គម្រោងអភិវឌ្ឈន៍ផ្លូវដែកល្បឿនលឿនភ្នំពេញ -ប៉ោយប៉ែត គឺជាក្តីស្រម័យចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគម្រោងនេះបានស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីមានការជជែកផុលផុសខ្លាំងនៅមុនពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូអញ្ជើញទស្សនៈកិច្ចនៅចិន កាលពីខែកុម្ភៈ នៅក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ…
គម្រោងអភិវឌ្ឈន៍ផ្លូវដែកល្បឿនលឿនភ្នំពេញ -ប៉ោយប៉ែត គឺជាក្តីស្រម័យចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគម្រោងនេះបានស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីមានការជជែកផុលផុសខ្លាំងនៅមុនពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូអញ្ជើញទស្សនៈកិច្ចនៅចិន កាលពីខែកុម្ភៈ នៅក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ ។
គម្រោងផ្លូវដែកដែលមានតម្លៃ៤ពាន់លានដុល្លារនេះនៅលើចម្ងាយសរុបប្រមាណជា៣៨២គីឡូម៉ែត្រ ដែលអាចរត់បានពី១៦០ទៅ២០០ គីឡូម៉ែត្រនៅក្នុងមួយម៉ោងបានបញ្ចប់ការសិក្សាអំពីលទ្ធភាពនៃការសាងសង់រួចហើយ ដោយក្រុមហ៊ុនចិន ដូច្នេះហើយបានជាកម្ពុជាបានកំពុងតែព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនចិនអោយគាំទ្រ និងមកវិនិយោគនៅក្រោមគម្រោងនៃគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ (Belt and Road Initiative ) ដែលមកដល់ពេលនេះ កម្ពុជាបានកំពុងតែទទួលលើកគម្រោងជាច្រើនរួចមកហើយ ជាពិសេស គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃ២.០០០លានដុល្លារ ដែលកំពុងតែដំណើរការ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃ១.៤០០លានដុល្លារ ដែលកំពុងតែស្ថាបនាព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប តម្លៃ៨៨០លានដុល្លារ ដែលនឹងដាក់អោយដំណើរការនៅខែក្រោយនេះ និងព្រលានយន្តភ្នំពេញថ្មីតម្លៃ ១.៥០០លានដុល្លារ ដែលកំពុងតែដំណើរការសាងសង់ប្រកបដោយភាពវិជ្ជមានទៅមុខ ។
តើអាចទេដែលគម្រោងអភិវឌ្ឈន៍ផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គឺជារបៀបវារៈមួយនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជាដែលបានចាកចេញពីមាតុប្រទេសឆ្ពោះទៅបំពេញទស្សនៈកិច្ចនៅប្រទេសចិន ពីថ្ងៃទី១៤ ដល់១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ?
ពាក់ព័ន្ធនឹងរបៀបវារៈនៃដំណើរទស្សនៈកិច្ចនេះ ក្រសួងការបរទេសកម្ពុជា មិនបានលំអិតអំពីកម្មវិធី និងរបៀបវារៈនោះទេ ប៉ុន្តែក្រសួងបានបង្ហើបថា នៅក្នុងកម្មវិធីរហូតដល់ថ្ងៃទី១៦ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរសម ដោយឡែកពីគ្នាជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន ដោយខ្លឹមសារនៃកិច្ចពិភាក្សាត្រូវបានក្រសួងបង្ហើបប្រាប់ថា សម្តេចធិបតី និងមេដឹកនាំចិននឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួនរួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ ។
បន្ទាប់មកសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ។ ប្រភពក៏បង្ហើបទៀតថា មេដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង ។
ផ្អែកនៅលើទឡ្ហីករណ៍នេះ គម្រោងអភិវឌ្ឈន៍ផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលមានតម្លៃដល់ទៅ៤ពាន់លានដុល្លារ អាចស្ថិតនៅផ្នែកណាមួយនៃការពិភាក្សាអំឡុងពេលនេះ គ្រាន់តែថាចិនសម្រេចយ៉ាងណានោះគ្មាននរណាអាចដឹងច្បាស់លាស់ឡើយ គ្រាន់តែគេដឹងថា នៅពេលនេះកម្ពុជា និងចិនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ ហើយដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចិននាចុងសប្តាហ៍នេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើមូលដ្ឋានសេដ្ឋកិច្ច ។
សរុបមកវិញដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងចិន ហើយបន្ទាប់ពីទស្សនៈកិច្ចនេះតទៅប្រទេសទាំងពីរថ្វីដ្បិតតែមួយតូចមួយធំ ប៉ុន្តែនឹងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ដូច្នេះវាអាចជាក្តីសង្ឃឹម នៃគម្រោងអភិវឌ្ឈន៍ផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ