នាយករដ្ឋមន្ត្រីកម្ពុជាថ្មីវ័យក្មេងបានដឹកនាំគណប្រតិភូចាកចេញពីកម្ពុជាឆ្ពោះទៅ ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែកញ្ញា ដើម្បីចូលរួមថ្លែង ទៅកាន់មហាសន្និបាតនៃអង្គការសហប្រជាជាតិ ។ តើមូលហេតុអ្វីបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវធ្វើដំណើរទៅចូលរួមថ្លែងទៅកាន់មហាសន្និបាតនៃអង្គការសហប្រជាជាតិ?

នៅមុនចេញដំណើរទៅកាន់បុរីញ៉ូវយ៉កនេះដែរ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេច នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងឡើងថ្លែងសុន្ទរកថាដែលមានខ្លឹមសារផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបីរួមមាន: បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព ។
ក្រៅពីនោះ សម្តេចធិបតីក៏នឹងមានជំនួបជាមួយឥស្សរជនមួយចំនួនរួមមាន លោក អានតូនីញ៉ូ ហ្គោតារស អគ្គលេខាធិការ អង្គការសហប្រជាជាតិ ព្រមទាំង លោកស្រី វិចតូរៀ នូឡេន ( Victoria Nuland ) អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកស្តីទី, រដ្ឋមន្ត្រីការបរទេសឥណ្ឌា, លោកសាស្ត្រាចារ្យនាយកមជ្ឈមណ្ឌលកិច្ចការអភិវឌ្ឍន៍ប្រកបដោយចេរភាពនៃសាកលវិទ្យាល័លកូឡំបៀជាដើម ។
នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ គេជឿថា សម្តេចធិបតី ក៏ដូចជា មេដឹកនាំពិភពលោកឯទៀតនឹងឡើងថ្លែងអំពីរបៀបប្រឈមមុខនឹងវិបត្តិសកលលោក និងស្វែងរកយុទ្ធសាស្ត្រ ដើម្បីពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយចំណុចដែលលោកនឹងមិនអាចបំភ្លេចបាននោះ គឺការបកស្រាយនូវគោលនយោបាយចតុកោណដំណាក់កាលទី១ ដែលជាគោលនយោបាយជាតិ និងគោលនយោបាយការបរទេសកម្ពុជាប្រាប់អង្គការសហប្រជាជាតិ ។

ប្រសិនបើសួរថា តើគោលនយោបាយការរបទេសកម្ពុជាដែលសម្តេចធិបតីនឹង លើកបង្ហាញជាអ្វីនោះ ចម្លើយ គឺជាគោលនយោបាយដែលជាកេរ្តិ៍ដំណែលដែលបន្តមករបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះមកដល់ពេលនេះទាំងខ្លួនលោកផ្ទាល់ក៏បានលើកឡើងពីចំណុចនេះជាច្រើនដងរួចមកហើយ នៅតាមវេទិកាសាធារណៈនានាកន្លងមក ។ ដូចដែលយើងដឹងរួចមកហើយថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចកាលពីពេលថ្មីៗនេះបានកំណត់ផែនការគោលនយោបាយការបរទេសដែលអាចបត់បែនបាន ។
សម្តេចធិបតីនឹងទំនងជានឹងបញ្ជាក់ជាថ្មីថា គោលនយោបាយឆ្នាំ២០២៣-២០២៨ ដោយបង្ហាញនូវគោលនយោបាយពហុភាគីនិយម ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់មត់នូវសន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម ក៏ដូចជាពង្រឹងចំណងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងភាពជាដៃគូ ដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានាឱ្យបានកាន់តែល្អប្រសើរ ព្រមទាំង ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរក កសាងទំនាក់ទំនងល្អជាមួយមិត្តថ្មីនៅចន្លោះសំពាធនៃការប្រកួតប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិន ។

អ្នកវិភាគបានលើកឡើងថា នេះ គឺជាច្រកនយោបាយការរបទេសដ៏មាននិរន្តរភាពរបស់កម្ពុជានៅក្នុងរបត់ដែលពិភពលោកស្ថិតក្រោមឥទ្ធិពលនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ស្របពេលដែលសហរដ្ឋអាមេរិកមានគោលបំណងរក្សាឥទ្ធិពលសកលដ៏ខ្លាំងក្លារបស់ខ្លួន ខណៈចិនស្វែងរកតួនាទីលេចធ្លោជាងក្នុងកិច្ចការអន្តរជាតិ និងនៅក្នុងបរិបទនៃសង្គ្រាមនៅអ៊ុយក្រែនដែលកំពុងតែបង្កវិនាសកម្ម និងផលប៉ះពាល់ជុំវិញពិភពលោក ។

ដោយឡែកនៅពេលជួបជាមួយនឹងសហគមន៍ខ្មែរស់នៅទីនោះ គឺដើម្បីបង្ហាញភាពរាក់ទាក់ការស្រឡាញ់ និងសាមគ្គីភាព នៅក្នុងនាមជាខ្មែរជាមួយនឹងបងប្អូនខ្មែរ ហើយមានវេទិកាពិភាក្សាចែករំលែកអំពីបទពិសោធន៍ និងបង្ហាញសមិទ្ធិផលនៅក្នុងប្រទេស ។ ប៉ុន្តែនៅក្នុងជំនួបជាមួយធុរកិច្ចអាមេរិក គឺសម្តេចធិបតីនឹងព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ នៅក្នុងជំនួបជាមួយនឹងក្រុមមន្ត្រីអាមេរិ សម្តេចធិបតីនឹងបញ្ជាក់អំពីគោលជំហរការបរទេស ។
សរុបមកវិញ ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់បុរីញូវយ៉កនៅសប្តាហ៍នេះ គឺដើម្បីបញ្ជាក់អំពីតួនាទីកម្ពុជា និងការត្រៀមលក្ខណៈចូលរួមនៅក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ និងពិភពលោកសំដៅរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមកម្ពុជា ។

មេដឹកនាំកម្ពុជាអាចនឹងបង្ហាញពីការប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ឧក្រិ.ដ្ឋកម្មឆ្លងដែន ភេរវកម្ម និងជំងឺឆ្លង។ កម្ពុជាអាចនឹងនិយាយអំពីបញ្ហានៃការបន្តគាំទ្រការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមអង្គការសហប្រជាជាតិ និងគោលបំណងដើរតួនាទីក្នុងការសម្រុះសម្រួលជំរុញការសន្ទនាជាមធ្យោបាយដោះស្រាយជម្លោះនយោបាយផ្សេងៗ ។
ដូច្នេះទស្សនកិច្ចនេះនឹងជួយដល់កម្ពុជា ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ ហើយបង្កើតមិត្តអោយបានច្រើននៅក្នុងពិភពលោកមួយដែលកាន់តែមានការពាក់ព័ន្ធគ្នា ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ