បរទេស ៖ ថ្មីៗនេះ ភោជនីយដ្ឋានជប៉ុន នៅហុងកុង មួយកន្លែង កំពុងតែត្រូវអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមនាំគ្នាសម្រុកជេរកប់ៗមាត់តែម្ដង នៅពេលឃើញការវេចខ្ចប់របស់បរិភោគសុទ្ធតែសត្វល្អិត។ នេះគឺជារឿងមួយមិននឹកស្មានដល់ ហើយក៏ស្ទើរតែទទួលយកពុំបានផងដែរ ចំពោះទង្វើដ៏អាក្រក់មួយនេះ។
បើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់ថៃ Khaosod បានផ្សព្វផ្សាយរាយការណ៍ប្រាប់ឱ្យដឹងថា មានគណនីមួយ ទ្រាំលែងបានតទៅទៀត ក៏ចេញមកបង្ហោះនៅរូបភាពប៉ុន្មានសន្លឹកឱ្យមហាជនបានឃើញចំពោះអាហារដែលខ្លួនធ្វើការកុម្ម៉ង់គេយកមកញ៉ាំ។
ហើយគណនីមួយនោះ ក៏បាននិយាយទម្លាយយ៉ាងច្បាស់ៗថា «ខ្ញុំស្ទើរតែលោ.តទៅហើយ ក្រោយពេលទៅទិញអីញ៉ាំនៅភោជនីយដ្ឋានជប៉ុនមួយកន្លែង នៅហុងកុង ដោយកុម្ម៉ង់ ត្រី Hamachi ដុត»។
លើសពីនេះ អ្វីដែលធ្វើឱ្យគ្រប់គ្នាមានការហួសចិត្តនោះ គឺពួកគេបានក្រឡេកឃើញមានសត្វអ្វីម្យ៉ាងវារជាប់នៅក្នុងអាហារ និងវារមិនឈប់ឈរនោះទេ។ ក្រោយពេលនាំគ្នាពិនិត្យមើលកាន់តែច្បាស់ទៅៗ ក៏ស្រាប់តែឃើញមានសត្វល្អិតជាច្រើនក្បាលកំពុងតែវារចេញមក រហូតធ្វើឱ្យពួកគេស្ទើរតែក្អួតចេញមកតែម្ដង។ ហើយអាហារនេះ គឺបានបញ្ជាទិញយកមកញ៉ាំចេញពីភោជនីយដ្ឋានជប៉ុន នៅហុងកុង មួយកន្លែង។

រូបភាពខាងលើនេះផងដែរ បានធ្វើឱ្យអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Internet មិនតិចនាក់នោះទេ នាំគ្នាសម្រុកបញ្ចេញមតិ និងផ្ទុះការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីឃើញភោជនីយដ្ឋានមួយនេះ ធ្វើរបស់ញ៉ាំស្មោកគ្រោក និងគ្មានអនាម័យទៅតាមស្តង់ដា ហើយហ៊ានបន្លំយកពពួកហ្វូងសត្វល្អិតរស់នៅក្នុងដី ដែលគួរឱ្យខ្ពើមជាច្រើន វារនៅក្នុងចំណីអាហារបែបនេះ។
ភ្លាមៗនោះ ខាងភោជនីយដ្ឋាន ក៏បានបញ្ជាក់ប្រាប់អំពីមូលហេតុដែរថា «គេធ្វើស្អាតហើយ តែនេះមកពីពួកគេយកសាច់មកពីកន្លែងផ្សេងទៀត ហើយមិនបានពិនិត្យមើលឱ្យគ្រប់ជ្រុងជ្រោយ ទើបធ្វើឱ្យសត្វល្អិតទាំងនោះជាប់នៅក្នុងសាច់ហើយមើលទៅ។ លើសពីនេះ ក្រោយពេលវេចខ្ចប់ជូន រួចប្រមូលលុយពីអតិថិជនភ្លាម ក៏បានធ្វើឱ្យពួកគេបះរោម ញ័រដៃញ័រជើងផងដែរ បើនិយាយពីសក់វិញ ស្ទើរតែរអិលជ្រុះចេញពីក្បាលទៅហើយ»។
គួរបញ្ជាក់ថា ហាងខាងលើនេះ មានឈ្មោះថា «Hong Kong Miscellaneous» បានរៀបចំធ្វើម្ហូបជូនអតិថិជននៅអាហារជប៉ុន គឺត្រីដុត hamachi ប៉ុន្តែអ្វីដែលចម្លែកនៅក្នុងសាច់ត្រីនេះ បែរជាមានសត្វល្អិត ស្រដៀងទៅនឹងដង្កូវបន្តិច ដូចជន្លេនបន្តិច វារពេញនៅក្នុងសាច់ត្រីនោះតែម្ដង អាចនិយាយបានថា វាជារូបភាពមួយដែលធ្វើឱ្យចង់ក្អួតចង្អោរខ្លាំងណាស់។
ពេលឃើញដូច្នេះ ក៏មានគណនីផេកថៃមួយ បាននិយាយប្រាប់ថា «បើខ្ញុំស្មានមិនខុសទេ សត្វទាំងនោះដូចជាប្រភេទប៉ារ៉ាស៊ីតអញ្ចឹង»។
ដោយភ្ជាប់ជាមួយ Caption ជាភាសាថៃ មានន័យជាភាសាខ្មែរថា «អេ៎! Soiju តោះរត់គេច ពេលអ្នកណាម្នាក់នៅក្នុងក្រុមទៅញ៉ាំអាហារប៊ូហ្វេ ក្នុងភោជនីយដ្ឋានជប៉ុននៅ Tai Ku (តៃ) Koo) អាហារមួយមុខបានកុម្ម៉ង់ ត្រីដុត hamachi មកញ៉ាំ។ ពេលប្តីយកវាមកហូបម្តងៗ សរសើរមិនដាច់ពីមាត់ថា គេធ្វើឆ្ងាញ់ណាស់ ហើយគាត់ក៏គិតថា វាប្រហែលជាស៊ីកូនត្រីជាប់នៅក្នុងពោះហើយ បានជាមានរសជាតិឆ្អាបៗ។ លុះគាត់ច្របាច់វាមើលម្តងទៀត មានអីក៏ស្រាប់តែឃើញសត្វល្អិតស្រដៀងដង្កូវផង ជន្លេនផង នៅគរវារពេញក្នុងសាច់ត្រីគ្រប់កន្លែងតែម្ដង។ ហាសហា!!!! នៅមិនទាន់អស់ទេ ម្ចាស់ហាងក៏បាននិយាយថា មូលហេតុ គឺសាច់យកមកពីប្រភពផ្សេង មិនចេះសម្អាតឱ្យគ្រប់ជ្រុងជ្រោយ»។
ក្រោយពេលទទួលដំណឹងមួយនេះរួចមក នាយកដ្ឋានសុខភាពសាធារណៈ ក៏បានបង្ហោះសារប្រកាសតែម្ដង ដោយគេរំពឹងថា ហាងដែលធ្វើអាហារស្មោកគ្រោកគ្មានអនាម័យមួយនេះ នឹងត្រូវបិទរហូតដល់ភោជនីដ្ឋានខាងលើ មានអនាម័យអាចយកជាការបាន ធ្វើឱ្យប្រសើរឡើងទៅតាមស្តង់ដានោះ គេនឹងអនុញ្ញាតឱ្យបើកឡើងវិញ»៕ ដោយ ៖ សុភា ដានេត



ចែករំលែកព័តមាននេះ