ខេត្តព្រៃវែង ៖ បុរសជាកសិករធ្វើស្រែម្នាក់ ត្រូវបានរន្ទះបាញ់ចំ បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈបុរសរូបនោះកំពុងកាប់ដីទប់ភ្លឺស្រែ ស្ថិតក្នុងភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះដែលត្រូវបានរន្ទះបាញ់បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ចាន់ ឌី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវឆេះខ្លោចស្ទើរពេញខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មេឃពុំមានភ្លៀងនោះទេ គ្រាន់តែមានពពកខ្មៅ និងខ្យល់បក់ខ្លាំង ហើយក៏គ្មានរន្ទះអ្វីដែរ ចំណែកជនរងគ្រោះ ដោយឃើញមេឃពុំទាន់ភ្លៀង ក៏នៅឈរកាប់ដីទប់ភ្លឺស្រែរបស់ខ្លួន ជាធម្មតា រំពេចនោះ ស្រាប់តែមានសំឡេងរន្ទះបាញ់លាន់លឺគ្រាំង! ត្រូវចំជនរងគ្រោះ បណ្តាលអោយដួលស្លា.ប់បាត់បង់ជីវិតភ្លាមៗ តែម្ដង ។
ភ្លាមៗនោះ មានអ្នកស្រុកម្នាក់ ដែលកំពុងដើរដឹកគោ នៅក្បែរកន្លែងកើតហេតុ បានឃើញហេតុការណ៍ ក៏បានស្រែកផ្អើលឆោឡោឡើង ហៅគ្នីគ្នា មកជួយលើកយកជនរងគ្រោះទៅផ្ទះ និងបានរាយការណ៍ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែជនរងគ្រោះបានស្លា.ប់បាត់បង់ជីវិតទៅហើយ មិនអាចជួយសង្គ្រោះបាននោះទេ ៕

ចែករំលែកព័តមាននេះ