ទាល់តែអ្នកមានលុយ មានអំណាច ទើបថ្លើមពាសមេឃសង់សំណង់រឹងមាំលយចូលទន្លេបាន(វីដេអូ)
- កណ្តាល
ខេត្តកណ្តាល ៖ សំណង់រឹងមាំផ្ទះល្វែង និងរបងថ្ម ជាច្រើនកន្លែង កំពុងសាងសង់រំលោ.ភចូលចំណីទន្លេមេគង្គ ចាប់ពីភូមិព្រែកដូនហែម រហូតដល់ភូមិព្រែកអំពិល ស្ថិតក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សក្រ ខេត្តកណ្តាល យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរគ្មានចំណាត់ការឱ្យមានប្រសិទ្ធភាពទេ ទំនងមិនហ៊ានអើតផង។

ប្រភព័ត៌មានបានអោយដឹងថា ទឹកដីក្រុងអរិយក្សត្រ បច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងគគ្រឹកគគ្រេង ជាពិសេសវិស័យសំណង់រីកដុះដាលជាខ្លាំង ប៉ុន្តែកន្លែងខ្លះសាងសង់នៅលើដីចំណីព្រែកចំណីទន្លេ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងអនាធិបតេយ្យ មិនដឹងជាមានច្បាប់ទម្លាប់ឬយ៉ាងណានោះទេ តែបើសុំច្បាប់ គ្មានអ្នកណាថ្លើមធំឱ្យទេ។

តែបើតាមមន្ត្រីមួយចំនួន បានលួ.ចខ្សឹបប្រាប់អ្នកសារព័ត៌មានអោយដឹងថា រាល់ដីសម្បត្តិសាធារណៈរបស់ប្រជាជនគ្រប់រូប មានសិទ្ធិអាស្រ័យផលបណ្តោះអាសន្នបាន តែគ្មានសិទ្ធិសាងសង់សំណង់រឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបាននោះទេ។ អញ្ចឹងបានន័យថា ការសាងសង់ទាំងនេះ វាគ្មានច្បាប់អនុញ្ញាត្តនោះទេ។ ហើយការសាងសង់បែបនេះ បើប្រជាជនស្លូតត្រង់មិនអាចធ្វើបានទេ វាទាល់តែអ្នកមានលុយ មានអំណាច ទើបធ្វើទៅរួច។

ជុំវិញបញ្ហាខាងលើនេះ លោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល បានប្រាប់សារព័ត៌មានឱ្យដឹងតាមទូរស័ព្ទថា អាជ្ញាធរក្រុង និងសង្កាត់ បានចុះទៅណែនាំធ្វើកិច្ចសន្យាអោយផ្អាកការសាងសង់អស់ហើយ។ តែជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ការសាង់សង់ផ្ទះវីឡាដ៏ធំស្គឹមស្គៃរបស់លោកឧកញ៉ាម្នាក់ដែលយើងមិនទាន់បញ្ចេញឈ្មោះនៅរាជធានីភ្នំពេញ ដែលកំពុងសាងសង់ចូលដីចំណីទន្លេមេគង្គទាំងស្រុង នៅចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល គឺនៅតែមានក្រុមជាង និងកម្មករបន្តការសាងសង់ដដែល មិនបានដកថយទេ។

ចំណែកលោក ចាន់ ដារ៉ា អភិបាលក្រុងអរិយក្សត្រ បានប្រាប់ថា រូបលោកពុំបានដឹងនោះទេ សូមឱ្យអ្នកសារព័ត៌មានសួរទៅលោកប្រធានការិយាល័យជំនាញ ទទួលបន្ទុកសាងសង់សំណង់ក្រុងអរិយក្សត្រ។ តែត្រូវលោកប្រធានការិយាល័យប្រាប់អោយដឹងថា រូបលោកក៏ពីទាន់ដឹងច្បាស់ដែរ ចាំរូបលោកពិនិត្យមើលឯកសារសិន។ លុះដល់អ្នកសារព័ត៌មានព្យាយាមតេទូរស័ព្ទសួរបញ្ជាក់បន្ថែមនោះ ស្រាប់តែខលចូលជាច្រើនលើកច្រើនសារ តែគ្មានអ្នកទទួល ទំនងគ្មានវាចានឹងថ្លែងប្រាប់អ្នកកាសែតទេដឹង?។
ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕















ចែករំលែកព័តមាននេះ