នៅពេលយើងធ្វើដំណើរទៅកាន់ខេត្តមួយចំនួនលើកលែងតែខេត្តទេសចរណ៍យើងនឹងបានឃើញភាពស្ងាត់ជ្រងំ ហើយមិនមានសកម្មភាពសេដ្ឋកិច្ចរស់រវើក ដូចជានៅរាជធានីភ្នំពេញ និងខេត្តទេសចរណ៍ឡើយ ។ រូបភាពនេះ ចង្អុលបង្ហាញអំពីការអភិវឌ្ឍកម្រិតទាបតាមបណ្តាខេត្ត ទោះបីជាកម្ពុជា មានការរីកចម្រើនសេដ្ឋកិច្ចគួរអោយកត់សម្គាល់ក្តី ។…
នៅពេលយើងធ្វើដំណើរទៅកាន់ខេត្តមួយចំនួនលើកលែងតែខេត្តទេសចរណ៍យើងនឹងបានឃើញភាពស្ងាត់ជ្រងំ ហើយមិនមានសកម្មភាពសេដ្ឋកិច្ចរស់រវើក ដូចជានៅរាជធានីភ្នំពេញ និងខេត្តទេសចរណ៍ឡើយ ។ រូបភាពនេះ ចង្អុលបង្ហាញអំពីការអភិវឌ្ឍកម្រិតទាបតាមបណ្តាខេត្ត ទោះបីជាកម្ពុជា មានការរីកចម្រើនសេដ្ឋកិច្ចគួរអោយកត់សម្គាល់ក្តី ។ នៅក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលបានមើលឃើញពីភាពចាំបាច់ដែលត្រូវជំរុញអោយមានការអភិវឌ្ឍន៍បន្ថែមទៀតនៅតាមជនបទ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវអោយខេត្តទាំងអស់គិតគូរឡើងវិញអំពីការជំរុញ ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ។ ប៉ុន្តែតើយើងត្រូវចាប់ផ្តើមធ្វើដំណើរពីណាទៅ ដើម្បីអោយមានការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែខ្លាំងនៅតាមបណ្តាខេត្ត? ទោះបីទីក្រុងជាទីប្រជុំជន ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ មានពលរដ្ឋ រាប់លាននាក់រស់នៅប្រកបអាជីវកម្ម ធ្វើកិច្ចការរាប់រយជំពូក យ៉ាងណាក្តី តែពលរដ្ឋភាគច្រើន គឺបានកំពុងរស់នៅទីជនបទ ។ គេមិនអាចទុកជនបទចោលដោយគ្មានការអភិវឌ្ឍនោះទេ ។ ដូច្នេះហើយនៅពេលគេនិយាយពីការជាលើកកម្ពស់ជីវភាពពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ គេនឹងសំដៅទៅដល់ការអភិវឌ្ឍនៅជនបធ្វើយ៉ាងណាឱ្យជនបទមិនឃ្លាតឆ្ងាយខ្លាំងពេកពីទីក្រុង និងទីប្រជុំជន ។

ដោយសារសង្គ្រាម ការអភិវឌ្ឍនៅទីជនបទហាក់ដើរយឺត ។ ជនបទពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ។ កន្លងមកការផ្លូវធ្វើដំណើរទៅកាន់ជនបទមានការលំបាកនៅជនបទដាច់ស្រយ៉ាលមិនមានមន្ទីរពេទ្យ មិនមានសាលាសិក្សា ខ្វះទឹកស្អាតប្រើប្រាស់ ។ ជាមួយនឹងការលំបាកទាំងនេះគ្មាននរណាចង់ទៅរស់នៅ និងធ្វើការឡើយ ។ ជាបទពិសោធ៍ ការពង្រាយគ្រូបង្រៀន គ្រូពេទ្យ និងមន្ត្រីជំនាញនានាទៅកាន់ទីជនបទមានការលំបាកជាខ្លាំង ។ មន្ត្រីជំនាញគ្រប់វិស័យខំរត់ការធ្វើយ៉ាងណាឱ្យតែខ្លួនបានធ្វើការនៅទីក្រុង ។
ក្រោមការអភិវឌ្ឍ និងលើកទឹកចិត្តពីរដ្ឋាភិបាលដែលជោគជ័យនៅក្នុងការកាត់បន្ថយ ភាពក្រីក្រ ទីជនបទបច្ចុប្បន្នបានប្រែមុខប្រែមាត់គួរឱ្យកត់សម្គាល់ ។ នៅទីជនបទមានផ្លូវ មានសាលារៀន មានមណ្ឌលសុខភាព មានទឹកស្អាតប្រើប្រាស់ នៅគ្រប់ខេត្ត ឬគេអាចនិយាយថា នៅតាមភូមិភាគមានសាកលវិទ្យាល័យរដ្ឋ ។ ទោះបីសេវាសាធារណមិនទាន់គ្រប់ ប៉ុន្តែពលរដ្ឋនៅជនបទកំពុងរស់នៅក្នុងទិដ្ឋភាពមួយថ្មីពីអតីតកាល ។ ជាពិសេសការធ្វើដំណើរពីជនបទមកភ្នំពេញមិនលំបាកទៀតឡើយ ។ ស្ទើរ២៥ ខេត្តក្រុងគេអាចធ្វើដំណើរឡើងចុះភ្នំពេញ បានក្នុងថ្ងៃតែមួយ ។

ទោះយ៉ាងណាក្តី ការខ្វះខាត ឬមានសេវាហេដ្ឋារចនាសម្ព័ន្ធសង្គមមិនទាន់គ្រប់គ្រាន់នៅតែបង្កឱ្យមានចលនាចំណាកស្រុករបស់ពលរដ្ឋពីជនបទមកទីក្រុង កើតមានរាល់ថ្ងៃនេះ ។ ពលរដ្ឋដែលជាយុវជនក្រៅពីរៀនចប់មធ្យមសិក្សា ពួកគេបានឡើងពីជនបទមករៀននៅទីរួមខេត្ត ហើយភាគច្រើនបានឡើងមករៀនបន្តនៅរាជធានីភ្នំពេញតែម្តង ។ ដោយសារតំបន់មួយចំនួននៅខ្វះប្រព័ន្ធធារាស្ត្រ ខ្វះទឹកធ្វើស្រែ ធ្វើស្រែបានតែរដូវវស្សា ដូច្នេះមានពលរដ្ឋមួយចំនួនបានបន្តធ្វើចំណាកស្រុកមករកការងារធ្វើនៅទីក្រុង និងមានមួយចំនួនទៀតឆ្លងដែនទៅលក់កម្លាំងនៅក្រៅប្រទេសតែម្តង ។
ចលនាចំណាកស្រុកពីជនបទមកកាន់ទីប្រជុំនានាបានធ្វើឱ្យទីជនបទមានសភាពស្ងាត់ មានតែមនុស្សចាស់ មិនសូវសប្បូរមនុស្សពេញកម្លាំងរស់នៅជាអចិន្ត្រៃយ៍ ។ នៅជនបទអ៊ូអរ តែរដូវបុណ្យទាន នៅពេលដែលយុវជននិងពលរដ្ឋជាទូទៅ បានវិលទៅជួបជុំក្រុមគ្រួសារជាប្រចាំឆ្នាំតែប៉ុណ្ណោះ ។
ដោយសារនៅតែមានចលនាចាកចេញពីជនបទបែបនេះ នៅពេលមានផែនការអភិវឌ្ឍន៍វិស័យណាមួយនៅជនបទដូចជា វិស័យកសិកម្ម ការបង្កើតរោងចក្រ សហគ្រាសនៅទីជនបទនោះ គេមិនគួរមើលរំលងពីកត្តាធនធានមនុស្ស និងកម្លាំងពលកម្មនៅទីជនបទឡើយ ។ រាល់ការអភិវឌ្ឍទាំងអស់ គឺមិនអាចធ្វើបានដោយគ្មានធនធានមនុស្សឡើយ ។ មិនថា យើងចង់អភិវឌ្ឍកសិកម្ម ឬក៏ការវិនិយោគ ការបើករោងចក្រជាដើម គឺនឹងមិនអាចកើតមានបានឡើយ បើសិនជាគ្មានធនធានមនុស្សដែលពោរពេញដោយកម្លាំង និងប្រាជ្ញា ព្រមទាំងជំនាញ ។

បើមិនដូច្នេះ គេនឹងអាចខ្វះកម្លាំងពលកម្ម ។ មានរបាយការណ៍ខ្លះៗពីតំបន់ សេដ្ឋកិច្ចមួយចំនួន និងពីតំបន់កសិកឧស្សាហកម្មមួយចំនួនដែលបានបង្កើតឡើងនៅតាមទីជនបទ និងតាមបន្ទាត់ព្រំដែនថា បានខ្វះកម្លាំងពលកម្ម ។ ដូច្នេះ នៅពេលមានគម្រោងជាច្រើនទៀតដែលនឹងចូលទៅបម្រើ ឬលើកកម្ពស់ជីវភាព ពលរដ្ឋនៅទីជបបទ គេមិនគួរភ្លេចពីការអូសទាញធនធានមនុស្សពីទីក្រុងឱ្យទៅធ្វើការនៅទីជនបទនោះទេ ។ តួយ៉ាងដូចជា ផែនការអភិវឌ្ឍវិស័យកសិកម្មជាដើម ។
ការជំរុញ និងលើកម្ពស់វិស័យអប់រំទាំងថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ ព្រមទាំងការបណ្តុះបណ្តាលវិជ្ជាជីវ:ដល់យុវជន និងយុវតីនៅតាមខេត្ត គឺជាកត្តាសំខាន់ ដើម្បីបង្កើតធនធានមនុស្សនៅតាមខេត្តដែលចាំបាច់សម្រាប់ការជំរុញវិស័យកសិកម្ម ការជំរុញការវិនិយោគ ការបើករោងចក្រជាដើម ។ ទន្ទឹមជាមួយគ្នានោះ រដ្ឋក៏ផ្តល់ការគាំទ្រដូចជា ទីលំនៅ និងការចំណាយរស់នៅដល់អ្នកជំនាញតាមវិស័យនានា ដើម្បីជួយដល់ការអភិវឌ្ឍជនបទ ។ ការអភិវឌ្ឍជនបទ ការលើកកម្ពស់ជីវភាពពលរដ្ឋនៅជនបទ ជាការសំខាន់ ពីព្រោះប្រទេសមួយមិនអាចអភិវឌ្ឍន៍តែទីក្រុងនោះទេ ។ គេមិនអាចលើកកម្ពស់ជីវភាពអ្នកទីក្រុងដោយទុកឱ្យពលរដ្ឋនៅជនបទក្រនោះដែរ ។

ការគិតពីពលកម្ម និងធនធានមនុស្សនៅទីជនបជាចំណុចមិនអាចមើលរំលង ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះ ក៏គ្មានអ្វីក្រៅពីការបំពាក់សេវាសាធារណ: និងផ្តល់ហេដ្ឋាចរនាសម្ព័ន្ធគ្រប់វិស័យទៅដល់ជនបទដែរ ។ នៅពេលជនបទមានផ្លូវស្អាត មានមន្ទីរពេទ្យល្អ អាចព្យាបាលជំងឺគ្រប់ប្រភេទ មានសាលារៀនសម្រាប់សិស្ស ពីមធ្យមដល់មហាវិទ្យាល័យមានមហាវិទ្យាល័យសម្រាប់និស្សិត មានទឹក អគ្គិសនី ប្រើប្រាស់គ្រប់គ្រាន់ នៅពេលនោះការធ្វើចំណាកស្រុកពីជនបទមកក្រុងនឹងត្រូវកាត់បន្ថយ ។ ហើយសមភាពសង្គមនឹងកើតមាន គ្មានអ្នកក្រុង និងគ្មានអ្នកជនបទ ។ អ្នកជនបទនឹងលែងរស់នៅក្នុងភាពក្រីក្រ ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ