ខេត្តព្រៃវែង ៖ នារីរងគ្រោះម្នាក់ ត្រូវបានជនសង្ស័យម្នាក់ លបឡើងទៅបំណងចាប់រំលោ.ភដល់លើផ្ទះ ប៉ុន្តែចាប់មិនបានសម្រេច ដោយសារនាងដឹងខ្លួនទាន់ហើយប្រតាយប្រតប់ ក៏ត្រូវជនសង្ស័យប្រើដែកស្រួចចាក់នាង បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ករណីប៉ុនប៉ងរំលោ.ភតែមិនបានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង០២និង០៧នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្ទះនារីរងគ្រោះ ដែលស្ថិតក្នុងភូមិត្រពាំងឈូក ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ។
នារីរងគ្រោះមានឈ្មោះ ម.យ អាយុ៣៧ឆ្នាំ រស់នៅតែម្នាក់ឯង។ ចំណែកជនល្មើសមានឈ្មោះ សុំ ស៊ីន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃគី ឃុំព្រៃគី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តែបានមកធ្វើការ និងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងភូមិកើតហេតុ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នារីរងគ្រោះមានប្តី តែគ្មានកូនចៅទេ ហើយប្តីរបស់នាង បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ទុកអោយនាង រស់នៅផ្ទះ តែម្នាក់ឯង ។
ចំណែកជនសង្ស័យ បានមកស្នាក់នៅក្នុងភូមិ ហើយឃើញនារីរងគ្រោះនៅតែម្នាក់ឯង ក៏៏លបលួចឡើងទៅលើផ្ទះនារីរងគ្រោះ នៅវេលាម៉ោង២ទាបភ្លឺ ប៉ុនប៉ងចាប់រំលោ.ភ តែពេលឡើងដល់លើផ្ទះនារីរងគ្រោះបានដឹង ក៏ប្រតាយប្រតប់គ្នា ហើយជនសង្ស័យបានប្រើដែកចុងស្រួច ចាក់ទៅលើនារីរងគ្រោះ ត្រូវចំនួន០៥កន្លែង បណ្តាលអោយរងរបួសធ្ងន់ ។
ក្រោយត្រូវជនសង្ស័យចាក់អោយរបួស នារីរងគ្រោះបានព្យាយាមស្រែកហៅអ្នកជិតខាង អោយមកជួយ ធ្វើអោយជនសង្ស័យភ័យខ្លាច ក៏លោតចុះពីលើផ្ទះ រត់គេចខ្លួនបាត់ទៅ ហើយនារីរងគ្រោះ ក៏ត្រូវបានអ្នកជិតខាង ដឹកយកទៅព្យាបាលនៅក្នុងគ្លីនិកឯកជនមួយកន្លែង នៅស្រុកស្វាយអន្ទរ និងបានប្តឹងទៅសមត្ថកិច្ចអោយជួយអន្តរាគម តាមចាប់ជនសង្ស័យភ្លាមៗផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ជនសង្ស័យ។ រីឯ នារីរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិកឯកជន នៅឃុំជ្រៃ ស្រុកស្វាយអន្ទរ ៕


ចែករំលែកព័តមាននេះ