រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំរកទីផ្សារជូនប្រជាកសិករ ខណៈរដូវច្រូតកាត់កាន់តែខិតជិតមកដល់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធត្រូវខិតខំរកទីផ្សារកសិផលសម្រាប់ប្រជាកសិករ ជាពិសេសនៅក្នុងរដូវច្រូតកាត់ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ ព្រមទាំងផ្តល់ការ ពិគ្រោះយោបល់អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់ ។

ជាមួយគ្នានោះដែរ ប្រមុខរាជរដ្ឋាភិបាលណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប និងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ ដែលជារឿយៗកើតឡើងនៅចុងរដូវវស្សា ។

រាជរដ្ឋាភិបាល ក៏ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង ការទទួលខុសត្រូវលើការប្រើប្រាស់ធនធានឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីរក្សាតុល្យភាពចំណូល និងចំណាយថវិកាជាតិសំដៅពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាពង្រឹងការផ្សព្វផ្សាយ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាជូនវិស័យឯកជន និងសាធារណជន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអកុសល និងមិនពិតពីសំណាក់ជនអគតិ និងដើម្បីជួយវិស័យឯកជន អាចសម្រេចចិត្តបានត្រឹមត្រូវ និងច្បាស់លាស់ក្នុងដំណើរការអាជីវកម្ម៕
ចែករំលែកព័តមាននេះ