រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី២០ កញ្ញា ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់ប្រតិភូ កីទ្បាករអត្តពលិក ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិនយ័ សាមគ្គីភាព និងចេះជួយយកអាសារគ្នា ហើយប្រការសំខាន់បំផុតនោះ ត្រូវគោរពនូវលក្ខខណ្ឌក្នុងការប្រកួត ដើម្បីដណ្តើមជយ័ជំនះ និងកិត្តិយសជូនជាតិមាតុភូមិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ដែលកន្លងមកសម្តេចតេជោ មិនដែលអាក់ខានក្នុងការជូនដំណើរ និងលើកទឹកចិត្តប្រតិភូកីទ្បាកម្ពុជា នោះទេ ។
ផ្តើមពីនោះ សម្តេចធិបតី បានបញ្ជាក់ថា ជំនួបបែបនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ និងកីឡាការិនី រហូតក្លាយជាប្រពៃណី និងទម្លាប់ ដែលត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយសម្តេចតេជោ និងបានបន្តដល់បច្ចុប្បន្ន ហើយក៏នឹងត្រូវបន្តអនុវត្តទៅមុខទៀតផងដែរ ព្រោះថា កីឡាករ និងកីឡាការិនីគ្រប់រូប ដែលចេញទៅប្រកួត គឺប្រកួតដើម្បីជាតិ និងមាតុភូមិរបស់យើង ។
សម្តេចធិបតី ក៏បានលើកឡើងផងដែរពីសមិទ្ធផល នៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រកបដោយមោទកភាពជាតិ ហើយកិត្តិស័ព្ទជាតិ ក៏ត្រូវបានលើកតម្កើងខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ។
សម្តេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតនូវប្រវត្តិសាស្ត្រថ្មី សម្រាប់វិស័យកីឡានៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលកីឡាករ កីឡាការិនីប្រកបដោយថាមភាព និងស្មារតីកីឡា ដើម្បីប្រកួតប្រជែងយកជ័យជម្នះជូនជាតិមាតុភូមិ ។
សម្តេចធិបតីលើកទ្បើងថា កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រ ដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ៗរូប ។ ប៉ុន្តែអ្វី ដែលកាន់តែពិសេសសម្រាប់កម្ពុជា និងជាមោទនកភាពជាតិនោះ គឺភាពរួសរាយរាក់ទាក់ និងអំពើល្អរបស់កម្ពុជា ខណក្រុមកីឡាករ និងកីឡាការិនី អ្នកគាំទ្រ និងប្រជាជនកម្ពុជា ចំពោះគ្រប់គណៈប្រតិភូកីឡាបរទេសទាំងអស់ បានបង្កើតឱ្យមានការចងចាំដ៏ល្អអំពីកម្ពុជា ។
សម្តេចធិបតី ក៏បានសម្តែងនូវការថ្លែងអំណរគុណដល់គ្រូបង្វឹក ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានត្រៀមលក្ខណៈ និងរៀបចំគ្រប់បែបយ៉ាង ក្នុងការដឹកនាំកីឡាករ និងកីឡាការិនីរបស់យើង ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខនេះ ។
សម្តេចធិបតី ក៏បានជូនពរ និងប្រសិទ្ធពរ ដល់បងប្អូនកីឡាករ និងកីឡាការិនីទាំងអស់ ឱ្យទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសសម្រាប់ជាតិ និងមាតុភូមិ ។
សម្តេចធិបតី ថែមទាំងបានផ្តាំផ្ញើដល់កីឡាករ និងកីឡាការិនីទាំងអស់ ឲ្យបន្តហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានល្អ ហើយត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងជាមិត្តល្អ ដើម្បីបង្កើតនូវការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុទ្ធសឹងតែជាអង្គទូតតំណាងឱ្យកម្ពុជា។ ត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុសពីបទវិន័យកីឡា។ ទន្ទឹមនោះត្រូវរក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ឱ្យដូចជាសុភាសិត «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ និងបន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនានា ក្រោមគោលការណ៍ “ឈ្នះ គឺជាការបង្កើនមិត្តច្រើន និងឈរលើក្រសិលធម៌ល្អ” ៕





ចែករំលែកព័តមាននេះ