ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

អា​មេ​រិ​កបាន​សម្រេច​ផ្តល់​ជំនួយ​១៨​លាន​ដុល្លារ​ឡើង​វិញ​ដល់​ប្រទេស​កម្ពុជា​។ នេះ​គឺជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ​ដែល​ថា ប្រទេស​មហាអំណាច​ពិភពលោក និង​ប្រទេស​កម្ពុជា កំពុង​ប្រឹង​ត្រួសត្រាយ​ផ្លូវ ដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​វិញ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។

អា​មេ​រិ​កបាន​សម្រេច​ផ្តល់​ជំនួយ​១៨​លាន​ដុល្លារ​ឡើង​វិញ​ដល់​ប្រទេស​កម្ពុជា​។ នេះ​គឺជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ​ដែល​ថា ប្រទេស​មហាអំណាច​ពិភពលោក និង​ប្រទេស​កម្ពុជា កំពុង​ប្រឹង​ត្រួសត្រាយ​ផ្លូវ ដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​វិញ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។

ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​មេ​រិ​ក ឡើង​ចុះ​ៗ​តាម​ទំនោរ​នៃ​មេដឹកនាំ និង​ចរន្ត​នៃ​សាកលលោក ប៉ុន្តែ​ក្រោម​រដ្ឋបាល​ថ្មី និង​គោលនយោបាយ​ច្បាស់លាស់ សង្ឃឹមថា អា​មេ​រិ​ក នឹង​យល់​ពី​កម្ពុជា ហើយ​អាច​នឹង​លើកកម្ពស់​កម្រិត នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ អោយ​ដល់​កម្រិត​មួយ​ថ្មី ។

ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​អា​មេ​រិ​ក ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា ខណៈ​អា​មេ​រិ​ក គឺជា​ទីផ្សារ​ធំ​ជាងគេ នៃ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​។

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៧ កន្លង​ទៅ​ថ្មី​ៗ​នេះ សហរដ្ឋអាមេរិក បាន​ប្រកាស​ផ្អាក​ជំនួយ​ដែល​​មាន​តម្លៃ​ប្រមាណ​ជា ១៨ លាន​ដុល្លារ ដែល​ជួយ​កម្ពុជា​តាម​រយៈ​ទីភ្នាក់ងារ​អា​មេ​រិ​ក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ប៉ុន្តែ​ក្រោយ​ជំនួប​រវាង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ចូល​កាន់​តំណែង ក្រោយ​ការ​បោះ​ឆ្នោត​នេះ ជាមួយនឹង​លោកស្រី វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី​អា​មេ​រិ​ក នៅ​មុន​ពេល​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ នៅ​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា សហរដ្ឋអាមេរិក បាន​សម្រេចចិត្ត​ផ្តល់​ជំនួយ​នេះ​ឡើង​វិញ ។

ដោយឡែក​នៅ​ក្នុង​ជំនួប​ជាមួយនឹង​សហគមន៍​ជនជាតិ​ខ្មែរ នៅ​សហរដ្ឋអាមេរិក និង​កា​ណា​ដា ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ដែល​ត្រូវ​នឹង​ពេល​ព្រឹក​ព្រលឹម​ម៉ោង​នៅ​កម្ពុជា ថ្ងៃ​ទី​២៤ ខែកញ្ញា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បញ្ជាក់​ប្រកបដោយ​មោទនភាព នៃ​ការ​ពង្រឹង និង​ពង្រីក​នៃ​ទំនាក់ទំនង​រវាង​មហាអំណាច​នេះ ជាមួយនឹង​កម្ពុជា​ផង​ដែរ ។

តាម​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​នោះ សម្តេច​ធិ​បតី បាន​បង្ហាញ​នូវ​សេចក្តី​សង្ឃឹម​នៃ​ការ​ធ្វើ​ឲ្យ​រីក​ចម្រើន​នៃ​ចំណង​ការទូត​របស់​ប្រទេស​ទាំង​ពីរ ដោយនៅ​ក្នុង​នោះ សម្តេច​មិន​បាន​បង្ហើប​លំអិត នៃ​ខ្លឹមសារ នៃ​ការ​ពិភាក្សារ​ទាំងអស់​ទេ ប៉ុន្តែ​សម្តេច​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ ទាក់ទង​នឹង​ចំណុចរសើប​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ពាក់ព័ន្ធ​នឹង​សមុទ្រ​រាម ។

សម្តេច​ធិ​បតី បាន​ប្រាប់​ថ្នាក់ដឹកនាំ​ការទូត​អា​មេ​រិ​ក​ច្បាស់​ៗ​អំពី​បញ្ហា​នេះ និង​ក៏​បាន​បញ្ជាក់​យ៉ាង​មោះមុត និង​ច្បាស់លាស់ អំពី​គោលនយោបាយ​កម្ពុជា នៅ​ក្នុង​ពេល​ថ្លែង​ទៅ​កាន់ មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨​ផង​ដែរ ។

ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​កម្ពុជា សម្តេច​ធីប​តី ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​សារ​ជា​ថ្មី​អំពី គោលនយោបាយ​ការ​បរទេស​របស់​រាជរដ្ឋាភិបាល​ថា កម្ពុជា​នឹង​បន្ត​ស្ថិត​នៅ​លើ​មាគ៌ា​បច្ចុប្បន្ន នៃ​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ និង​អព្យាក្រឹត ដោយ​ផ្អែក​លើ​នីតិរដ្ឋ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មើភាព​គ្នា និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​ជាតិ ពង្រឹង​មិត្តភាព​ដែល​មាន​ស្រាប់ និង​កសាង​ចំណងមិត្តភាព​បន្ថែម​ទៀត​។

សម្តេច​ធិ​បតី បាន​បន្ថែម​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​ការ​គំ​រា​.​ម​កំ​ហែ​.​ង ឬ​ការ​ប្រើ ប្រាស់​កម្លាំង​ក្នុង​ទំនាក់ទំនង​អន្តរជាតិ ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ការ​ឈ្លានពាន​ប្រឆាំង នឹង​ប្រទេស​ឯករាជ្យ​ដទៃ​ទៀត​។

នៅ​ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ចំណុច​ដែល​រសើប សម្តេច​ធិ​បតី​សង្កត់ធ្ងន់​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មូល​ដ្ឋាន​យោធា​បរទេស​ណាមួយ​តាំងនៅ​លើ​ទឹកដី​របស់​ខ្លួន ដូចដែល​មាន​ចែង​យ៉ាង​ច្បាស់​ក្នុង​រដ្ឋធម្ម​នុញ្ញ​របស់​កម្ពុជា​។ កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ ឬ​ក្រុម​ណាមួយ ប្រើ ប្រាស់​ទឹកដី​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​មួយ​ផ្សេង​ទៀត​ឡើយ​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ជុំវិញ​ពិភពលោក តាម​រយៈ​ក្រប​ខណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដើម្បី​រួមចំណែក​ដល់​សន្តិភាព សន្តិសុខ ស្ថិរភាព ការ​អភិវឌ្ឍ​ប្រកបដោយ ចីរភាព និង​វិបុលភាព​របស់​ពិភពលោក​។

កម្ពុជា និង​អា​មេ​រិ​ក បាន​បង្កើត​ទំនាក់ទំនង​ការទូត​នឹង​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​១៩៥០ ហើយ​ក្រោយមក​អា​មេ​រិ​កបាន​បើក​ស្ថានទូត​នៅ​ក្នុង​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​១៩៥២ ហើយ​ក៏​រអាក់រអួល​ចាប់​​ពី​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៦០ ជា​បន្តបន្ទាប់ រហូត​ដល់​ផ្ទុះ​រដ្ឋ​ប្រ​.​ហារ ហើយ​អា​មេ​រិ​ក​គាំទ្រ​រដ្ឋាភិបាល និង​ប្រកាស​ប្រទេស​ជា​សាធារណៈរដ្ឋ នៅ​ក្នុង​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ក៏​កាត់​ផ្តាច់​ការទូត រហូត​ដល់​ឆ្នាំ​១៩៩១ ទើប​អា​មេ​រិ​កបាន​ស្តារ​ទំនាក់ទំនង​ការទូត​កម្ពុជា​ឡើង វិញ រួម​ទាំង​ការ​បញ្ចប់​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ហើយ​បន្ត​ផ្តល់​ជំនួយ​អភិ​វ​ឌ្ឃ​ន៍​ឡើង​វិញ ។

ចាប់តាំងពី​ពេល​នោះ​មក​ដល់​ពេល​នេះ ក្រោម​គោលនយោបាយ​អ​ព្យា​ក្រិ​ត្យ​មិន​ចូល បក្សសម្ព័ន្ធ ដូចដែល​សម្តេច​ធិ​បតី​បាន​រៀបរាប់​ខាងលើ ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ នៅ​តែ​បន្ត ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាប់អួ ពេល​ខ្លះ​ប្រសើរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រោម​ម​គ្គុ​ទេសភាព នៃ​ការ​ដឹកនាំ​របស់​សម្តេច​ដែល​ទទួល​ការ​អប់រំ​ពី​សហរដ្ឋអាមេរិក សង្ឃឹមថា ទំនាក់ទំនង​រវាង ប្រទេស​ទាំង​ពីរ​នឹង​អាច​មាន​​ស្ថេ​រ​ភាព ហើយ​អាច​នឹង​វិវត្តន៍​ឈាន ទៅ​ចំណុច​របត់​មួយ​ថ្មី ។ ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ