ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករនាំគ្នាសម្រុកប្រមូលផលស្រូវ ដែលកំពុងប្រឈមខ្លាចទឹកលិចស្រូវ ទន្ទឹមនោះ ក៏ត្រូវឈ្មួញអ្នកទិញបានឱ្យតម្លៃថោកទៅកសិករ គិតនៅថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ-ឃុំចំណោម ស្រុកមង្គលបូរី ។

ប្រជាកសិករបានប្រាប់ថា រយៈពេលជិត១សប្តាហ៍នេះ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា ហើយសំណង់បវេល និងសំណង់ព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បើកទឹកទំលាក់មកក្រោយ បណ្តាលឱ្យផលស្រូវនៅខាងលិចប្រឡាយព្រែក ត្រូវបានប្រឈមទឹកលិច ។ ហើយប្រជាកសិករក៏បានសម្រុកច្រូតកាត់ប្រមូលផលទាំងស្រូវសើម និងមិនទាន់ទុំល្អទៀត ព្រោះធ្វើយ៉ាងណា ត្រូវប្រមូលឱ្យផុតពីទឹកលិចសិន ។

ប្រជាកសិករបានបញ្ជាក់ទៀតថា ក្រោយប្រជាកសិករសម្រុកប្រមូលផលស្រូវរយៈពេល២ទៅ៣ថ្ងៃនេះ ស្រាប់តែឈ្មួញបានទិញស្រូវ បែរជាបញ្ចុះតំលៃតាមតែមាត់ថា ដូចស្រូវសែនក្រអូបទិញ១តោនតំលៃ១០.៥០០បាតតិចតួច បើប្រៀបធៀបមុនទឹកប្រឈមលិចលង់ស្រូវសែនក្រអូប១តោនតំលៃ១.១៥០០បាត (បើប្រៀបនៅឆ្នាំមុន តំលៃឆ្នាំនេះតំលៃថ្លៃជាងឆ្នាំមុន) ។

ដូច្នេះ ប្រជាកសិករសំណូមពរលោក ប៉ុក ឡៃជី និងអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី និងក្រសួងជំនាញចុះពិនិត្យ និងពង្រឹងទីផ្សារស្រូវ សុំកុំអោយឈ្មួញអោយតំលៃតាមមាត់ថា និងបង្អាប់បញ្ចុះតំលៃដូចជាច្រូតស្រូវមិនទាន់ទុំល្អ និងស្រូវសើមតាមមាត់ថា បង្អាប់បញ្ចុះតំលៃ ។

លោក ចៅ ម៉ី មេឃុំចំណោមបានបញ្ជាក់ថា នៅពេលដែលប្រជាកសិករសម្រុកច្រូតស្រូវនៅពេលជំនន់ទឹកភ្លៀងប្រឈមប៉ះពាល់ស្រូវ ស្រាប់តែឈ្មួញទិញតំលៃថោកជាងមុន តែតំលៃស្រូវឆ្នាំ២០២៣នេះថ្លៃជាងឆ្នាំ២០២២ ។

លោកបានថា ប្រជាកសិករដែលបង្កបង្កើនផលស្រូវឆ្នាំនេះ ជួបគ្រោះរាំងស្ងួតដើមដៃបណ្តាលស្រូវមានស្មៅច្រើនទទួលបានតិចជាងឆ្នាំមុន ក្នុង១ហិកតាទទួលផល៤តោន ទៅ៥តោនក្នុង១ថ្ងៃឈ្មួញទិញស្រូវសែនក្រអូបនិងស្រូវ៥៤ និង៥១ ស្រូវស្រង៉ែដែលឈ្មួញទិញប្រឡាយព្រែក ឃុំចំណោមដឹកចេញមិនតិចជាង៥០០តោន ។






ចែករំលែកព័តមាននេះ