សំណង់រឹងមាំលយចូលក្នុងទន្លេមេគង្គ នៅតែបន្តសាងសង់យ៉ាងរំភើយ (វីដេអូ)
- កណ្តាល
ខេត្តកណ្តាល ៖ រឿងសំណង់ផ្ទះល្វែងដែលខ្លះថា វីឡាកំពុងសាងសង់លយចូលក្នុងទន្លេមេគង្គនៅក្រុងអរិយក្សត្រ មិនទាន់កំចាត់បានទេ ព្រោះរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមជាងដែលកំពុងដឹកជញ្ជូនថ្ម ឥដ្ឋ ខ្សាច់ បំរុងបន្តការសាងសង់សំណង់រឹងមាំមួយកន្លែងរំលោ.ភចូលចំណីទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល សង់របងថ្ម រួចរាល់បានប្រហែលជា៨០ភាគរយហើយ។ ប៉ុន្តែក្រោយពីឃើញក្រុមអ្នកសារព័ត៌មានទៅថត ទើបក្រុមជាងទាំងនោះទាញទូរស័ព្ទតេនិយាយបានមួយសន្ទុះ ក៏ផ្អាកធ្វើការ រួចនាំគ្នាជិះម៉ូតូចេញពីការដ្ឋានសំណង់បាត់ស្រមោលអស់ទៅ។

ប្រភពព័ត៌មាននិយាយថា ដីមួយជួរតាមដងទន្លេមេគង្គខាងលិចផ្លូវនេះ គឺពាក់កណ្តាលដីចំណីផ្លូវ និងពាក់កណ្តាលទៀត គឺជាដីចំណីទន្លេ ប្រជាជនគ្រប់រូបមានសិទ្ធិអាស្រ័យផលបណ្តោះអាសន្នបាន តែគ្មានសិទ្ធិគ្រប់គ្រងធ្វើជារបស់ឯកជនបានឡើយ ហើយក៏គេមិនចេញប្លង់អោយដែរ។ ប៉ុន្តែចាប់តាំងពីដីមានហាងឆេង អ្នកមានលុយៗខ្លះនៅរាជធានីភ្នំពេញ បានមកឃុ.បឃិ.តគ្នាជាមួយមេខ្យល់ និងអាជ្ញាធរមូលដ្ឋានចុះមកទិញពីអ្នកធ្លាប់អាស្រ័យផលពីមុនក្នុងតម្លៃថោកៗ ហើយពួកគេក៏ធ្វើរបងថ្មព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជនតែម្តងទៅ។ តែបើប្រជាជនសង់ ត្រឹមតែកូនរោងឈើមួយយាមដី យាមចំការ មិនបានផង។

ប្រភពដដែលបន្តថា ច្បាប់ឥឡូវនេះពិបាកណាស់ ពលរដ្ឋចាក់អាចម៌ដីមួយឡាន ពីរឡាន គ្រាន់សង់ផ្ទះនៅ ក៏អាជ្ញាធរតម្រូវអោយទៅសុំច្បាប់ និងបង់លុយដែរ ខណៈដែលសេដ្ឋកិច្ចប្រជាពលរដ្ឋកំពុងតែធ្លាក់ចុះផងនោះ។ តែបើគេអ្នកមានលុយ មានអំណាចវិញ ចង់សាងសង់ចូលដីសាធារណៈរបស់រដ្ឋ សឹងដល់ពាក់កណ្តាលទន្លេ ក៏គេធ្វើបានដែរ។

បញ្ហាខាងលើនេះ ភ្នាក់ងារយើងបានទំនាក់ទំនងទៅសួរលោក កែវ ចាន់រ៉ា ចៅសង្កាត់ព្រែកអំពិល តាមរយៈលេខទូរស័ព្ទលេខ ៖ 016.667202 តែលោកប្រាប់ថា «ច្រឡំលេខ គាត់មិនមែនចៅសង្កាត់ទេ គាត់ធ្វើប៉ូលិសនៅក្រសួងមហាផ្ទៃ»។ ចំណែកលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានបញ្ជាក់ថា «ចាំរូបលោកចាត់អភិបាលរងក្រុងទទួលបន្ទុក ដឹកនាំកម្លាំងចុះទៅពិនិត្យមើល»។
គួររំលឹកផងដែរថា ៖ ទាល់តែអ្នកមានលុយ មានអំណាច ទើបថ្លើមពាសមេឃសង់សំណង់រឹងមាំលយចូលទន្លេបាន(វីដេអូ) ៕























ចែករំលែកព័តមាននេះ