ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ គេសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនកំពុងមមារញឹកក្នុងការប្រមូលផលផ្លែមៀនប៉ៃលិន (ហៅតាង៉ែន) យកលក់ដូរឱ្យឈ្មួញទិញទៅលក់ដូរនៅប្រទេសចិន។

លើសពីនេះ តម្រូវការទីផ្សារផ្លែមៀនប៉ៃលិន ឈ្មួញត្រូវការទិញច្រើន ដែលកសិករមិនអាចផលិតផ្លែមៀនឱ្យបានគ្រប់ចំនួនតាមតម្រូវការទីផ្សារនោះឡើយ ។ ក្រោយមក ឈ្មួញទិញផ្លែមៀនប៉ៃលិនបានយកទៅស្តុកទុកក្នុងឃ្លាំងសម្ងួតក្នុងក្រុងប៉ៃលិន បាននាំកម្មករចូលទៅទិញផ្លែមៀនប៉ៃលិន រហូតដល់ស្រុកកំរៀង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រមូលឱ្យបានកាន់តែច្រើន ដើម្បីលក់ឱ្យឈ្មួញចិន នាំទៅលក់ដូរនៅប្រទេសរបស់ខ្លួនផងដែរ ។

បើតាមប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិនបានរៀបរាប់ឱ្យដឹងថា អស់រយ:ពេលជិតកន្លះឆ្នាំ មកហើយ ដែលមានឈ្មួញជនជាតិចិន បានកុម្មង់ទិញផ្លែមៀនប៉ៃលិន ហៅតាង៉ែន ដើម្បីយកទៅលក់ដូរនៅប្រទេសចិន ខណ:ដែលពួកគាត់មិនអាចផលិតផ្លែមៀនឱ្យបានគ្រប់ចំនួននោះឡើយ ព្រោះអ្នកខ្លះ ជួបបញ្ហា ការខ្វះខាតទឺក នារដូវប្រាំង ដោយបញ្ជាដើមមៀនប៉ៃលិន ភាគច្រើនតែរដូវវស្សាប៉ុណ្ណោះ ។

ប្រភពបន្តទៀតថា តម្លៃទីផ្សារមៀនប៉ៃលិនមិនឡើងខ្ពស់ពេក ក៏មិនចុះទាបពេកនោះទេ គឺអាចទទួលយកបាន ដោយកាលពីប៉ុន្មានខែមុន ឈ្មួញទិញ១គីឡូក្រាម តម្លៃ៤០០០រៀល ក្រោយមកក៏ធ្លាក់ចុះរហូតដល់១គីឡូក្រាម តម្លៃ៣៦០០រៀលប៉ុណ្ណោះ។

ចំណែកលោក សារ ចំរើន ម្ចាស់សហគ្រាស និងអ្នកគ្រប់គ្រងក្រុមហ៊ុនឆាយណាជីនវ័រយាងអ៊ីមផត មានទីតាំងស្ថិតនៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា តម្លៃទីផ្សារផ្លែមៀនប៉ៃលិន បច្ចុប្បន្ន មានការចុះទាបបន្តិច ពោលគឺឈ្មួញទិញតម្រូវទៅតាមផ្លែល្អ ឬមិនសូវល្អ ព្រោះតែមានការវេចខ្ចប់នាំចេញទៅលក់ដូរបន្តទៅប្រទេសចិន ។

លោកបន្តទៀតថា សព្វថ្ងៃនេះ ការផលិតមៀនប៉ៃលិន នៅតាមចំការមានការថយចុះ ដែលមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់នោះឡើយ។ ដូច្នេះ ខាងលោកក៏បានដឹកនាំកម្មករចេញទៅទិញនៅតាមតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង ដើម្បីយកមកបង្គ្រប់គីឡូលក់ឱ្យក្រុមហ៊ុនចិន ។

លោកបញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារផ្លែមៀនប៉ៃលិន មានតម្រូវការខ្ពស់ ទោះបីជាមានប៉ុន្មានក៏ឈ្មួញ ទិញយកទាំងអស់ដែរ ដោយមិនសល់អ្វីនោះឡើយ ឱ្យតែប្រជាពលរដ្ឋផលិតផ្លែមៀនទៅតាមស្តង់ដារ ដែលឈ្មួញតម្រូវទិញ ពោលគឺផ្លែមៀនដែលល្អ ត្រូវតាមខ្នាតស្តង់ដាតែម្តង ។
ចែករំលែកព័តមាននេះ