ខេត្តប៉ៃលិន ៖ បុគ្គលិកក្រុមហ៊ុន២ក្រុមនាំគ្នាប្រយុទ្ធគ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ ចំណែកជនបង្កមួយចំនួន ក៏ត្រូវឃាត់ខ្លួន ខណៈគេសង្ស័យតែមានការទាស់ពាក្យសម្តីរវាងគ្នានឹងគ្នា ដោយសារតែបញ្ហាផលប្រយោជន៍ រឿងចាប់ម៉ូយឆ្លងដែនពីខ្មែរទៅថៃ និងពីថៃចូលមកខ្មែរវិញ។
ហេតុការណ៍បុគ្គលិកក្រុមហ៊ុន២ប្រយុទ្ធគ្នាខាងលើ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្បែរច្រកអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មានពីមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ បានបង្ហើបប្រាប់ឱ្យដឹងថា ជនរងគ្រោះមិនត្រូវគេបង្ហើបឱ្យស្គាល់ឈ្មោះនោះទេ បានរងរបួសបែកខ្ទង់ច្រមុះ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ។ រីឯជនបង្កវិញ ទី១- ឈ្មោះ សិរីវុធ ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនដៃដល់ ទី២- ឈ្មោះ សំណាង ភេទប្រុស អាយុ៣២ឆ្នា ជាបក្សពួក និងទី៣- ឈ្មោះ ហុង ស៊ីនិត ភេទប្រុស អាយុ៣២ឆ្នាំ ជាបក្សពួក ទាំង៣នាក់នេះស្នាក់នៅធ្វើការ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញបុគ្គលិកក្រុមហ៊ុនចំនួន២ក្រុម បានធ្វើការទាក់ទងដឹកម៉ូយពីប្រទេសថៃចូលមកខ្មែរ និងនាំពលករពីខ្មែរចូលទៅធ្វើការងារនៅថៃវិញ។ ប៉ុន្តែគេឃើញពួកគាត់ហាក់ដូចជាធ្វើការមិនចុះសម្រុងនឹងគ្នាទេ ដោយមានការប្រទាញប្រទង់ម៉ូយគ្នាចុះឡើងៗ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា លុះនៅថ្ងៃកើតហេតុ ស្រាប់តែភាគីទាំង២ បានប្រកែកគ្នាទៅវិញទៅមក រហូតក៏ឈានដល់ការប្រវា.យប្រតប់គ្នា បណ្តាលឱ្យផ្អើលច្រកទ្វារអន្តរជាតិព្រំតែម្តង។
ក្រោយពេលកើហេតុ ជនរងគ្រោះដែលត្រូវគេដាល់១ដៃបែកខ្ទង់ច្រមុះនោះ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ។ ចំណែកឯជនបង្ក និងបក្សពួកវិញ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន រួចសួរនាំ និងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕


ចែករំលែកព័តមាននេះ