នៅលើទីផ្សារតម្លៃប្រេងឥន្ធនៈ និងអង្ករកំពុងតែបន្តដឹកដៃគ្នាឡើងហើយ ខណៈដែលទំនិញផ្សេងៗត្រូវបានពលរដ្ឋព្រួយបារម្ភថា នឹងអាចឡើងដែរនៅពេលឆាប់ៗខាងមុខ ។ នេះ គឺជាការព្រួយបារម្ភរបស់ពលរដ្ឋ ។ លោក ហេង…
នៅលើទីផ្សារតម្លៃប្រេងឥន្ធនៈ និងអង្ករកំពុងតែបន្តដឹកដៃគ្នាឡើងហើយ ខណៈដែលទំនិញផ្សេងៗត្រូវបានពលរដ្ឋព្រួយបារម្ភថា នឹងអាចឡើងដែរនៅពេលឆាប់ៗខាងមុខ ។ នេះ គឺជាការព្រួយបារម្ភរបស់ពលរដ្ឋ ។

លោក ហេង ទូច ដែលជាអ្នករត់ម៉ូតូឌុបមួយរូបបានឲ្យដឹងថា នៅពេលនេះសាំងឡើងស្រឺតៗនៅក្នុងមួយលីត្រ ដល់ជិត៥០០០រៀលទៀត ហើយខណៈដែលអ្នកលក់បាយក៏រអ៊ូរឿងអង្ករឡើងថ្លៃ ជីវភាពរបស់លោកកំពុងតែពិបាក ។ លោកបានបញ្ជាក់ថា«ជីវភាពឥឡូវពិបាក ។ រត់ម៉ូតូឌុបមួយថ្ងៃៗពេលខ្លះរកលុយសឹងមិនបានសម្រាប់ទិញម្ហូបសម្រាប់ពីរនាក់ប្តីប្រពន្ធ»។ លោក ទូច ដែលមានប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរនោះបានរៀបរាប់ថា នៅពេលនេះ ខាងប្រពន្ធលោកក៏កំពុងតែមានបញ្ហាដោយសារតែរោងចក្រឧស្សាហ៍ព្យួរការងារ ហើយលោកក៏ពិបាករកម៉ូយដែរ ខណៈដែលសាំងក៏ចេះតែឡើង ។

ពាក់ព័ន្ធនឹងស្ថានភាពជីវភាពប្រចាំថ្ងៃ លោកស្រី ទេព ដែលជាស្ត្រីមេផ្ទះមួយរូប បាននិយាយថា នៅពេលនេះត្រីសាច់បន្លែបង្ការ អំបិល ប៊ីចេង ខ្ទឹម ជាដើម ដូចជាមិនទាន់ឡើងថ្លៃគួរអោយកត់សម្គាល់នៅឡើយទេ ។ ប៉ុន្តែប្រសិនបើសាំងចេះតែឡើងថ្លៃជាបន្តបន្ទាប់បែបនេះតម្លៃទំនិញទាំងនេះមិនយូរទេនឹងឡើងតាមសាំងដែរហើយ ។ លោកស្រីបានបន្ថែមថា «ធម្មតា ទំនិញ និងម្ហូបអាហារទាំងនេះសុទ្ធតែត្រូវការសាំងដឹកអ៊ីចឹង តែសាំងវាឡើងមិនយូរទេទំនិញអស់នេះនឹងឡើងតាមសាំងដែរមិនខាន»។

ដោយឡែកស្ត្រីអ្នកលក់បាយមួយរូប ដែលមិនប្រាប់ឈ្មោះបានអោយដឹងថា លោកស្រីឥឡូវនេះកំពុងតែពិបាកលក់ ហើយរបរពិបាកចំណេញ ខណៈដែលអង្ករឥឡូវនេះឡើងមួយបេ (១បាវ ៥០គ.ក)ឡើង២ម៉ឺនរៀលហើយ ។ ស្ត្រីអ្នកលក់បាយរូបនេះបានរអ៊ូថា ឥឡូវពិបាកលក់មែនទែន បើលក់ថ្លៃអាណិតអ្នកទិញ តែបើលក់ថោកយើងវាខាតឡុងចុង ។

ស្ត្រីអាជីវករដដែលបានបញ្ជាក់ថា «ខ្ញុំលក់បាយស្រូបមួយចានតែ៥០០០រៀល ទេ តែកូនសិស្ស ម៉ូតូឌុប កម្មការិនីរោងចក្រជាដើមមកទិញខ្លះត្រឹមតែ២០០០រៀល ខ្លះក៏៣០០០ រៀល ក៏ចេះតែបិចបោចលក់អោយគ្នា ហើយអ្នកខ្លះសុំទឹកស៊ុបទៀត»។ នេះ គឺជាសេចក្តីពិតដែលកំពុងតែកើតមាននៅក្នុងសង្គមជីវភាពជាក់ស្តែងនៅរាជធានីភ្នំពេញ ខណៈដែលពេលនេះសាំងបានឡើងថ្លៃជាបន្តបន្ទាប់ ។

តាមរបាយការណ៍កំណត់ថ្លៃសាំងដែលចេញដោយក្រសួងពាណិជ្ជកម្មពីថ្ងៃទី ២១ ដល់៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ សាំងធម្មតាមួយលីត្រឡើងដល់ ៤៧៥០រៀល ម៉ាស៊ូតឡើងដល់៤៨៥០រៀល ហើយសាំងស៊ុបពែរ គឺឡើងដល់ ៥៤៥០រៀលហើយ ។

ដោយឡែកតាមការព្យាករណ៍សេដ្ឋកិច្ចថ្មីដែលប្រកាសដោយធនាគារអភិវឌ្ឈន៍អាស៊ីកាលពីថ្មីៗនេះបានបង្ហាញសញ្ញានៃការថមថយសេដ្ឋកិច្ចនៅកម្ពុជាដែរ ។ ស្ថាប័នហិរញ្ញវត្ថុតំបន់មួយនេះបានអះអាងថា សេដ្ឋកិច្ចកម្ពុជាដែលពីមុនគេព្យាករថា នឹងមានកំណើន៥,៥ភាគរយនៅពេលនេះការព្យាករថ្មី គឺថយបន្តិចមកនៅត្រឹម៥,៣ ភាគរយ ។

ប្រភពដដែលបានបន្តថា ការនាំចេញសម្លៀកបំពាក់ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ១៨,៦% ក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ប៉ុន្តែសំណាងការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន២២,៩% នៃការនាំចេញផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអតិផរណាត្រូវបានគេព្យាករថានឹងឡើងពី៣ភាគរយទៅ៤ភាគរយនៅឆ្នាំក្រោយ ៕ ដោយៈ ហេង ចេស្តារ

ចែករំលែកព័តមាននេះ