រាជធានីភ្នំពេញ ៖ ទីបំផុត ករណីបែកធ្លាយវីដេអូ យុវតីសិស្សវិទ្យាល័យបាក់ទូកវាយគ្នា ដែលអាណាព្យាបាល បានយកទៅបង្ហោះលើបណ្តាញសង្គមធ្វើឲ្យមានការភ្ញាក់ ត្រូវបានសមត្ថកិច្ច ដែលជាអាជ្ញាធរដែនដី រួមសហការជាមួយលោកគ្រូអ្នកគ្រូ និងនាយកសាលា ប្រឹងប្រែងដោះស្រាយសម្របសម្រួលបញ្ចប់រឿងហើយ កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។
លោកវរៈសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ៧មករា បានថ្លែងឲ្យដឹងថា បន្ទាប់ពីមានករណីអាណាព្យាបាលសិស្សវិទ្យាល័យបាក់ទូក បង្ហោះវីដេអូលើបណ្តាញសង្គម ថាកូនស្រីគាត់ ត្រូវបានសិស្សសាលាដូចគ្នា ព្រួតវាយ និងគំរាមរហូតគ្នាខ្លាចលែងហ៊ានចូលរៀនជាង១ខែនោះ ពេលនេះបានដោះស្រាយបញ្ចប់ហើយ ។
លោកអធិការ បន្តថា ដោយអនុវត្តតាមការណែនាំរបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានបញ្ជាទៅលោកវរៈសេនីយ៍ទោ អ៊ុន ភិរម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ ឲ្យសហការជាមួយលោកគ្រូ និងនាយកវិទ្យាល័យបាក់ទូក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងអាស័យដ្ឋានសិស្ស និងអាណាព្យាបាលទាំងសងខាងមកសាកសួរ បំភ្លឺតាមដំណើររឿង ដែលមានការចោទប្រកាន់គ្នានោះ ។
នារសៀលថ្ងៃខែដដែលនេះ លោកនាយប៉ុស្តិ៍នគរបាលវាលវង់ ក៏បានប្រឹងប្រែងយកចិត្តទុកដាក់ ទៅអញ្ជើញអាណាព្យាបាលភាគីទាំងពីរ និងប្រមូលសិស្ស ដែលពាក់ពន្ធ ក្នុងអំពើហិ.ង្សាវាយតប់គ្នាមកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ ដោយមានការចូលរួមពីលោកគ្រូប្រចាំថ្នាក់ លោកនាយកវិទ្យាល័យបាក់ទូក តំណាងសាលាខណ្ឌ ៧មករា និងចៅសង្កាត់ ។
ក្រោមការសម្របសម្រួលជាច្រើនម៉ោង ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគីទាំង២ ក៏បានឯកភាពគ្នាព្រមព្រៀមបញ្ចប់រឿង ដោយភាគីបង្ក បានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច មិនឲ្យកើតមានអំពើហិ.ង្សាទៅលើភាគីម្ខាងទៀត ជាលើកទី២ ទៀតឡើយ ។
លោកអធិការ បញ្ជាក់ថា ករណីនេះមិនមែនជាករណីក្មេងស្ទាវ ឬបងតូចបងធំប្រចាំសាលា វាយតប់គ្នានោះទេ គឺយុវតីជាសិស្សទាំង២ មានទំនាស់បន្តិបន្តួចតែប៉ុណ្ណោះ បន្ទាប់ពីភាគីទាំងពីរ បានធ្វើកិច្ចសន្យារួចរាល់ហើយ សមត្ថកិច្ច ក៏បានអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅផ្ទះរៀងខ្លួនទៅ ។
សូមជម្រាបឡើងវិញថា «រឿងសិស្ស១ក្រុមព្រួតវាយសិស្សស្រី កុំតែមានការបង្ហោះលើបណ្តាញសង្គមនោះ កុំអីគ្មានអ្នកណាដឹងឡើយ» ៕


ចែករំលែកព័តមាននេះ