ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ចូលរួម​ជួសជុល​ប្រាសាទ​ឥដ្ឋ ព្រោះតែ​ក្តី​ស្រលាញ់ និង​ចង់ឱ្យ​កេរដំណែល​ដូនតា​នៅ​គង់វង្ស

1 ឆ្នាំ មុន
  • សៀមរាប

អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្តទុកដាក់​ថែរក្សា​ជួសជុល អភិរក្ស​ប្រាង្គ​ប្រាសាទ តាម​មធ្យោបាយ​បណ្ដុះបណ្ដាល​អ្នក​បន្តវេន​ឱ្យ​យល់​ដឹង​ពី​ជំនាញ​បច្ចេកទេស ដើម្បី​រួម​គ្នា​អភិរក្ស​។ ក្នុង​នោះ​មានកូន​ខ្មែរ​មួយ​ចំនួន បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទ​ឥដ្ឋ ព្រោះតែ

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្តទុកដាក់​ថែរក្សា​ជួសជុល អភិរក្ស​ប្រាង្គ​ប្រាសាទ តាម​មធ្យោបាយ​បណ្ដុះបណ្ដាល​អ្នក​បន្តវេន​ឱ្យ​យល់​ដឹង​ពី​ជំនាញ​បច្ចេកទេស ដើម្បី​រួម​គ្នា​អភិរក្ស​។ ក្នុង​នោះ​មានកូន​ខ្មែរ​មួយ​ចំនួន បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទ​ឥដ្ឋ ព្រោះតែ​ពួក​គេ​មាន​ក្តី​ស្រឡាញ់ និង​ចង់​ថែរក្សា​កេរដំណែល​ដូនតា​ខ្មែរ​ឱ្យ​នៅ​គង់វង្ស​។

លោក ជួន វង្ស អាយុ​៣០​ឆ្នាំ ជា​អ្នក​ភូមិ​ឪឡោក ឃុំ​បាគង នៃ​ស្រុក​ប្រាសាទបាគង គឺជា​អ្នកចូលរួម​ជួសជុល​ប្រាសាទ​ម្នាក់ ក្នុង​ចំណោម​អ្នក​រួមការ​ងារ​ជា​ច្រើន​ទៀត​។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទ​ឥដ្ឋ​នេះ​ចំនួន​៤​ឆ្នាំ​មក​ហើយ​។ លោក វង្ស បានឱ្យ​ដឹង​បន្ត​ទៀត​ថា ដោយសារ​ការ​រស់នៅ​ក្បែរ​ប្រាសាទ​តាំងពី​តូច និង​ការ​ស្រឡាញ់​កេរដំណែល​ដូនតា​ខ្មែរ​ផង​នោះ ក៏​ជំរុញ​ឱ្យ​លោក​ចូល​បម្រើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទ​ឥដ្ឋ ព្រោះតែ​ចិត្ត​ចង់​ចូលរួម​ថែរក្សា​កេរ​ដូនតា​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​បន្ត​ទៀត​។

ចំណែក​លោក សែន ស៊ុ​ង អាយុ​ជាង​៣០​ឆ្នាំ គឺជា​អ្នក​ជួសជុល​ប្រាសាទ​ឥដ្ឋ​រយៈពេល​ជាង​១០​ឆ្នាំ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ប្រាសាទបុរាណ​ដែល​ដូនតា​ខ្មែរ​យើង​បាន​កសាង គឺ​អស្ចារ្យ​គ្មាន​ពីរ​នៅ​លើ​លោក​។ ការ​ចូលរួម​ជួសជុល​ប្រាសាទបុរាណ គឺជា​សំណាង​របស់​លោក ព្រោះតែ​ប្រាសាទបុរាណ​ដ៏​មាន​តម្លៃ អាយុកាល​ខ្ទង់ពាន់​ឆ្នាំ ដោយ​សាង​ពី​ឥដ្ឋ និង​ពី​ថ្ម​ធំ​ៗ​ស្កឹមស្កៃ និង​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​បាន​ចូលរួម​ថែរក្សា​សម្បត្តិ​ដូនតា​ដោយ​ផ្ទាល់​ដូច្នេះ​ឡើយ​។

លោក ជួន វង្ស និង លោក សែន ស៊ុ​ង ក៏​បាន​ផ្តាំផ្ញើ​ដល់​កូន​ខ្មែរ​គ្រប់​រូប សូម​ចូលរួម​ថែរក្សា​ប្រាសាទបុរាណ ដែល​ជា​កេរដំណែល​ដូនតា កុំ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​នាំ​ឱ្យ​បាត់បង់​តម្លៃ​ប្រាសាទ និង​សូមកុំ​គូសវាស​លើ​ថ្ម ឬ​ឥដ្ឋ ដែល​នាំ​ឱ្យ​ខូចខាត​ដល់​ប្រាសាទ ព្រោះ​ប្រាសាទ បុរាណ គឺជា​របស់​យើង​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ