ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា និង​កាណាដា​ឈ្លោះ​គ្នា​បែក​ផ្សែង និង​ត្រៀម​កាត់​បន្ថយ​បុគ្គ​លិក​ស្ថាន​ទូត​​គ្នា​ទៅ​វិញ​ទៅ​មក

1 ឆ្នាំ មុន

ញូដេលី៖ ​រដ្ឋាភិបាល​​ឥណ្ឌា​ថ្លែង​ថា​ខ្លួន​​ចង់​កាត់​បន្ថយ​ចំនួន​​បុគ្គលិក​ស្ថាន​ទូត​កាណាដា​ប្រចាំ​ប្រទេស​ឥណ្ឌា​ និង​សម្រេច​ចិត្ត​ថា​​លែង​​ផ្ដល់​ទិដ្ឋា​ការត​ទៅ​ទៀត​សម្រាប់​កាណាដា​។ ការ​ថ្លែង​ដូច​នេះ​នៅ​ពេល​ប្រទេស​ទាំង​២​កំពុង​តែ​ឈ្លោះ​គ្នា​បែក​ផ្សែង​ពាក់​ព័ន្ធនឹង​ការ​ធ្វើ​ឃាត​​​មេ​និកាយ​ស៊ីក (Sikh)​នៅ​លើ​ទឹក​ដី​កាណាដា និង​ជា​មេ​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទី​ក្រុង​ញូដេលី​។​ នាយក​រដ្ឋមន្ត្រី​កាណាដា​ លោក​ទ្រូដូ ស្នើ​សុំ​ឱ្យ​ប្រទេស​ឥណ្ឌា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​សង្ស័យ​ថា​​ទីភ្នាក់​ងារ​សម្ងាត់​​​ឥណ្ឌា​​នៅ​ពី​ក្រោយ​សំណុំ​រឿង​ធ្វើ​ឃាត​​កាល​ពីខែ​មិថុនា​ក្បែរ​ទី​ក្រុង​វេន​ឃូវើ (Vancouver)។…

ញូដេលី៖ ​រដ្ឋាភិបាល​​ឥណ្ឌា​ថ្លែង​ថា​ខ្លួន​​ចង់​កាត់​បន្ថយ​ចំនួន​​បុគ្គលិក​ស្ថាន​ទូត​កាណាដា​ប្រចាំ​ប្រទេស​ឥណ្ឌា​ និង​សម្រេច​ចិត្ត​ថា​​លែង​​ផ្ដល់​ទិដ្ឋា​ការត​ទៅ​ទៀត​សម្រាប់​កាណាដា​។ ការ​ថ្លែង​ដូច​នេះ​នៅ​ពេល​ប្រទេស​ទាំង​២​កំពុង​តែ​ឈ្លោះ​គ្នា​បែក​ផ្សែង​ពាក់​ព័ន្ធនឹង​ការ​ធ្វើ​ឃាត​​​មេ​និកាយ​ស៊ីក (Sikh)​នៅ​លើ​ទឹក​ដី​កាណាដា និង​ជា​មេ​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទី​ក្រុង​ញូដេលី​។​

នាយក​រដ្ឋមន្ត្រី​កាណាដា​ លោក​ទ្រូដូ ស្នើ​សុំ​ឱ្យ​ប្រទេស​ឥណ្ឌា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​សង្ស័យ​ថា​​ទីភ្នាក់​ងារ​សម្ងាត់​​​ឥណ្ឌា​​នៅ​ពី​ក្រោយ​សំណុំ​រឿង​ធ្វើ​ឃាត​​កាល​ពីខែ​មិថុនា​ក្បែរ​ទី​ក្រុង​វេន​ឃូវើ (Vancouver)។ ​ប្រទេស​ទាំង​២​​បណ្ដេញ​អ្នក​ការ​ទូត​​គ្នា​ទៅ​វិញ​ទៅ​មក​, ខណៈ​ដែល​រដ្ឋាភិ​បាល​ទី​ក្រុង​ញូដេលី​​​ប្រកែក​ដាច់​ខាត​ថា​​ខ្លួន​​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​​នេះ​ទេ​។ រដ្ឋាភិបាល​ឥណ្ឌា​ចាត់​ទុក​ថា​នោះ​ជា​ការ​​ចោទ​ប្រកាន់​​ដែល​​ឥត​សម​ហេតុ​ផល​​។​

តាម​ពិត​ ប្រទេស​ទាំង​២​​មាន​បញ្ហា​រកាំ​រកូស​តាំង​ពី​មុន​នេះទៅ​ទៀត​​។ ​ដល់​ពេល​​ផ្ទុះ​សំណុំ​រឿង​ធ្វើ​ឃាត​​នេះ​ឡើង​​,​ វា​រឹត​តែ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ធ្លាក់​ចុះ​​កាន់​តែ​ខ្លាំង​​។ ​មេ​និកាយ​ស៊ីក និង​ក្រុម​របស់​គាត់​និយាយ​រិះ​គន់​រដ្ឋាភិបាល​ឥណ្ឌា ហើយ​ត្រូវ​រដ្ឋាភិបាល​ឥណ្ឌា​ចាត់​ទុក​ជា​ក្រុ​មភេរវកម្ម និង​ក្រុម​ឃាត​ករ​។ ឥណ្ឌា​​ធ្លាប់​​បាន​ស្នើ​សុំ​ឱ្យ​កាណាដា​ចាត់​ការ​ទៅ​លើ​​ក្រុម​នេះ​ថែម​ទៀត​ផង​។

​​ឥណ្ឌា​​ជូន​ដំណឹង​ទៅ​រដ្ឋា​ភិបាល​កាណាដា​ថា​ប្រទេស​ទាំង​២​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​​បុគ្គលិក​ទូត​មាន​ចំនួន​​ប្រហាក់​ប្រហែល​គ្នា​​។ ឥណ្ឌា​សង្កេត​ឃើញ​ថា​ចំនួន​បុគ្គលិក​ទូត​កាណាដា​​​ច្រើន​ជាង​ឥណ្ឌា​ឆ្ងាយ​ណាស់​។ ដូច្នេះ ត្រូវ​តែ​​កាត់​បន្ថយ​។​ រដ្ឋាភិបាល​ឥណ្ឌា​ថ្លែង​ថា​ខ្លួន​សម្រេច​ចិត្ត​ឈប់​ផ្ដល់​សេវា​ទិដ្ឋា​ការ​នៅ​ប្រទេស​កាណាដា​ត​ទៅ​ទៀត​ហើយ​។ ឥណ្ឌា​បក​ស្រាយ​ថា​បញ្ហា​​នេះ​ដោយ​សារ​​មាន​ការ​គំរាម​កំហែង​ចំពោះ​សន្តិសុខ​​។ ឥណ្ឌា​​ថ្លែង​​​ថា​បញ្ហា​សន្តិសុខ​​ប៉ះ​ពាល់​ការ​បំពេញ​ការ​ងារ​របស់​បុគ្គ​លិក​។

ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​​មុ​ន​នេះ​ប៉ុណ្ណោះ, ​​កាណាដា​ថ្លែង​ថា​ខ្លួន​នឹង​បញ្ចុះ​​ចំនួន​បុគ្គលិក​ទូត​របស់​ខ្លួន​នៅ​ឥណ្ឌាបន្ទាប់​ពី​​​ពួក​គេ​​រង​ការ​​មាក់​ងាយ​​​ពី​សំណាក់​​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​ឥណ្ឌា​។​ ដោយ​យោង​ទៅ​លើ​ស្ថាន​ភាព​បច្ចុប្បន្ន​ដែល​មាន​ភាព​តាន​តឹង​​កាន់​តែ​ខ្លាំង​​, យើង​ត្រូវ​​តែ​​​​ធានា​សុវត្ថិ​ភាព​សម្រាប់​បុគ្គ​លិក​ទូត​របស់​យើង​។ ខាង​លើ​នេះ​ជា​​ការ​ជូន​ដំណឹង​​របស់​កាណាដា​។

កាណាដា​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​​ថា​​​នឹង​​ដក​បុគ្គលិក​ទូត​ប៉ុន្មាន​​នាក់​​ចេញ​ពី​ប្រទេស​ឥណ្ឌា​ទេ​។​ ប៉ុន្តែ​ការិយាល័យ​ទំនាក់​ទំនង​របស់​ខ្លួន​នៅ​តែ​បើក​ដំណើរ​ជា​ធម្ម​តា​។ ​​កាណាដា​​ចង់​ធានា​សុវត្ថិ​ភាព​ជូន​បុគ្គលិកទូត​របស់​ខ្លួន​ទាំង​អស់​។ យើង​​រំពឹង​​ថា​ឥណ្ឌា​នឹង​​ធានា​សន្តិសុខ​​ជូន​​បុគ្គលិក​ទូត​​​​ និង​មន្ត្រី​កុងស៊ុល​របស់​យើង​ ​ដូច​អ្វី​ដែល​យើង​​ផ្ដល់​ជូន​ពួក​គេ​នៅ​ប្រទេស​​កាណាដា​។​​

សូម​រម្លឹក​ថា​កាល​ពី​ថ្ងៃ​ចន្ទ​ កាណាដា​បណ្ដញ​អ្នក​ការ​ទូត​ម្នាក់​របស់​ឥណ្ឌា​ដែល​សង្ស័យ​ថា​ជា​ប្រធាន​​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​ឥណ្ឌា​ប្រចាំ​កាណាដា​។ មិន​យូរ​ប៉ុន្មាន ឥណ្ឌា​ក៏​បណ្ដេញ​បុគ្គលិក​ទូត​កាណាដា​​ម្នាក់​ដើម្បី​ជា​ការ​សង​សឹក​។ ​​ក្រោយ​មក​​ ឥណ្ឌា​​អំពាវ​នាវ​ឱ្យ​ជន​ជាតិ​របស់​ខ្លួន រួម​ទាំង​សិស្ស-និស្សិត​ដែល​កំពុង​ស្ថិត​នៅ​លើ​ទឹក​ដី​​កាណាដា​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ព្រោះ​អាច​នឹង​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​អំពើ​ហិង្សា​​​នយោបាយ​។​ កាណាដា​ក៏​សម្រេច​ចិត្ត​​​ផ្អាក​ការ​ផ្ដល់​​​ទិដ្ឋា​ការ​តែ​ម្ដង។​

​គួរ​កត់​សម្គាល់​ថា​មេ​និកាយ​ស៊ីក​ឈ្មោះ​នីហ្សា (Nijjar) ​ត្រូវ​ជន​ដៃ​ដល់​២​នាក់​ដែល​ឃ្លុំ​មុខ​ជិត​​ពាក់​ម៉ាស់​ជិត​មុខ​បាញ់​សម្លាប់​នៅ​ខាង​​ក្បែរ​​​វត្តអារាម១​កន្លែង​​នៃ​ប្រទេស​កាណាដា​។ គាត់​ជា​មនុស្ស​ដែល​រដ្ឋាភិបាល​​ឥណ្ឌា​ចង់​ចាប់​ខ្លួន​បំផុត​ដោយ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម​ និង​​​​រៀប​គម្រោង​ធ្វើ​ឃាត​។ រដ្ឋាភិបាល​ឥណ្ឌា​ចោទ​ប្រកាន់​ថា​កាណាដា​ធ្វើ​ព្រងើយ​​ៗ​ចំពោះ​ការ​ស្នើ​សុំ​របស់​ខ្លួន​ដើម្បី​ចាត់​ការ​ក្រុម​នេះ​ដែល​ឥណ្ឌា​ចាត់​ទុក​ជា​ក្រុម​ជ្រុល​និយម​។ ពួក​គេ​គាំទ្រ​ការ​បំបែក​ទឹក​ដី​របស់​ឥណ្ឌា​នៅ​ភាគ​ខាង​ជើង៕​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/world/india-reduction-canada-diplomats-row-sikh-murder-visa-services-3788731

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ