វាជាដំណឹងល្អមួយនៅពេលដែលបានដំណឹងថា ចិនបានអនុញ្ញាតអោយមានការនាំចូលផ្លែដូងកម្ពុជាទៅកាន់ទីផ្សារចិន ។ ឱកាសនៃការនាំចេញផ្លែដូងទៅកាន់ប្រទេសចិននឹងអាចឈានដល់ខ្ទង់ពាន់លានដុល្លារ បើសិនជាយើងប្រឹងអោយអស់សមត្ថភាពទៅលើទាំងបរិមាណ និងគុណភាពផ្លែដូងសម្រាប់ការនាំចេញ ។

ទីផ្សារដ៏ធំសម្បើមសម្រាប់ផ្លែដូងអាចឆ្លុះបញ្ចាំងឃើញ ជាក់ស្តែងតាមរយៈការនាំចេញដូងវៀតណាមទៅកាន់ប្រទេសចិន ។ តាមសារព័ត៌មានវៀតណាមបានអោយដឹងថា ប្រទេសកុម្មុយនិស្តនេះបាននាំដូងតម្លៃរហូតដល់ប្រមាណ៩០០លានដុល្លារក្នុងមួយឆ្នាំចូលទៅក្នុងទីផ្សាររបស់ចិន ។

ប្រទេសចិនបានអនុញ្ញាតឲ្យបើកទីផ្សារដល់កម្ពុជាក្នុងការនាំ ផលិតផលដូងស្រស់ទទួលដោយស្តង់ដាអនាម័យ និងភូគាមអនាម័យ រួច ដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសខ្លួន ។ ការអនុញ្ញាតនេះតាមរយៈក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយ ចិនបានចុះហត្ថលេខា លើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១៥ កញ្ញាកន្លងទៅ ។
បើតាមការគូសបញ្ជាក់ពីកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះបានឲ្យដឹងថា នៅពេលសម្រេចបានពិធីសារ នេះ ហើយកម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួក គាត់ ដាំដុះផ្លែដូងស្រប ទៅតាមស្តង់ដា អនាម័យ និងភូតគាម អនាម័យ កំណត់ដោយរដ្ឋបាលគយចិន ។

អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា ទន្ទឹមគ្នានេះដែរ អគ្គនាយកដ្ឋាន កសិកម្មនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបាន ចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូងសហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ដែលមានបំណងផលិត និង កែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិនសូមរួសរាន់ដាក់ ពាក្យស្នើសុចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន ។ សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃមានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ ម៉ឺន៧ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន១ម៉ឺន៤ពាន់ហិ កតា ។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប២៤ម៉ឺន៨ពាន់តោន ។

ដោយសារតែកម្ពុជា គឺជាមិត្តដែកថែបរបស់ចិន និងមានសហប្រតិបត្តិការត្បូងពេជ្រនោះចិនអាចមានចិត្តជួយកម្ពុជាតាមរយៈការនាំចូលដូងនិងផលិតផលផ្សេងទៀត ។ ដូច្នេះ ប្រសិនបើកម្ពុជាអាចផលិតដូងប្រកបដោយគុណភាព និងបរិមាណតាមតម្រូវការនោះសុបិនដ៏ មហិមានៃការនាំចេញដូងតម្លៃដល់ខ្ទង់ពាន់លានដុល្លារនោះវានឹងអាចសម្រេចបាន។ ដូច្នេះ កម្ពុជាត្រូវតែចាប់យកឱកាសមាសមួយនេះដើម្បីបង្កើនការនាំចេញ បង្កើនការ ដាំដុះដូង អោយមានគុណភាពនិង បរិមាណតាមតម្រូវការ។ ជាលទ្ឋផល កសិករកម្ពុជានឹងអាចរកលុយ បានច្រើនចេញពីការដាំដូងសម្រាប់ការនាំចេញ។ ចំណែករដ្ឋាភិបាលតាមរយះ ក្រសួង កសិកម្មត្រូវតែជួយដល់កសិករក្នុងការដាំដុះ ការនាំចេញ និង ការរក្សាតម្លៃទីផ្សារ ដើម្បី ប្រែក្លាយ ការដាំដូងទៅជាឱកាសបង្កើតលុយដ៏សំខាន់មួយសម្រាប់កសិករកម្ពុជា។
ដូងគឺជាដំណាំដ៏មានសក្តានុពលនៅកម្ពុជា ហើយមកដល់ពេលនេះដំណាំនេះក៏កំពុងដាំដុះ យ៉ាងផុលផុសផងដែរ ដោយមានទាំងដូងពូជដែលមានស្រាប់នៅក្នុងប្រទេស និងពូជថ្មីៗ ។ ប៉ុន្តែទោះបីជាយ៉ាណាក៏ដោយ ដំណាំដូងកម្ពុជាមានទីផ្សារតែនៅក្នុងស្រុកប៉ុណ្ណោះ ខណៈ ដែល ប្រទេសជិតខាងដូចជាវៀតណាមជាដើម គឺនាំចេញបានតម្លៃរហូតដល់ទៅ៩០០ លានដុល្លារ ។ ដំណាំដូងត្រូវបានដាំជាប្រពៃណីនៅភាគនិរតីនៃប្រទេសដោយដូងភាគច្រើននៅកម្ពុជាមកពីខេត្តកំពត កែប តាកែវ ព្រះសីហនុ កោះកុង និងកំពង់ស្ពឺ ហើយជាទូទៅដូងដែលដាំដុះនៅខេត្តនេះមានរស់ជាតិផ្អែកស្រទន់ ខណៈដែលដំណាំនេះគេអាចដាំបានជាច្រើនកន្លែងគ្រាន់តែរសជាតិ គឺពិបាកប្រៀបធៀបនឹងដំណាំដូងនៅភូមិភាគនិរតីខាងលើ ។

នៅពេលនេះដំណាំដូងនៅក្នុងប្រទេសកំពុងដាំយ៉ាងផុលផុស ដោយខ្លះមានចំការដែលមានដូងរាប់ម៉ឺនដើម ហើយផលដែលបានមកក៏ប្រសើរដោយនៅលើទីផ្សារនៅក្នុងស្រុក ។ ដូងមួយផ្លែមានតម្លៃយ៉ាងហោចណាស់ក៏៣០០០រៀលផងដែរ ហើយដោយឡែកសំបកវាវិញនៅ ពេលនេះជាវត្ថុធាតុដើមចំបងសម្រាប់ផលិតធ្យូងសិប្បនិម្មិតដែលអាចដុត ចំអិនអាហារបានផងដែរ ។ សម្រាប់កម្ពុជានៅពេលនេះ ទីផ្សារផលិតផលកសិកម្មសរុបមានតម្លៃប្រហែលជា៥ពាន់លានដុល្លារប៉ុណ្ណោះ ជាក់ស្តែងនៅឆមាសទីមួយនៃឆ្នាំ២០២៣ នេះតម្លៃនាំចេញសរុបរាប់តាំងពីអង្ករស្រូវ ឡើង គឺបានត្រឹមតែ២,៤ ពាន់លានដុល្លារទេ ។
ក្រៅពីស្រូវ/អង្ករចេញផលិតផលកសិកម្មកម្ពុជាដែលអាចនាំចេញបានមាន ដូចជា កៅស៊ូ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក មៀន ស្វាយ ម្រេច ព្រមទាំង ផលិតផលជលផលផ្សេងៗ ។ ប៉ុន្តែផលិតផលនីមួយៗអាចនាំចេញនៅមានតិចតួច មិនធំដុំខ្លាំងមានតម្លៃរាប់រយលានដូចជាវៀតណាម នៅឡើយ ។




ដូច្នេះ ហើយមន្ត្រីក្រសួងកសិកម្ម និងពាណិជ្ជកម្ម រួមទាំងអ្នកដែល ពាក់ព័ន្ធ គឺត្រូវតែបន្តខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបើកទីផ្សារនិងជំរុញការនាំចេញអោយបានច្រើនដូចជា ប្រទេសគេ ។ កម្ពុជាយើងមានប្រជាជនតិចទេ ហើយផ្ទៃដីកសិកម្មក៏ធំល្វឹងល្វើយ ដូច្នេះសក្តានុពល គឺនៅមានហើយបើយើងអាចបង្កបង្កើនផលបានច្រើន និងមានទីផ្សារនោះកុំភ័យសេដ្ឋកិច្ចនឹងបន្តធានាបានកំណើនមិនខាន ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ