ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ឲ្យការ​ចុះបញ្ជី​ប្រសាទ​កោះ​កេរ ក្លាយជា​ស្មារតី​ជាតិ​តែ​មួយ​ ក្រោម​ម្លប់​សន្តិភាព

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន​រៀបចំ​ប្រារព្ធ​ពិធី​គោះគង អបអរសាទរ​ការ​ចុះបញ្ជី…

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន​រៀបចំ​ប្រារព្ធ​ពិធី​គោះគង អបអរសាទរ​ការ​ចុះបញ្ជី ​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ។

ក្នុង​ពិធី​ដែល​មាន​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​រាប់រយ​នាក់ ឯកឧត្តម ​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា កម្មវិធី​ព្រឹក​នេះ គឺជា​មោទកភាព​ជាតិ​ថ្មី​ បន្ថែម​ទៀត​ ដែល​មិន​ត្រឹមតែ​ជា​ការ​អបអរសាទរ​របស់​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល ​ក្រោម​ម្លប់​សន្តិ​សភាព ​។

ឯកឧត្តម​គូសបញ្ជាក់​ថា​ ៖ “​តាម​រយៈ​ការ​ចុះបញ្ជី​នេះ សូម​ឱ្យ​មាន​ស្មារតី​ជាតិ​តែ​មួយ ​រួម​គ្នា​កសាង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ម្លប់​សន្តិភាព ដើម្បី​ឲ្យ​កម្ពុជា​រុងរឿង​ឡើង​វិញ ដូច​សម័យ​បុរាណកាល ជា​ពិសេស​សម័យ​អង្គរ​ដ៏​រុងរឿង​” ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ក្រៅពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​មានការ​អបអរសាទរ ​នៅ​តាម​បណ្ដា​រោងចក្រ នៅ​តាម​សាលារៀន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ​ដែល​ចូលរួម​អបអរសាទរ ​ចំពោះ​ការ​ចុះបញ្ជី​នេះ​ ដែល​ជា​មោទកភាព​មួយ​បន្ថែម​ទៀត​របស់​ជាតិ​ក្រោម​ការ​ដឹកនាំ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​អាណត្តិ​ ទី​៦ និង​អាណត្តិ​ ទី​៧ ដែល​បាន​ខ្នះខ្នែង​ចុះបញ្ជី​ «​រមណី​ដ្ឋា​ន​ប្រសាទ​កោះ​កេរ​» ​រហូត​បាន​ទទួល​ជោគជ័យ​ នា​ពេល​នេះ ​។

«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ ក្នុង​សម័យប្រជុំ​ លើក​ទី​៤៥ នៅ​ទីក្រុង​រី​យ៉ា​ដ (Riyadh) នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​។

គួ​រំលឹក​ថា តំបន់​ប្រាសាទ​កោះ​កេរ ជា​តំបន់​រមណីយដ្ឋាន​ ទី​៤​ហើយ​ របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក បន្ទាប់​ពី​រមណីយដ្ឋាន​អង្គរ ចុះ​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅ​ទីក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក​, តំបន់​ប្រាសាទព្រះវិហារ ចុះ​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា និង​តំបន់​ប្រាសាទសំបូរព្រៃគុក​ ចុះ​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅ​ទីក្រុង​ក្រា​កូវ ប្រទេស​ប៉ូ​ឡូញ ​។

សូម​ជម្រាប​ថា​ នៅ​បណ្តា​ក្រសួង​ស្ថាប័នរដ្ឋ​បាន​រៀបចំ​ប្រារព្ធ​ពិធី​គោះគង អបអរសាទរ​ការ​ចុះបញ្ជី​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ