រាជធានីភ្នំពេញ ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “ការយកច្បាប់អាជ្ញាសឹក និងច្បាប់ក្នុងស្រុករបស់ថៃ មកអនុវត្តក្នុងដែនអធិបតេយ្យកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិ រួមមាន ៖ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត នេះបើតាមសេចក្តីថ្លែងការណ៍ ស្ដីពី «អំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» គិតត្រឹមវេលាម៉ោង ២០:៣០ នាទីយប់ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
លោកជំទាវ អ្នកនាំពាក្យ បានគូសបញ្ជាក់ថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ថា ចំពោះមុខទង្វើហិង្សារបស់ភាគីថៃ បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់ដី និងប្រជាជនដទៃទៀតបានរួមគ្នាតវ៉ា និងឆ្លើយតបដោយសន្តិវិធី ដែលសកម្មភាពទាំងនេះគឺស្តែងចេញពីការព្រួយបារម្ភរបស់ពួកគាត់ចំពោះផលប៉ះពាល់ និងការគំរាមកំហែង ពីការរាយលួសបន្លា និងការប្រើប្រាស់កម្លាំងជាឯកតោភាគីរបស់ភាគីថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងទ្រព្យសម្បត្តិស្របច្បាប់ ដែលពួកគាត់បានគ្រប់គ្រង និងអាស្រ័យផលជាច្រើនឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ