ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ នៅ​តែ​គាំទ្រ និង​បន្ដ​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ ពិសេស​បោសសម្អាត​មីន និង​មនុស្សធម៌

7 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​បញ្ជាក់ថា ចក្រភព​អង់គ្លេស​នៅ​តែ​គាំទ្រ…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​បញ្ជាក់ថា ចក្រភព​អង់គ្លេស​នៅ​តែ​គាំទ្រ និង​បន្ដ​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​សកម្មភាព​បោសសម្អាត​មីន និង​មនុស្សធម៌ ​។

ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​បញ្ជាក់​បែប​នេះ ខណៈ​ឯកឧត្តមទទួល​ជួប​ពិភាក្សាការងារ​ជាមួយ​ឯកឧត្តម Domi nic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ស្តី​ពី​ភាព​ជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ​សកម្មភាព​មីន ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣​ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​លើ​គ្រប់​វិស័យ ដូច​ជា​ពាណិជ្ជកម្ម កិច្ចការបរទេស បរិស្ថាន អប់រំ និង​សុខភាព ជាដើម ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់ចក្រភព​អង់គ្លេស ចំពោះ​ការ​គាំទ្រ និង​ការ​ផ្តល់​ជំនួយ​ដ៏​មាន​តម្លៃ​សម្រាប់​កម្ពុជា ក្នុង​នោះ​រួម​ទាំង​វិស័យសកម្មភាព​បោស សម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​ ផង​ដែរ ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បន្ដ​ថា ចក្រភព​អង់គ្លេស បាន​ចូលរួម​ជូ​យ​ដល់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៨ ដែល​រហូត​មក​ដល់​ពេល​នេះ ផ្ទៃដី​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​ប្រមាណ​ជាង ១៦០គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​បោសសម្អាត​រួច ព្រមទាំង​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​មីន​ចំនួន ៦៧.៥៩០​គ្រាប់ និង​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ​ដទៃទៀត​ចំនួន​៤៧.៧៨៨​គ្រាប់ ​។

ក្នុង​នាមរាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្តមបាន​ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និង​ប្រជាជន នៃ​ចក្រភព​អង់គ្លេស ចំពោះ​ការ​គាំទ្រ​នេះ និង​ការ​តាំងចិត្ត​បន្ត ចូលរួម​ជួយ​ដល់​កម្ពុជា ​ស្រប​តាម​ផែនការ​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ ហើយ​កម្ពុជា​នៅតែ​ត្រូវការ​ជា​ចាំបាច់​ចំពោះ​ការ​ចូលរួម​ពី​ចក្រភព​អង់គ្លេស និង​បណ្តា​ដៃគូ​ដទៃ​ទៀត ក្នុង​ការ ដោះស្រាយ​ហានិភ័យ​ ដែល​នៅ​សេសសល់​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​២០២៥​ ។

ឯកឧត្តម Dominic Williams បាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​នៅ​តែ​គាំទ្រ​រាល់ សកម្មភាព​ដំណើរការ​ទៅ​មុខ ចំពោះ​ផែនការ​សម្អាត​មីន គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។ កន្លង​មកយើង​បាន​ផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​ចូលរួម​របស់​ចក្រភព​អង់គ្លេស សម្រាប់​វិស័យ​សកម្មភាព​មីន​ មនុស្សធម៌​នៅ​កម្ពុជា ​។

ឯកឧត្តម​បាន​បន្ដ​ថា ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​របស់​ចក្រភព​អង់គ្លេស​ក្នុង​គោលដៅ កម្ពុជា គ្មាន​មីន​ឆ្នាំ​២០២៥ អង់គ្លេស បាន​រៀបចំ​ផែនការ និង​ត្រៀម​កញ្ចប់​ថវិកា រួចរាល់ហើយ​សម្រាប់​ផែនការ​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥ ក្នុង​កិច្ច​ប្រតិបត្តិការ​សកម្មភាព​មីន ដោយ​បានដាក់​បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​របស់​អង្គការ​ដោះ​មីន​ HALO Trust និង MAG នៅ​តែ​រង់ចាំការ​អនុម័ត​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ