ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង០០នាទីយប់ នឹងមានរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសថា នឹងរៀបចំផ្សាយបន្តផ្ទាល់ពីការជួបជុំនេះ ចាប់ពីម៉ោង១៨ និង០០នាទីយប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ២-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ៣-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
សូមរម្លឹកថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ស្ថាប័នរដ្ឋ ឯកជន ជាពិសេសតាមវត្តអារាមទាំងអស់ ជួបជុំ វាយជួង រគាំង និងទូងស្គរ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២០កញ្ញាខាងមុខនេះ ព្រមៗ៕







ចែករំលែកព័តមាននេះ