចំនួន​តិច​នៅឡើយ ដែល​នាំ​អោយ​អ្នក​ដែល​ប្រកប​របរ​នេះ​នៅ​តែ​ពិបាក ក្រោយ​ពេល​ដែល​វិស័យ​នេះ​ធ្លាក់​សឹង​ដល់​សូន្យ​នៅ​ក្នុង​សម័យ​កូ​វី​ដ​១៩ រាលដាល​ខ្លាំង ។

នៅ​ក្នុង​អំឡុង​៧​ខែ ដើមឆ្នាំ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​កម្ពុជា​ជា​រួម​មាន ជាង​៣​លាន​នាក់​កើនឡើង​៣០៨ ភាគរយ​ឯណោះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ឆ្នាំ​នេះ កម្ពុជា​គ្រោង​ទាក់ទាញ​ឲ្យ​ដល់​៥​លាន​នាក់ ។ នេះ​ជា​តួរ​លេខ​សរុប​ខណៈ​ដែល​នៅ​សៀមរាប​ឯណោះ​វិញ ពិសេស​អ្នក​ដែល​ចូល​ទៅ​ទស្សនា​អង្គរ គឺ​មាន​តិច​មែនទែន ។ គ្រឹះស្ថាន​អង្គរ​បាន​អះអាង​ថា រហូត​ដល់​ខែសីហា អ្នកទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​រមណី​ដ្ឋា​ន​អង្គរ​មាន​ត្រឹមតែ​ជិត ០,៥​លាន​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​កាលពីមុន​វិបត្តិពោល គឺ​នៅ​ក្នុង​ឆ្នាំ​២០១៩ មាន​រហូត​ដល់​ទៅ​ជាង​២,២ លាន​នាក់ ។

ដូច្នេះ កម្ពុជា​ត្រូវ​មាន​យុ​ទ្ឋ​សាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ទាក់ទាញ​ទេសចរណ៍​បរទេស​មក​កាន់​ប្រទេស​កម្ពុជា​ថែម​ទៀត ។
ការ​លើកលែង​ទិដ្ឋាការ​អាច​ជា​គំនិត​ដ៏​ល្អ​មួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ប្រទេស​ថៃ និង​វៀតណាម​បាន​លើកលែង​ទិដ្ឋាការ​ពាក់ព័ន្ធ​នឹង​ផែនការ​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​រួច​ហើយ​ថា វេទិកា​នេះ​នឹង​រៀបចំ​ឡើង​នៅ​ខែវិច្ឆិកា​ខាង​មុខ ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេល​ដែល​បើក​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​លើក​ដំបូង​ថា រដ្ឋាភិបាល​នឹង​ស្តាប់​នូវ​មតិយោបល់ និង​សំណូមពរ​ផ្សេង​ៗ ក៏​ដូច​ជា​ការ​ដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច និង​ជាក់ស្តែង​មួយ​ចំនួន ដើម្បី​បន្ត​ជំរុញ​គាំទ្រ​វិស័យ​ឯកជន ដែល​ជា​កម្លាំង​ច​លករ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ។

សម្តេច​ធិ​បតី បាន​ប្រគល់​ភារកិច្ច​នេះ ជូន​លោក អូន ព័ន្ធ​មុនី​រ័​ត្ន​, ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្របសម្រួល​ជាមួយ​ក្រសួង​-​ស្ថាប័ន​, វិស័យ​ឯកជន ព្រមទាំង​ភាគី ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​រៀបចំ​វេទិកា​នេះ​។

វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​ឡើង​ក្នុង រយៈពេល​១​ឆ្នាំ​ម្តង ជា​យន្តការ​សន្ទនា​មួយ​ដែល​មាន​ថ្នាក់ដឹកនាំ​កម្ពុជា និង​ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី គ្រប់​ក្រសួង ស្ថាប័ន អភិបាល​គ្រប់​រាជធានី​-​ខេត្ត តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ ឯកអគ្គរដ្ឋទូត ប្រចាំ​កម្ពុជា និង​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ។

វេទិកា​នេះ​នឹង​ផ្តល់​ឱកាស​ឱ្យ​ផ្នែក​ឯកជន លើក​ឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​ចាត់វិធានការ​សម​ស្រប ដើម្បី​ដោះស្រាយ ហើយ​រាល់​ការ​សម្រេច នៅ​ក្នុង​វេទិកា​នេះ​ត្រូវ​បាន​ចាត់ទុកជា​ការ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី ដូច្នេះ​វិស័យ​ឯកជន ជា​ពិសេស គឺ​អ្នក​ដែល​រកស៊ី​នៅ​ក្នុង​វិស័យ​នេះ​នឹង​អាច​លើក​ឡើង​បញ្ហា​លើកលែង​ទិដ្ឋាការ​នេះ​នៅ​ក្នុង​វេទិការ​នេះ ខណៈ​ដែល​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​គេ​លើក​ឡើង​ថា ស្ងាត់​ខ្លាំង​បើ​ធៀប​នឹង​ប្រទេស​ជិតខាង ខណៈ​ដែល​ពេល​នេះ​ប្រទេស​ជិតខាង​កំពុង តែ​ដាក់ ចេញ​នូវ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​នេះ​ថែម​ទៀត ។

នៅ​ពេល​នេះ​ថៃ ដែល​ជាទី​ផ្សារ​ទេសចរ​ដ៏​ធំ​ជាងគេ​នៅ​អាស៊ាន​បាន​ដាក់​ចេញ ហើយ ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ដោយ​ចាប់ពី​ថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ​២០២៣ រហូត​ដល់ ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ។ដើម្បី​លើកកម្ពស់​ផែនការ​នេះ​រដ្ឋាភិបាល​ថៃ​បាន​លើកទឹកចិត្ត​អោយ​រៀបចំ​ពិធី​ស្វាគមន៍​ដល់​អ្នកទេសចរ​ដែល​ចូល​មក​លេង​ប្រទេស​ថៃ នៅ​ថ្ងៃនេះ​ជាមួយនឹង​ភូ​ង​ផ្កាម្លិះ និង​ខោ​ជើងដំរី​ម្នាក់​មួយ ចំពោះ​ភ្ញៀវ​មួយ​ចំនួន​ដែល​មាន​ជើងហោះហើរ​ដំបូង​ពី​ចិន នៅ​តាម​ព្រ​លាន​យន្ត ហោះ អន្តរជាតិ​ដូច​ជា​សុវណ្ណ​ភូមិ ដ​ន​មឿង ឈៀង​ម៉ៃ និង​ភូ​កេ​ត​ជាដើម​។ ក្រៅពី​នោះ សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​ក៏​បាន​ពង្រឹង​ល្បឿន​នៃ​ការងារ​នៅ​តាម បញ្ជ​វាយ​ត្រា​ចូល​ប្រទេស​ដោយ​ធានា​ថា នៅ​ក្នុង​អ្នកដំណើរ​មក​ដល់​ម្នាក់​នឹង​ចំណាយពេល​ប្រមាណ​ជា​ត្រឹម​១​នាទី​ប៉ុណ្ណោះ ។

ទាក់ទង​នឹង​ផែនការ​នេះ សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ សុវណ្ណ​ភូមិ បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​បុគ្គលិក​រួចរាល់​សម្រាប់​ប្រចាំការ​នៅ​តាម​បញ្ជ​សរុប​១៣៨ ដើម្បី​ធានា​ខ្លួន​អាច​មាន​សមត្ថភាព​ទ្រទ្រង់​ការ​មក​ដល់​អ្នកដំណើរ​សរុប ៧.១៤០ នាក់ នៅ​ក្នុង​មួយ​ម៉ោង ពោល​គឺ​ធានា​ថា នៅ​ក្នុង​អ្នកដំណើរ​ម្នាក់​អាច​ឆ្លងកាត់​បញ្ជ​នោះ​ត្រឹមតែ​១​នាទី​តែ​ប៉ុណ្ណោះ​។
លោកស្រី ស៊ូ​ដា​វ៉ា​ន់ វ៉ាង​ស៊ុ​ផា​គី​កុសល រដ្ឋមន្ត្រី​ទេសចរណ៍ និង​កីឡា​របស់​ថៃ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​និង​ធ្វើការ​ជាមួយនឹង​វិស័យ​ឯកជន​បន្ថែម​ទៀត ដើម្បី​ធានា​លើកកម្ពស់ និង​លើកទឹកចិត្ត​ដល់​អ្នកទេសចរ​ជនជាតិ​ចិន ។

ក្រៅពី​នោះ លោក ស៊ូ​រី​យ៉ា ជន​រុងរឿង​គិត រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ថៃ បាន​និយាយ​ថា គម្រោង​នេះ​នឹង​ជួយ​លើកកំពស់​ច​លករ​នៃ​កម្លាំង​សេដ្ឋកិច្ច​ថៃ ។ លោក​បាន​បង្ហាញ​នូវ​សេចក្តី​រំពឹង​ថា អ្នកទេសចរ​ចិន​ជា​ច្រើន​នឹង​សម្រុក​មក​លេង​នៅ​ថៃ​ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​០៦ ខែតុលា ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​ពួក​គេ ។ នៅ​ក្នុងអំឡុងពេល​នោះ​ជើងហោះហើរ​ដោយ​ផ្ទាល់​ពី​ចិន នឹង​កើនឡើង​ពី​៧២ ជើង​ទៅ​៩៦​ជើង នៅ​ក្នុង​មួយ​ថ្ងៃ ហើយ​ភ្ញៀវ​ទេសចរ​ចិន​អាច​នឹង​កើនឡើង​ពី​៩.៦៨០ នាក់ ទៅ​១៨.៦៥៦ នាក់​នៅ​ក្នុង​មួយ​ថ្ងៃ ។ ដូចនេះ​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​បាន​៥​លាន​នាក់ នៅ​ក្នុងឆ្នាំនេះ អាច​នឹង​សម្រេច​បាន ។

ដោយឡែក​វៀតណាម​វិញ​បាន​ប្រកាស បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​ដល់​អ្នកទេសចរ​បរទេស តាំង​តែ​ពី​ថ្ងៃ​ទី​១៥ ខែសីហា មក​ម្លេះ ។ តាម​គោលនយោបាយ​នេះ អ្នកទេសចរ​មក​ពី​២៥ ប្រទេស ដោយនៅ​ក្នុង​នោះ​មាន​កម្ពុជា ឡាវ ថៃ ជប៉ុន និង​បណ្តា​ប្រទេស​មក​ពី​អឺរ៉ុប និង​អាស៊ី​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិន​បាន​លើកលែង​ចំពោះ អ្នកទេសចរ​ចិន​ឡើយ ។

ទោះបីជា​មិន​មាន​ចិន​នៅ​ក្នុង​បញ្ជី ប៉ុន្តែ​មន្ត្រី​វៀតណាម​បាន​លើក​ឡើង​នៅ​លើ​សារព័ត៌មាន​ថា គោលនយោបាយ​ទិដ្ឋាការ​ថ្មី​របស់​វៀតណាម​ត្រូវ​បាន​ទទួល និង​វាយតម្លៃ​ជា​វិជ្ជមាន​ពី​ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ជនជាតិ​ចិន​ដែរ ហើយ​ក៏​ជា​ឱកាស​សម្រាប់​វិស័យ​ទេសចរណ៍​វៀតណាម​ក្នុង​ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​បើ​ធៀប​នឹង​ប្រទេស​ជិតខាង ។

សារព័ត៌​មានបាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិន​នៅ​ពេល​នេះ​អាច​ស្នើ​សុំ​ទិដ្ឋាការ​ចូល​វៀតណាម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន ។
ប្រភព​ដដែល​បាន​បន្ត​ថា ជាមួយនឹង​គោលនយោបាយ​នេះ​នៅ​ក្នុង​រយៈ​ត្រឹមតែ ពី​ថ្ងៃ​ទី​១៥ ដល់​៣០ ខែសីហា វៀតណាម​បាន​ទទួលភ្ញៀវ​ទេសចរ​ចម្រុះ​សរុប ជាង ៣៣​ម៉ឺន​នាក់ ដោយ​ភាគច្រើន​មក​ពី​កូរ៉េ​ខាងត្បូង ជប៉ុន និង​អង់គ្លេស ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ