ខេត្តក្រចេះ ៖ ឃុំចំនួន២ស្មើ និង៧ភូមិ បានរងការជន់លិចពីជំនន់ទឹកភ្លៀង ខណៈមេឃបន្តធ្លាក់ភ្លៀងបន្តបន្ទាប់ បណ្តាលអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវរងផលប៉ះពាល់ ។

ប្រភពព័ត៌មានអោយដឹងថា ផ្លូវលំ ដំណាំ រួមផ្សំ និងផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតនៅភូមិបុសលាវក្រោម ភូមិព្រែកកូវ ភូមិព្រែកតាឣាំ ភូមិតាលុស និងភូមិព្រះគន្លង ចំនួន៤៤គ្រួសារ រងការជន់លិច ដោយសារហក់ឡើងពីកម្ពស់ទឹកផ្លូវលំប្រវែង៨០០ម៉ែត្រ ទំនប់ប្រកិះប្រវែង១០ម៉ែត្រច្រោះដាច់ លិចដំណាំស្រូវ១៨ហិកតា រីឯសត្វពាហនៈមួយចំនួនក៏បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

របាយការណ៍កម្ពស់ទឹកនៃមន្ទីរធនធានទឹកទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងជិតដល់កំរិតការប្រកាសអាសន្ន គឹតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កម្ពស់ទឹកហក់ឡើង២០,០៥ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន២២,០០ម៉ែត្រ ។

ដោយឡែក នៅឃុំដារក៏បានរងផលប៉ះពាល់ចំនួន២ភូមិផងដែរ ដោយមានលិចផ្លូវលំ១.១០០ម៉ែត្រ ៕



ចែករំលែកព័តមាននេះ