ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​អចលនទ្រព្យ​ចិន​ដ៏​ធំ​មួយទៀត ដាក់​ពាក្យសុំ​ការពារ​ក្ស័យធន​នៅ​អាមេរិក

1 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​គេ​មួយទៀត របស់​ប្រទេស​ចិន Sunac បាន​

ប្រទេស​ចិន ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​គេ​មួយទៀត របស់​ប្រទេស​ចិន Sunac បាន​ដាក់​ពាក្យ​ការពារ​ក្ស័យធន នៅ​សហរដ្ឋអាមេរិក​ភ្លាម​ៗ បន្ទាប់​ពី​បាន​ទទួល​ការ​យល់ព្រម​ពី​ម្ចាស់បំណុល​ខ្លួន ដើម្បី​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល ដែល​មាន​តម្លៃ​ជិត​១០​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​នេះ បាន​ដាក់​ញត្តិ​ការពារ​ជំពូក​ទី​១៥ ទៅ​កាន់​តុលាការ​ក្ស័យធន​របស់​អា​មេ​រិ​ក សម្រាប់​សង្កាត់​ភាគ​ខាងត្បូង នៃ​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

តាម​រយៈ​ការ​ដាក់​ពាក្យ​នេះ មាន​ន័យ​ថា Sunac គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន ដែល​ជួប​វិបត្តិ​ធំ​ទី​២ បន្ទាប់​ពី Evergrande Group ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​បំផុត​មួយ​របស់​ចិន ដែល​បាន​ដាក់​ពាក្យ​ការពារ​ក្ស័យធន​ជំពូក​ទី​១៥ នៅ​អា​មេ​រិ​ក កាលពី​មួយ​ខែ​មុន ក្រោយ​ប្រកាស​ពី​ការ​ខាតបង់​ចំនួន ៨១​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ក្រុមហ៊ុន​ដែល​ធ្លាប់​ជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​លក់ដាច់​បំផុត​របស់​ចិន​មួយ​នេះ បាន​ជំពាក់​បំណុល​ច្រើន​ជាង ៣០០​ពាន់​លាន​ដុល្លារ​ឯណោះ​។

ការ​ចូល​ក្នុង​ដំណើរការ​នេះ តុលាការ​ក្ស័យធន​អា​មេ​រិ​ក អាច​ជួយ​ក្រុមហ៊ុន Sunac ចរចា​ជាមួយ​អ្នក​ផ្តល់​ប្រាក់​កម្ចី​បរទេស ដើម្បី​ជួសជុល​បំណុល​របស់​ខ្លួន​។ កាលពីដើម​ស​ប្តា​ហ៍​នេះ ក្រុមហ៊ុន​បាន​បញ្ជាក់​ក្នុង​ឯកសារ​ផ្សារ​ហ៊ុន​ហុងកុង​ថា ខ្លួន​បាន​ទទួល​ការ​យល់ព្រម​ពី​ម្ចាស់បំណុល​ជាង ២,០០០ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​នូវ​បំណុល​ចំនួន ៩.៩​ពាន់​លាន​ដុល្លារ ក៏​ដូច​ជា​ការ​ទូទាត់​ការ​ប្រាក់ ដែល​ជំពាក់​អ្នក​វិនិយោគ​នៅ​ក្រៅប្រទេស​។ Sunac គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​ជាងគេ​ទី​១០ របស់​ចិន នៅ​ក្នុង​ខែសីហា ដោយ​ការ​ចុះ​កិច្ចសន្យាលក់​។ ប៉ុន្តែ​មុន​ជួប​បញ្ហា​នៅ​ឆ្នាំ ២០២២ ក្រុមហ៊ុន​នេះ គឺ​ឈរ​នៅ​លំដាប់​ទី​៣​របស់​ចិន​។

លោកស្រី Sandra Chow សហ​ប្រធាន​ស្រាវជ្រាវ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ CreditSights ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឥណទាន​បាន​លើក​ឡើង​ថា Sunac គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​ដំបូង​របស់​ចិន ដែល​ឈ្នះ​ការ​យល់ព្រម​បែប​នេះ​។ លោកស្រី​បាន​ប្រាប់​សារព័ត៌មាន CNN ថា កិច្ចព្រមព្រៀង​ស្រ​ដៀង​គ្នា​នេះ ធ្លាប់​ត្រូវ​បាន​សម្រេច​ដោយ​អ្នក​អភិវឌ្ឍន៍​តូច​ៗ ដែល​ពាក់ព័ន្ធ​នឹង​ចំនួន​ទឹកប្រាក់​តិច​ជាង​នេះ​។

លោកស្រី​បន្ត​ថា Evergrande Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ធំ​របស់​ចិន ក៏​កំពុង​ស្វែងរក​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​នៅ​ឯនាយ​សមុទ្រ​របស់​ខ្លួន​ឡើង​វិញ​ផង​ដែរ បើ​ទោះបីជា​វា​មានសំណាង​តិច​ជាង​ក្នុង​ការ​ឈ្នះ​ម្ចាស់បំណុល​នៅ​ក្រៅប្រទេស ដោយសារ​តែ​វា​បាន​ផ្តល់​នូវ​លក្ខខណ្ឌ​អំណោយផល​តិច​ជាង​។

ដូច​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ចិន​ជា​ច្រើន​ផ្សេង​ទៀត​ដែរ Sunac បាន​នឹង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សាច់ប្រាក់​កាន់តែ​អាក្រក់​ទៅ​ៗ ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​នៅ​ទូ​ទាំង​ឧស្សាហកម្ម​នេះ និង​បាន​ធ្វើ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ជា​ច្រើន​មិន​អាច​សងបំណុល​របស់​ពួក​គេ​។ បំណុល​សរុប​របស់ Sunac ឈាន​ដល់ ១៣៧.៦​ពាន់​លាន​ដុល្លារ កាលពី​ចុងឆ្នាំ​មុន ដូច​គ្នា​នឹង​ការ​លក់​បាន​ធ្លាក់​ចុះ ៥០% នៅ​ក្នុង​ឆ្នាំ ២០២២ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន​៕ (​ប្រភព​ពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ