ខេត្តព្រះសីហនុ ៖ បុរសកម្មករទូកនេសាទ ម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណ២នាក់ល្បួងជិះម៉ូតូដើរកម្សាន្តនៅឆ្នេរអូរឈើទាល ប៉ុន្តែមិនទាន់ទៅដល់គោលដៅផង ត្រូវជន២នាក់នោះឱ្យឈប់ម៉ូតូនៅកន្លែងស្ងាត់មួយ រួចប្លន់យកប្រាក់អស់ចំនួន៣០ម៉ឺនរៀល និងវាយបំបាក់ធ្មេញ១ដែលស្រោបមាស២ហ៊ុនយកទៅបាត់ ។
ហេតុការណ៍ប្លន់នោះកើតឡើងនៅវេលាម៉ោង៦ និង៤៧នាទី ព្រឹកថ្ងៃទី១៦ ឧសភា នៅចំណុចចុងពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ជនរងគ្រោះឈ្មោះអ៊ូច ដុក ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករទូកនេសាទ មានស្រុកកំណើតនៅឃុំទូកមាស ស្រុកទូកមាស ខេត្តកំពត បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នចំណុចរំដួលជើងភ្នំ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។ បុរសនេះឱ្យដឹងថា បន្ទាប់ពីត្រឡប់មកពីនេសាទនៅសមុទ្រវិញនៅវេលាម៉ោងប្រមាណ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ឧសភា គាត់ឡើងពីទូកទៅផឹកស្រានៅតូបលក់គ្រឿងទេសមួយស្ថិតនៅក្បែរកន្លែងចតទូក ។ ពេលនោះឃើញជន២នាក់ ជិះម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌សំបកឪឡឹក មិនចាំស្លាកលេខមកឈប់ក្បែរគាត់ក៏ហៅឱ្យមកផឹកស៊ីជាមួយ ។ បន្ទាប់ពីផឹកអស់ស្រា៧ដប ជនទាំង២នាក់បបួលគាត់ទៅដើរលេងនៅឆ្នេរអូរឈើទាល និងបន្តទៅរកច្រៀងខារ៉ាអូខេទៀត ។
ប្រភពដដែលបន្តថា គាត់ជាកម្មករទូកនៅតែលើសមុទ្រមិនស្គាល់ភូមិសាស្ត្រទេ ចេះតែជិះម៉ូតូជាមួយជន២នាក់នោះរហូតទៅដល់ចុងពយកំពេញ ។ នៅទីនោះជនទាំង២នាក់ឈប់ម៉ូតូរួចគំរាមទារយកលុយគាត់ទាំងអស់ ។ គាត់មិនព្រមប្រគល់ប្រាក់ទៅឱ្យពួកនោះទេ ហើយបានប្រតាយប្រតប់គ្នា តែជនល្មើសមានគ្នា២នាក់គាត់មិនអាចទប់ទល់បានទេ ។ ទីបំផុតគាត់ ត្រូវជន២នាក់នោះដណ្តើមយកប្រាក់ចំនួន៣០ម៉ឺនរៀលជាលុយប្រាក់ខែទើបបើក ថែមទាំងបានចាប់វាយបំបាក់យកធ្មេញលើ១ដើម ដែលស្រោបមាសទម្ងន់២ហ៊ុនទៀតផង ។
បុរសរងគ្រោះបញ្ជាក់ថា បានជាជនទាំងនោះដឹងថា ធ្មេញគាត់ស្រោបមាស គឺពេលកំពុងផឹកស៊ីជាមួយគ្នា គាត់បានអួតប្រាប់ថា គាត់យកមាសទម្ងន់២ហ៊ុនស្រោបធ្មេញ ដើម្បីឱ្យមានស្នេហ៍មុខទៅណាមកណាគេស្រឡាញ់អាណិតច្រើន ។ មិនគួរណាពេលនេះពួកគេគ្មានក្តីអាណិតអាសូរដល់ជីវិតគាត់ជាកម្មករនេសាទ ដែលផ្ញើជីវិតលើផ្ទៃជលសាយ៉ាងដូច្នេះសោះ ។ រឿងរ៉ាវនេះ ជនរងគ្រោះអះអាងថា រូបគាត់មិនប្តឹងសមត្ថកិច្ចទេ ៕
ចែករំលែកព័តមាននេះ