ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពេល​ដែល​ប្រាសាទ​កោះ​កេរ​អតីត​រាជធានី​ខ្មែរ កាលពី​ជាង ១០០០​ឆ្នាំ​មុន ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​១៧ កញ្ញា ២០២៣ នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត…

ក្រោយ​ពេល​ដែល​ប្រាសាទ​កោះ​កេរ​អតីត​រាជធានី​ខ្មែរ កាលពី​ជាង ១០០០​ឆ្នាំ​មុន ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​១៧ កញ្ញា ២០២៣ នៅ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត វា​នឹង​ក្លាយជា​ការ​ទាក់ទាញ​ថ្មី​មួយ សម្រាប់​ទេសចរ​ដែល​ចូល​ចិត្ត​ទស្សនា និង​យល់​ដឹង​អំពី​ប្រាសាទ​ល្បី​ៗ​និង​ស្រស់​ស្អាត​ប្រកបដោយ​ភាព​ទាក់ទាញ​របស់​កម្ពុជា ។

ដូច្នេះ ស្ថាប័ន​ដែល​ពាក់ព័ន្ធ​គួរតែ​បង្កើត​កញ្ចប់ សៀគ្វី​ទេសចរណ៍​ចតុកោណ​មួយ​ដាក់​ជូន​ភ្ញៀវ​ទេសចរ​ហើយ ។ ក្រុម​ប្រាសាទ​កោះ​កេរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេ​ន ខេត្តព្រះវិហារ ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​មួយ​អង្គ​ឈ្មោះ ត្រី​ភូ​វ​នេ​ស្វរៈ ដោយ​ប្រាសាទ​នេះ​ពី​ដើម​ឈ្មោះ​ឆក​គគីរ ឬ​ផៃ្ទ​ដីគោក​គគីរ សព្វ​ថៃ្ង​ហៅ​ថា​អតីត រាជធានី​កោះ​កេរ មាន​ទំហំ​ផ្ទៃដី​១៦​គីឡូ​ម៉ែត្រការ៉េ ។

ប្រាសាទ​ដែល​មាន​រូប​រាងដូចជា ប្រាសាទ​ពី​រ៉ា​មីន​នៅ​អេ​ស៊ី​ប​មាន​៧​ជាន់ មាន​កម្ពស់​៣៥​ម៉ែត្រ នៅ​តំបន់​កោះ​កេរ ក្នុង​ផ្ទៃដី​ចំនួន​៩​គីឡូម៉ែត្រ ៤​ជ្រុង​សព្វថ្ងៃ បាន​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​៩២១ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ដែល​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ចោទ​ព្រះ​អង្គ ថា​ជា​ក្សត្រ ជ្រែករាជ្យ បាន​យាង​ចេញពី​រាជធានី​យ​សោ​ធរ​បុ​រៈ ពោល គឺ​អង្គរ​មក​កសាង​រាជធានី​ផ្ទាល់ខ្លួន​នៅ​តំបន់​នោះ ។
នៅ​មុន​ពេល​ដាក់​ស្នើ​សុំ​ចុះបញ្ជី​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​សំណង់​ប្រាសាទ​នៅ​ក្នុង​តំបន់​នោះ​ប្រមាណ​ជា​៧០​ប្រាសាទ ដោយ​ប្រាសាទ​ដែល​ចាស់​ជាងគេ​ភាគច្រើន គឺ​ប្រាសាទ​ឥដ្ឋ​ដែល​កសាង​ក្នុង​ចន្លោះ​ឆ្នាំ​៩២១-៩២៨ បន្ទាប់ គឺ​ប្រាសាទ​ថ្មភក់ នៅ​ឆ្នាំ​៩២៨ និង​ប្រាសាទ​ថ្មបាយក្រៀម នៅ​ចន្លោះ​ឆ្នាំ​៩៣០ រហូត​ដល់​ការ​បញ្ចប់​នៃ​រាជ្យ​នៅ​ឆ្នាំ ៩៤១ ។

ដោយ​ឆ្លងកាត់​នូវ​សង្គ្រាម​ជា​ច្រើន​សតវត្សរ៍ ប្រាសាទ​កោះ​កេរ បាន​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ពី​ធម្មជាតិ និង​ពី​មនុស្ស​យ៉ាងដំណំ រីឯ​ការ​លួច​វ​ត្តុ​បុរាណ​ការ​បំផ្លាញ​ចំពោះ​សម្បត្តិ បេតិកភណ្ឌ​ជាតិ បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ និង​មាន​សភាព​ធ្ងន់​ធរ​បំផុត ដែល​ធ្វើ​ឲ្យ​ប្រាសាទ​មួយ ចំនួន​ធំ ត្រូវ​បាន​បាក់​រលំ​ធា្ល​ក់​ដល់​ដី ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ ប្រាសាទ​នេះ ត្រូវ​តែ​ការពារ ហើយ​ក្លាយជា​ធនធាន​វប្បធម៌​របស់​មនុស្សជាតិ​ដែល​ទាំងអស់​គ្នា​គួរតែ​ចូលរួម ។

នៅ​ពេល​នេះ កម្ពុជា​មាន​ប្រាសាទបុរាណ​ធំ​ៗ​ចំនួន​៤ ហើយ​ដែល​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ ដូច្នេះ​ការ​បង្កើត​សៀ​ឃ្វី​ទេសចរណ៍​ចតុកោណ គឺ​អាច​បាន​ដោយ​គេ​ដឹង​ថា ជ្រុង​ទី​មួយ គឺ​ប្រាសាទអង្គរវត្ត​នៅ​សៀមរាប ដែល​ចុះបញ្ជី​នៅ​ឆ្នាំ​១៩៩២ ប្រាសាទព្រះវិហារ​នៅ​ខេត្តព្រះវិហារ នា​ឆ្នាំ​២០០៨ ប្រាសាទសំបូរព្រៃគុក នៅ​ក្នុង​ខេត្តកំពង់ធំ នៅ​ក្នុង​ឆ្នាំ​២០១៧ និង​ចុង​ក្រោយ គឺ​ប្រាសាទ​កោះ​កេរ នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ ។

ប្រាសាទអង្គរវត្ត​តែ​មួយ គឺ​ត្រូវ​បានការ​ពារ​នៅ​លើ​ផ្ទៃដី​សរុប​ដល់​ទៅ ៤០.១០០ ហិ​កតា រីឯ​ប្រាសាទព្រះវិហារ​មាន​ផ្ទៃដី​អភិរក្ស​សរុប ១៥៤,៧ ហិ​កតា ប្រាសាទសំបូរព្រៃគុក មាន​ផ្ទៃដី​សរុប​ជាង​៨៤០​ហិ​កតា ហើយ​ប្រាសាទ​កោះ​កេរ​នេះ មាន​ផ្ទៃដី​សរុប​១.១៨៧ ហិ​កតា ។ សរុប​ទៅ​ផ្ទៃដី​រាប់រយ​ហិ​កតា ហើយ​នៅ​ក្នុង​ផ្ទៃដី​ទាំងនោះ​ក្រៅពី​ប្រាសាទធំ​ៗ​ជា​គោល​ទាំង​៤​ជ្រុង គឺ​នៅ​មាន​ប្រាសាទតូច​ៗ​រាប់រយ ហើយ​ព្រៃ​បៃតង​ធម្មជាតិ​យ៉ាង​ធំ​ល្វឹងល្វើយ ដែល​សម​ស្រប​បំផុត​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​កែ​ច្នៃ​ជា​មាស​ជា​ពេជ្រ ដើម្បី​បង្កើន ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​តាម​បែប​ធម្មជាតិ និង​អភិរក្ស ។

សរុបសេចក្តី​ទៅ ដើម្បី​ឲ្យ​ប្រាសាទ​កោះ​កេរ​ដែល​ជា​ប្រាសាទ​មាន​លក្ខណៈ​ជា​ប្រាសាទភ្នំ កម្ពស់​ប្រមាណ​៣៥​ម បន្ត​គង់វង្ស​យូរអង្វែង​តទៅ​មុខ​ទៀត ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជា អាជ្ញាធរ​ជាតិ អ​ប្សា​រា អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ដែល​ជា​អ្នក​ដុតដៃដុតជើង នៅ​ក្នុង​ការ​ចុះបញ្ជី​អាជ្ញាធរ ខេត្តព្រះវិហា ក្រសួង​វប្បធម៌ ក្រសួងទេសចរណ៍ សហការ​ជាមួយនឹង​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តសៀមរាប ដែល​មាន​ប្រាសាទ​អង្គរ និង ខេត្តកំពង់ធំ ដែល​មាន​ប្រាសាទសំបូរព្រៃគុក​គួរតែ​បង្កើត​សៀ​ឃ្វី​ទេសចរណ៍​ចតុកោណ​មួយ​រួម​ជាមួយនឹង​ប្រាសាទព្រះវិហារ ផ្ទាល់ បន្ថែម​លើ​កម្មវិធី​អបអរ​ដែល​កំពុង​តែ​រៀបចំ ហើយ​គ្រោង​នឹង​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​រំលឹក​ដល់​ប្រាសាទ​ទាំង​៤ ។

សូម​រិះគិត និង​ដាក់​ចេញ​ជា​កញ្ចប់​ទេសចរណ៍​មួយ​ដែល​មាន​សព្វគ្រប់​តាំងពី​សេវាកម្ម ស្នាក់​នៅ ហូប​ចុក ធ្វើ​ដំណើរ និង​កម្មវិធី​ទេសចរណ៍​អម​ដោយ​កម្មវិធី​ផ្សេង​ៗ​បន្ថែម​លើ​ជ្រុង​នៃ​មុំ​ចតុកោណ​ទាំង​៤ ពីព្រោះ​ក្រៅពី​មើល និង​ទស្សនា​ស្វែង​យល់​ពី​ប្រាសាទ​ភ្ញៀវ​ទេសចរ​ក៏​ត្រូវការ សកម្មភាព​ប្លែក​ៗ​សប្បាយ​ៗ និង​សេវាកម្ម​ផ្សេង​ៗ​ផង​ដែរ ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ