ពិសេសណាស់! អ្នកចាំទី Lazio តែតបាល់បញ្ចូលទីចុងម៉ោងតាមស្មើ AT Madrid
បរទេស ៖ ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤ បានចាប់ផ្តើម
បរទេស ៖ ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤ បានចាប់ផ្តើម
បរទេស ៖ ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤ បានចាប់ផ្តើមហើយ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងវគ្គចែកពូល ហើយនៅក្នុងនោះ ជំនួបរវាងក្រុមម្ចាស់ផ្ទះ Lazio ដែលស្មើដោយលទ្ធផល ១-១ ទល់នឹងក្រុមភ្ញៀវ Atletico Madrid ទទួលការចាប់អារម្មណ៍ខ្លាំងជាងគេបំផុត បន្ទាប់ពីអ្នកចាំទីក្រុមម្ចាស់ផ្ទះ តែតបាល់បញ្ចូលទីនៅម៉ោងបន្ថែមវគ្គទី២ ដើម្បីសង្គ្រោះក្រុមពីការបរាជ័យ។
ជំនួបពូល E ដែលធ្វើឡើងនៅកីឡដ្ឋាន Olimpico ក្រោមក្រសែភ្នែកអ្នកទស្សនាជាង ៤៦,០០០នាក់ ក្រុមភ្ញៀវ Atletico Madrid បានបើកការនាំមុខមុននៅនាទី២៩ ដោយខ្សែបម្រើប្រយុទ្ធ Pablo Barrios លទ្ធផលនេះ រក្សារហូតដល់ម៉ោងបន្ថែមតង់ទី២។ ក្រុមម្ចាស់ផ្ទះ Lazio មានឱកាសទាត់បាល់ជ្រុងក្នុងនាទី ៩០+៤ ខណៈដែលអ្នកចាំទី Ivan Provedel បានឡើងមកចាំតែតបាល់ផងដែរ ប៉ុន្តែត្រូវបានខ្សែការពារក្រុម AT Madrid ទាត់ចេញធ្លាក់ដល់ជើងខ្សែបម្រើ Danilo Cataldi និងបញ្ចូនបន្តទៅមិត្តរួមក្រុមគឺខ្សែបម្រើប្រយុទ្ធ Luis Alberto និងលើកបាល់ចូលប្រអប់គ្រោះថ្នាក់ ហើយអ្នកចាំទី Ivan Provedel ក៏តែតបញ្ចូលទីតែម្តងនាទី ៩០+៥ ចំពេលលោកអាជ្ញាកណ្តាល Slavko Vincic ផ្លុំកញ្ចែបញ្ចប់ការប្រកួតជាមួយលទ្ធផល ១-១។
អ្នកចាំទី Ivan Provedel ជនជាតិអ៊ីតាលីវ័យ២៩ឆ្នាំ បានក្លាយជាអ្នកចាំទីទី២ ក្នុងប្រវត្តិសាស្ត្រ UEFA Champions League ដែលរកគ្រាប់បាល់បញ្ចូលទីមិនមែនជាការទាត់ប៉េណាល់ទី បន្ទាប់ពីអ្នកចាំទី Sinan Bolat ជនជាតិតួកគី ដែលបានតែតបញ្ចូលទីឱ្យក្រុម Standard Liège តាមស្មើក្រុម AZ Alkmaar កាលពីរដូវកាល ២០០៩-១០។
យ៉ាងណាមិញ នេះមិនមែនជាលើកទី១ សម្រាប់អ្នកចាំទី Ivan Provedel ឡើយ ដែលរកគ្រាប់បាល់បញ្ចូលទី ដោយអ្នកចាំទីរូបនេះ ក៏ធ្លាប់តែតបាល់បញ្ចូលទីនៅនាទី៩០+៥ ជួយក្រុម Juve Stabia តាមស្មើក្រុម Ascoli នៅលីគទី២ អ៊ីតាលី Serie B កាលពីរដូវកាល ២០១៩-២០ ផងដែរ។
អ្នកចាំទីទាំង ៤ រូប ដែលរកគ្រាប់បាល់បញ្ចូលទីក្នុងប្រវត្តិសាស្ត្រ UEFA Champions League ៖
-Hans-Jörg Butt (ប៉េណាល់ទី)
-Sinan Bolat (តែតបញ្ចូលទី)
-Vincent Enyeama (ប៉េណាល់ទី)
-Ivan Provedel (តែតបញ្ចូលទី)៕
ចែករំលែកព័តមាននេះ