ខេត្តសៀមរាប ៖ ភ្លៀងធ្លាក់លាយឡំទៅដោយខ្យល់កន្ត្រាក់១មេយ៉ាងធំ ធ្វើឱ្យផ្ទះ១ខ្នងដួលរលំរាបដល់ដី បណ្ដាលឱ្យមនុស្ស៣នាក់នៅស្រុកពួករងរបួសស្រាល។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៥០នាទីល្ងាច ស្ថិតនៅភូមិប្រាសាទចារ្រ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់តាមតេឡេក្រាមនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ម្ចាស់ផ្ទះខាងលើនេះមានឈ្មោះ អឿន ញិក ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ (ជាបុរសពោះម៉ាយ) ដែលមានសមាជិកសរុបចំនួន៦នាក់ ក្នុងនោះក្មេងចំនួន២នាក់ រស់នៅក្នុងភូមិប្រាសាទចារ្រ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

លោកបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មេឃបានបង្អុលធ្លាក់ភ្លៀងមួយមេយ៉ាងធំលាយឡំទៅដោយខ្យល់កន្ដ្រាក់បោ.កបក់ទៅលើផ្ទះមួយខ្នងធ្វើឱ្យដួលរលំរាបដល់ដីតែម្ដង បណ្ដាលមនុស្ស៣នាក់របួសស្រាលនៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ។ ជនរងគ្រោះទាំង៣នាក់នេះ រួមមាន ៖ ១- ឈ្មោះ អឿន ញិក ភេទប្រុស រងរបួសរលាត់ក្បាល។ ២-ក្មេងប្រុសម្នាក់អាយុ១ឆ្នាំ រងរបួសពកចិញ្ចើម និង៣- ឈ្មោះ ញិក ម៉ាប់ ភេទស្រី អាយុ៣៧ឆ្នាំ (ម្តាយក្មេង) រងរបួសដាច់រលាត់ក្បាល (អ្នកជិតខាងគាត់មកលេងមុនពេលកើតហេតុ)។

លោកបានបញ្ជាក់ទៀតថា ចំណែកទ្រព្យសម្បត្តិដែលរងការខូចខាត គឺផ្ទះមួយខ្នងទំហំ៧ម៉ែត្រគុណនឹងម៉ែត្រ ជញ្ជាំងស្លឹកប្រក់ក្បឿង (កម្ពស់ពីដី២,៥ម៉ែត្រ ស្លាបជញ្ជាំង៤ម៉ែត្រ) បានដួលរលំរាបដល់ដី បណ្ដាលឱ្យខូចខាតទាំងស្រុង ដែលសរុបទឹកប្រាក់ប្រហែល ១២.០០០.០០០រៀល (ដប់ពីរលានរៀល)។
បច្ចុប្បន្ន ជនរងគ្រោះដោយសារគ្រោះធម្មជាតិនោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពពួក៕

ចែករំលែកព័តមាននេះ