លោក​សុន គន្ធរ អញ្ជើញ​ពិនិត្យ​គម្រោង​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​របស់​គ្រួសារ​កង​ទ័ព


ខេត្ត​ព្រះ​វិហារ ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១១ លោក​សុន គន្ធរ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អគ្គ​នាយក​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​ រួម​ជា​មួយ​​ក្រុម​ការ​ងារ បាន​អញ្ជើញ​ទៅ​ពិនិត្យ​គម្រោង​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​របស់​សហ​គមន៍​​គ្រួសារ​​កង​ទ័ព​នៃ​បណ្តា​ភូមិ​អភិ​វឌ្ឍន៍​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​តំបន់​ព្រះ​វិហារ ក្រោម​ការ​ផ្តល់​ឥណ​ទាន​ពី​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ។ ក្នុង​ឱកាស​នោះ លោក​សុន គន្ធរ ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​នាយ​ឧត្តម​សេនីយ៍ គន់ គីម អគ្គ​មេ​បញ្ជា​ការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ លោក​នាយ​ឧត្តម​សេនីយ៍ ជា តារា លោក​ឧត្តម​សេនីយ៍ត្រី យឹម ពឹម មេបញ្ជា​ការ​កង​ពល​តូច​លេខ​៨ ព្រម​ទាំង​មេ​បញ្ជា​ការ មេបញ្ជា​ការ​រង​នៃ​កង​ពល​ចំនួន​៤​ដែល​កំពុង​អនុ​វត្ត​គម្រោង​នេះ រួម​មាន​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ កង​ពល​តូច​អន្តរា​គមន៍​លេខ​៧ កង​ពល​តូច​អន្តរា​គមន៍​លេខ​៨ និង​កង​ពល​តូច​អន្តរា​គមន៍​លេ​៩។

លោក​សុន គន្ធរ មាន​ប្រសាសន៍​ថា តាម​អនុ​សាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​​ពី​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ និង​លោក​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ​ ធនា​គារ​អភិ​វឌ្ឍន៍​ជន​​បទ​បាន​អនុ​វត្ត​នូវ​គម្រោង​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដំណាក់​កាល​លើក​ទី​១ ក្នុង​ការ​ជំរុញ​ផលិត​ផល និង​ការ​ផ្តល់​សេវា​មីក្រូ​ហិរញ្ញ​វត្ថុដល់​ប្រជា​ពល​រដ្ឋ​ដែល​ជា​សហ​គមន៍​គ្រួសារ​កង​ទ័ព​នៅ​តាម​បណ្តា​ភូមិ​អភិ​វឌ្ឍន៍​ថ្មី​ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ។

គិត​មក​ដល់​ពេល​នេះ ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​បាន​ផ្តល់​ឥណ​ទាន​សរុប​ចំនួន​៨៥០.០០០​​ដុល្លារ ដល់​កង​ពល​ទាំង​៤ ដែល​ឥណ​ទាន​ទាំង​នេះ​ចែក​ជា​២​ផ្នែក គឺ​ទី១ ឥណ​ទាន​វិនិ​យោគ​រយៈ​ពេល​វែង​សម្រាប់​ទិញ​គ្រឿង​ចក្រ ពូជ ដើម្បី​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​នៅ​តាម​កង​ពល​នីមួយ​ៗ​ ដូច​ជា​ការ​ដាំ​ដំឡូង​មី និង​ដំណាំ​ស្រូវ​លើ​ផ្ទៃ​ដី​ដែល​សម្តេច​នាយក​រដ្ឋ​មន្ត្រី​បាន​ផ្តល់​ឱ្យ​កង​ទ័ព និង​គ្រួសារ​កង​ទ័ព។ ទី២​ គឺ​ឥណ​ទាន​ផ្តល់​ដល់​សហ​គមន៍​គ្រួសារ​កង​ទ័ព​នៅ​តាម​បណ្តា​ភូមិ​អភិ​វឌ្ឍន៍​ថ្មី​ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ សម្រាប់​ធ្វើ​​ជា​ដើម​ទុន​ក្នុង​ការ​ប្រកប​របរ​កសិ​កម្ម ដូច​ជា​ដំណាំ​ស្រូវ ដំឡូង ពោត និង​ការ​ចិញ្ចឹម​សត្វ ព្រម​ទាំង​ការ​បង្កើត​មុខ​ជំនួញ​ខ្នាត​តូច​ដើម្បី​ទ្រទ្រង់​ជីវ​ភាព​គ្រួសារ។ ក្នុង​ដំណាក់​កាល​លើក​ទី​១ គ្រួសារ​កង​ទ័ព​ចំនួន​១.០៨១​គ្រួសារ ក្នុង​១០​សហ​គមន៍​ទទួល​បាន​ទុន​ឥណ​ទាន​ពី​គម្រោង​នេះ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​ឥណ​ទាន​ចាប់​ពី​២០០​ដុល្លារ​ឡើង​ទៅ។

លោក​នាយ​ឧត្តម​សេនីយ៍ គន់ គីម បាន​លើក​ឡើង​អំពី​សកម្ម​ភាព​ការ​ងារ​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​នៅ​តាម​បណ្តា​កង​ឯក​ភាព​នីមួយ​ៗ​ និង​ដំណាំ​ស្រូវ។ កង​ពល​នីមួយ​ៗ​មាន​គម្រោង​ភ្ជួរ​រាស់​ដី​ជូន​ដល់​គ្រួសារ​កង​ទ័ព និង​ធ្វើ​ការ​ផ្តល់​ពូជ​ដោយ​អនុ​គ្រោះ​ឱ្យ​ជំពាក់​ពុំ​ទាន់​ឱ្យ​បង់​ថ្លៃ​ឈ្នួល និង​ថ្លៃ​ពូជ​ឡើយ ប៉ុន្តែ​តម្រូវ​ឱ្យ​ទូទាត់​សង​វិញ​នៅ​ឆ្នាំ​ទី២ ចាប់​ពី​ការ​ទទួល​ផល​ឆ្នាំ​ទី១ តទៅ។ ធ្វើ​យ៉ាង​នេះ​គឺ​បង​ប្អូន​មាន​លទ្ធ​ភាព និង​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​បង្វិល​ប្រាក់​សង​មក​វិញ និង​មួយ​ទៀត​គឺ​មាន​ទុន​សម្រាប់​ការ​បង្ក​បង្កើន​ផល​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។

បន្ទាប់​មក​លោក​សុន គន្ធរ លោក​នាយ​ឧត្តម​សេនីយ៍ គន់ គីម លោក​នាយ​ឧត្តម​សេនីយ៍ ជា តារា និង​ក្រុម​ការ​ងារ​​បាន​អញ្ជើញ​ទៅ​ពិនិត្យ​សកម្ម​ភាព​ដាំ​ដំឡូង​របស់​បង​ប្អូន​សហ​គមន៍​គ្រួសារ​កង​ទ័ព។ សហ​គមន៍​គ្រួសារ​កង​ទ័ព​ដែល​កំពុង​ដាំ​ដំឡូង​បាន​សម្តែង​នូវ​ទឹក​ចិត្ត​សប្បាយ​រីក​រាយ និង​សង្ឃឹម​ថា គម្រោង​នេះ​នឹង​ផ្តល់​នូវ​ប្រាក់​ចំណូល​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ ជាង​នេះ​ទៅ​ទៀត​គឺ​ធ្វើ​ឱ្យ​គ្រួសារ​កង​ទ័ព​ដែល​មក​រស់​នៅ​ជា​មួយ​ប្តី​ដែល​ជា​កង​ទ័ព​ឈរ​ជើង​នៅ​ទី​នេះ មាន​មុខ​របរ និង​មាន​ជីវ​ភាព​ធូរ​ធារ។ នេះ​គឺ​ជា​យុទ្ធ​សាស្ត្រ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​ការ​ការ​ពារ​ព្រំ​ដែន​ប្រកប​ដោយ​​ចីរ​​ភាព​យូរ​អង្វែង ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​គ្រួសារ​កង​ទ័ព​នៅ​ក្បែរ​កង​ទ័ព​មាន​ជីវ​ភាព​ល្អ។

មេបញ្ជា​ការ មេ​បញ្ជា​ការ​រង​ដែល​ទទួល​បន្ទុក​ការ​ងារ​អភិ​វឌ្ឍន៍​បាន​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ភ្ជួរ​រាស់​ដី​បាន​សរុប​ចំនួន​៣.០០០​ហិកតា ដាំ​ដំឡូង​មី​បាន​ចំនួន​១១៥​ហិកតា និង​កំពុង​បន្ត​ដាំ​ចំនួន​៣០០​ហិកតា​បន្ថែម​ទៀត និង​ត្រៀម​ដាំ​ដំណាំ​ស្រូវ​ចំនួន​២០០​ហិកតា។ កង​ពល​តូច​អន្តរា​គមន៍​លេខ​៨ ភ្ជួរ​ដី​ចំការ​ដាំ​ដំឡូង​បាន​ចំនួន​៥០​ហិកតា ក្នុង​នោះ​ដាំ​ដំឡូ​ងបាន​ចំនួន​៣៤​ហិកតា ភ្ជួរ​ដី​ស្រែ​បាន​ចំនួន​១៩៦​ហិកតា ព្រោះ​ស្រូវ​បាន​ចំនួន​៣៥​ហិកតា។ កង​ពល​តូច​អន្តរា​គមន៍​លេខ​៩ ក្រៅ​ពី​ការ​ផ្តល់​ឥណ​ទាន និង​ផ្គត់​ផ្គង់​​ពូជ​ដល់​សហ​គមន៍​គ្រួសារ​កង​​ទ័ព​កង​ពល​កំពុង​បន្ត​ភ្ជួរ​រាស់​ដី​សម្រាប់​ការ​ធ្វើ​ស្រែ ដែល​គ្រោង​ពង្រីក​ផ្ទៃ​ដី​ធ្វើ​ស្រែ​ឱ្យ​បាន​៣០០​ហិកតា។ ចំពោះ​កង​ពល​តូច​អន្តរា​គមន៍​លេខ​៧ នៅ​ឆ្នាំ​កន្លង​ គឺ​មាន​តែ​សកម្ម​ភាព​ផ្តល់​ឥណ​ទាន​ដល់​សហ​គមន៍​គ្រួសារ​កង​ទ័ព​តែ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ក៏​បាន​រៀបចំ​ផ្ទៃ​ដី​ធ្វើ​ស្រែ​បាន​ចំនួន​៨០​ហិកតា​ផង​ដែរ៕

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ