រាជធានីភ្នំពេញ ៖ បុរសអ្នកលក់ចង្រឹតបំពងម្នាក់ មានអាការមិនស្រួលខ្លួន បណ្ដាលមកពីជំងឺសសៃសន្លាក់ជើង និងជង្គង់ ហើយបានទៅពិនិត្យ ពិគ្រោះនិងព្យាបាលនៅគ្លីនិក «ជា សុវណ្ណដា» ខណៈនោះ គ្រូពេទ្យបានផ្សំថ្នាំឲ្យលេប ប៉ុន្តែនៅតែពុំបានធូរស្រាលសោះ ទើបប្រពន្ធទៅតាមគ្រូពេទ្យឲ្យទៅពិនិត្យជាលើកទី២ ដល់ផ្ទះអ្នកជំងឺតែម្ដង ពេលនោះគ្រូពេទ្យបានដាក់សេរ៉ូមឲ្យ ក៏នៅតែមិនធូរ ក្រោយគ្រូពេទ្យចាកចេញទៅបាត់ អ្នកជំងឺរឹតតែធ្ងន់ទៅៗ ទើបស្ត្រីជាប្រពន្ធ និងបងប្អូន បានដឹកប្ដីតាមរថយន្តផ្ទាល់ខ្លួន ទៅកាន់គ្លីនិកមួយផ្សេងទៀត ដើម្បីសង្គ្រោះ នៅពេលទៅដល់គ្រូពេទ្យបានប្រាប់ថា បុរសនោះស្លា.ប់បាត់ទៅហើយ ទើបដឹកស.ពទៅកាន់វត្តជម្ពូវ័ន និងប្ដឹងនគរបាលឲ្យឃាត់ខ្លួនគ្រូពេទ្យម្នាក់ ដែលជាអ្នកព្យាបាល ដើម្បីនាំទៅធ្វើការសាកសួរ ព្រោះសង្ស័យថាបុរសខាងលើស្លា.ប់ដោយសារប្រតិកម្មថ្នាំ និងសេរ៉ូម ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស.ពបុរសខាងលើ មានឈ្មោះ វ៉ា ចាន់ណាក់ អាយុ៣៧ឆ្នាំ មុខរបរលក់ចង្រឹតបំពង មានប្រពន្ធឈ្មោះ កែវ ផល អាយុ៣៧ឆ្នាំ មុខរបរលក់ចង្រឹតបំពង មានទីលំនៅភូមិតាសិត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិអង្គ។ ដោយឡែក គ្រូពេទ្យ ដែលត្រូវនគរបាលឃាត់ខ្លួនសួរនាំ ឈ្មោះ ជា សុវណ្ណដា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើនោះដែរ ។
ប្រពន្ធបានប្រាប់មន្ត្រីនគរបាលថា ប្តីរបស់គាត់ឈឺជើង និងជង្គង់ ហើយនៅវេលាព្រឹកថ្ងៃកើតហេតុ ក៏បានទៅពិនិត្យ និងពិគ្រោះនៅគ្លីនិក «ជា សុវណ្ណដា» ដែលស្ថិតនៅក្នុងភូមិជាមួយគ្នានោះដែរ ពេលនោះ លោកគ្រូពេទ្យ បានផ្សំថ្នាំឲ្យលេប ប៉ុន្តែក្រោយត្រឡប់ដល់ផ្ទះលេបថ្នាំរួច នៅតែមិនធូរសោះ ទើបគាត់ទៅតាមហៅគ្រូពេទ្យឲ្យមកពិនិត្យដល់ផ្ទះម្ដងទៀត។ ខណៈនោះ គ្រូពេទ្យបានដាក់សេរ៉ូម១ដបតូច រួចហើយបានចាកចេញទៅបាត់ ប៉ុន្តែមុនចាកចេញទៅបានទុកសេរ៉ូម ១ប្លោកធំទៀត នៅនឹងគាត់ដោយគ្រូពេទ្យឈ្មោះជា សុវណ្ណដា នោះបានប្រាប់គាត់ថា «ពេលអស់ដបតូច ចាំដាក់អាធំ បន្តទៀតផង» ។
ស្ត្រីជាប្រពន្ធ បានប្រាប់ឲ្យដឹងបន្តទៀតថា លុះក្រោយអស់សេរ៉ូមដបតូច ប្ដីគាត់មានអាការខ្យោយទៅៗ មិនបានធូរស្បើយ ឬមានកម្លាំងកំហែងបន្តិចសោះ ហើយគាត់ក៏បានដាក់សេរ៉ូមប្លោកធំបន្តទៀត ទៅតាមអ្វី ដែលគ្រូពេទ្យនោះណែនាំ។ លុះក្រោយពេលដាក់ សេរ៉ូមប្លោកទី២ បានបន្តិច ប្ដីគាត់មានអាការកាន់តែមិនស្រួលទៅៗថែមទៀត ទើបគាត់ប្រាប់បងប្អូនឲ្យបានដឹង ហើយក៏នាំគ្នា ដឹកប្ដីតាមរថយន្តផ្ទាល់ខ្លួនយកទៅកាន់គ្លីនិក «មាតាអូរដឹម» ដើម្បីសង្គ្រោះ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ប្ដីគាត់ស្លា.ប់បាត់ទៅហើយ ទើបដឹកស.ពត្រឡប់ទៅកាន់វត្តជម្ពូវ័នវិញ រួចប្តឹងនគរបាលឲ្យជួយអន្តរាគមន៍តែម្ដង។
មន្ត្រីនគរបាលបាននិយាយថា ក្រោយទទួលបានបណ្ដឹងពីស្ត្រីជាប្រពន្ធរបស់បុរសខាងលើនោះហើយ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីតាំងគ្លីនិកគ្លីនិក «ជា សុវណ្ណដា» ហើយបានឃាត់ខ្លួនគ្រូពេទ្យ ជា សុវណ្ណដា នាំទៅសាកសួរ ព្រោះសង្ស័យថា ព្យាបាលបង្កឲ្យមនុស្សស្លា.ប់។ បន្ទាប់មកនគរបាលប៉ុស្តិ៍ ក៏បានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យដើម្បីស្វែងរកមូលហេតុពិតប្រាកដ៕
ចែករំលែកព័តមាននេះ