ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរការពារព្រំដែនគោក៨៩១ បានចេញល្បាតតាមបន្ទាត់ព្រំដែន ដើម្បីការពារព្រំដែន និងបទល្មើសលួ.ចឆ្លងដែនតាមបន្ទាត់ព្រំដែនគោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិសាស្ដ្រខាងត្បូងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលវរការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ឱ្យដឹងថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការការងារ ការពារព្រំដែនគោក និងបទល្មើសឆ្លង កម្លាំងបានចុះល្បាតតាមបន្ទាត់ព្រំដែន នៅក្នុងដែនភូមិសាស្ត្ររបស់ខ្លួន និងការពារសុវត្ថិភាពប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនផងដែរ។

លោកបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មាន៩ស្រុក-ក្រុង ក្នុងនោះមាន៥ស្រុក-ក្រុង ជាប់ព្រំដែនកម្ពុជា-ថៃ ខេត្តស្រះកែវ ប្រទេសថៃ ហើយរយៈពេលកន្លងមក កម្លាំងកម្ពុជា-ថៃតែសហប្រតិបត្តិការគ្នាល្អ រួមគ្នាការពារព្រំដែន និងបទល្មើសឆ្លងដែន ព្រមទាំងការពារសុវត្ថិភាពប្រជាពលរដ្ឋរស់នៅតាមជាយដែនផងដែរ។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថា កម្លាំងបានកំពុងខិតខំយកចិត្តទុកដាក់ការពារបូរណភាពទឹកដី និងទប់ស្កាត់បទល្មើស ព្រមទាំងសុវត្ថិភាពប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងចូលរួមជួយដល់ប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិដូចជា ៖ ទឹកជំនន់ និងករណីផ្សេងៗ ត្រូវបានអន្តរាគមន៍នៅក្នុងភូមិសាស្ដ្ររបស់ខ្លួន៕



ចែករំលែកព័តមាននេះ