ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ជប៉ុន បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទេសចរណ៍ ជំរុញ​លំហូរ​ភ្ញៀវ​ឲ្យ​កាន់តែ​កើន​ឡើងជា​លំដាប់

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម សុខ សូ​កេ​ន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម សុខ សូ​កេ​ន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​ពី​កាលានុវត្តភាព និង​សក្តានុពល​នានា សម្រាប់​បន្ត​ពង្រឹង និង​ពង្រីក នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រឹង​មាំ ជា​ពិសេស ជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​កម្ពុជា​-​ជប៉ុន​ឲ្យ​កាន់តែ​មានការ​កើន​ឡើងជា​លំដាប់ ។

នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​នា​ពេល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ជូន​ដល់ ឯកឧត្តម​ឯកអគ្គរាជទូត ក៏​ដូច​ជា​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ចាប់តាំងពី​សម័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បន្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ដ៏​រឹង​មាំ​មួយ​នេះ បាន​សរ​បញ្ជាក់​ពី​ភាព​ស័​ក្កិ​សម​សម្រាប់ ឋានៈភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ ហើយ​ឆ្នាំ​នេះ ក៏​ជា​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ផង​ដែរ ។

ឯកឧត្តម ឯកអគ្គរាជទូត បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​ត្រូវ​បាន​តែងតាំង​ជា រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្នុង​នីតិកាល​ទី​៧​នេះ និង​បាន​កោតសរសើរ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​ជា​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​ប្រកបដោយ​ឆ​ន្ទះ​ម្ចាស់​ការ និង​ទស្សនវិស័យ​វែង​ឆ្ងាយ ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត ។

មុន​នឹង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម ឯកអគ្គរាជទូត ក៏​បាន​ឯកភាព​គ្នា លើ​គំនិត​ផ្តួចផ្តើម ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ឡើង​វិញ រវាង​កម្ពុជា​-​ជប៉ុន ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways ដើម្បី​ជំរុញ​ចំនួន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​មានការ​កើនឡើង​បន្ថែម​ទៀត​។

ជា​ចុង​ក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរាជទូត បាន​សម្តែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ទេសចរណ៍​បន្ថែម​ទៀត តាម​រយៈ​ការ​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​សេដ្ឋកិច្ច ការ​កសាង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ឲ្យ​កាន់តែ​រឹង​មាំ និង​បង្កើន​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​សម្រាប់​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ