ភ្នំពេញ៖ ប្រាសាទបុរាណរបស់កម្ពុជាយើង ដែលជាសម្បត្តិបេតិកភណ្ឌ មិនអាចកាត់ថ្លៃបាន ចំនួន ៤ហើយ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ។ ក្នុងនោះ រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទកោះកេរ។

១-រមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

២-រមណីយដ្ឋានប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។

៣-រមណីយដ្ឋានតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

៤-រមណីយដ្ឋាន ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ក្រៅពីប្រាសាទបុរាណ ដែលជាសម្បត្តិវប្បធម៌រូបី ទាំង ៤នេះ កម្ពុជា ក៏បានដាក់បញ្ចូលសម្បត្តិវប្បធម៌អរូបី ចំនួន ៦ទៀត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ រួមមាន៖

១-របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣

២-ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥

៣-ល្បែងទាញព្រ័ត្រ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ( កម្ពុជា ជាសមាជិកមួយ ក្នុងចំណោម ៤ប្រទេស ដែលមានល្បែងស្រដៀងគ្នានេះ រួមមាន កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីន )

៤-ចាប៉ីដងវែង ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

៥-ល្ខោនខោលវត្តស្វាយអណ្តែត ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

៦-គុនល្បុក្កតោ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៕
ចែករំលែកព័តមាននេះ