រាជរដ្ឋាភិបាលថ្មី បានអះអាងពីការលើកកម្ពស់វិស័យសុខាភិបាល ដែលជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់ខ្លួនក្នុងអាណត្តិថ្មីនេះ ដែលមានការងារជាអាទិភាពមួយចំនួនដូចជា ធនធានមនុស្ស កសិកម្ម ការងារជាដើមនោះ ។ ការប្រកាសនេះ គឺជា ការចាប់ផ្តើមដ៏ល្អសម្រាប់អនាគតកាន់តែល្អប្រសើរសម្រាប់វិស័យសុខាភិបាលកម្ពុជាក៏ដូចជា ដើម្បីសុខភាពប្រជាជនផងដែរ ។

ការលើកកម្ពស់វិស័យសុខាភិបាល ជាករណីអេះចំរមាស់ក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ ។ ដ្បិតអីបញ្ហាសុខភាព ការព្យាបាលជំងឺ ស្ថិតនៅជាប់នឹងពលរដ្ឋរាល់ថ្ងៃ ហើយវាជាបញ្ហាមួយរបស់សង្គម ។ ដោះស្រាយវិស័យសុខាភិបាល គឺជាការឆ្លើយតបការចង់បានរបស់ពលរដ្ឋម្ចាស់ឆ្នោត ។ គុណធម៌ សីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យហាក់នៅតែជាបញ្ហាធំនាំមុខគេ នៅពេលគេនិយាយដល់វិស័យសុខាភិបាលនោះ ខណៈយើងត្រូវទទួលស្គាល់ និងគោរពដល់គ្រូពេទ្យទាំងអស់ក្នុងកិច្ចការសង្គ្រោះ និង ព្យាបាលជីវិតមនុស្ស ។
ជាទូទៅពលរដ្ឋបារម្ភថា នៅពេលខ្លួនឈឺ គ្មានប្រាក់ព្យាបាល ជំងឺ ពីព្រោះការព្យាបាលជំងឺត្រូវចំណាយថវិកាច្រើន ។ ពលរដ្ឋតែងនិយាយតៗគ្នាថា គ្រូពេទ្យមួយចំនួនតូចនៅតាមមន្ទីរពេទ្យមានសម្តីមិនពិរោះ មានអាកប្បកិរិយា មិនសមរម្យដាក់អ្នកជំងឺ ។ បុគ្គលិកតាមមន្ទីរពេទ្យមួយចំនួនតម្រូវឱ្យអ្នកជំងឺចំណាយថវិកាជាមុនទើបព្យាបាលជំងឺជាដើម ។ គ្មានថវិកាអ្នកជំងឺ ត្រូវគេមិនយកចិត្តទុកដាក់ក្នុងការព្យាបាល ។

ប្រសិទ្ធភាពនៃការព្យាបាល និងបច្ចេកទេសសុខាភិបាលក៏ជាបញ្ហាចំណងមួយទៀតដែលបានធ្វើឱ្យពលរដ្ឋដែលមានប្រាក់រត់ទៅព្យាបាលជំងឺនៅប្រទេសគេ ។ ការមិនមានទំនុកចិត្តលើសេវាពេទ្យក្នុងស្រុកនេះហើយ ដែលបានជំរុញឱ្យពលរដ្ឋអ្នកមានធនធានមិនព្រមទទួលសេវាព្យាបាលជំងឺនៅក្នុងស្រុក ហើយបាននាំគ្នាទៅព្យាបាល ជំងឺនៅក្រៅប្រទេស ដូចជា នៅប្រទេសវៀតណាម ថៃ សិង្ហបូរី ឬប្រទេសដទៃទៀតនៅ ក្នុងទ្វីបផ្សេង ។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាច្រើនមកហើយ ដល់វិស័យសុខាភិបាលនេះ ។ វិស័យសុខាភិបាលទទួលបានខ្ទង់ចំណាយខ្ពស់ក្នុងចំណោមការចំណាយនានារបស់រដ្ឋប្រចាំឆ្នាំ ។ ថវិការដ្ឋដែលចំណាយមកលើវិស័យសុខាភិបាលមានការកើនឡើងរៀងរាល់ឆ្នាំ ដើម្បីដំឡើង ប្រាក់បៀវត្សរ៍ជូនគ្រូពេទ្យ និងបង្កើតគោលការណ៍នានាលើកកម្ពស់សេវាសុខាភិបាល ជូនពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ ដូចជា ការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងការផ្តល់ជូនការព្យាបាលដោយមិនគិតថ្លៃដល់កម្មករ និយោជិត មន្ត្រីរាជការ និងពលរដ្ឋ ក្រីក្រ ។

រដ្ឋក៏បានចំណាយចំពោះស្ត្រីមានផ្ទៃពោះក្រីក្រដែលមានបណ្ណក្រីក្រមកទទួលសេវាតាំងពីពិនិត្យផ្ទៃពោះរហូតដល់សម្រាលកូន និងសេវាក្រោយសម្រាលបានរហូតដល់កូនអាយុ២ឆ្នាំទៀតផង ដោយថែមទាំងទទួលការឧបត្ថម្ភបន្ថែមទៀតផងដែរ ។
ចំណាត់ការរបស់រដ្ឋ កាលពីមុនហាក់មិនទាន់ឆ្លើយតម្រូវការរបស់ពលរដ្ឋនោះទេ ។ ហេតុដូច្នេះ ហើយបានជាការប្រកាសពីការយកចិត្តទុកដាក់លើវិស័យសុខាភិបាលរបស់រដ្ឋាភិបាលអាណត្តិថ្មីទទួលបានការសារទរហើយគេបាននិយាយថា វាអាចជាថ្នាំក្នុងការព្យាបាល វះកាត់ បញ្ហានៅសេសសល់ ។ វិធានការថ្មីនេះកាន់តែផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋនៅពេលវាមានឥទ្ធិពលក្នុងការដោះស្រាយបញ្ហាខាងលើ ។
តាមការប្រកាសកម្មវិធីគោលនយោបាយក្នុងវិស័យសុខាភិបាលរបស់រដ្ឋាភិបាលថ្មី គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលបានផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែងរួមមាន ៖

ទី១) ពង្រឹងសមត្ថភាពផ្តល់សេវាសុខភាព បឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយយកចិត្តទុកដាក់លើការ ពង្រាយបុគ្គលិកគ្រប់ចំនួន ដែលមានក្រមសីលធម៌ល្អ និងទទួលបានការបណ្តុះ បណ្ដាលត្រឹមត្រូវ, ការផ្គត់ផ្គង់ឱសថ, សម្ភារបរិក្ខា និងការបំពាក់ឧបករណ៍ពេទ្យ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាលឌីជីថល ។ ទី២) អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ធនធានមនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរា.មកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព និងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជន ឱ្យកាន់តែមានភាពឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន ។ ទី៣) កសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
វិធានការរបស់រដ្ឋាភិបាលខាងលើនេះហាក់បានឆ្លើយតបចំពោះកង្វល់របស់ពលរដ្ឋ ។ ដូច្នេះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ខាងមុខនេះ ពលរដ្ឋនឹងអាចឃើញពីប្រសទ្ធិភាពនៃថ្នាំថ្មីរបស់រដ្ឋាភិបាលថ្មីក្នុងការលើកកម្ពស់វិស័យសុខាភិបាលនេះ ។ ប្រជាជនសុខភាពខ្លាំង ផលិតភាពខ្លាំង សេដ្ឋកិច្ចខ្លាំង ហើយជាលទ្ធផលកម្ពុជានឹងក្លាយជាប្រទេសខ្លាំង ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ