លោកហ្សាក់ រ៉ូស ប្រធានគណៈកម្មាធិការអូឡាំពិកពិភពលោក (IOC) បានសម្តែងការបារម្ភយ៉ាងជ្រាលជ្រៅក្នុងខណៈ ដែលបណ្តាប្រភេទកីឡាស្ទើរទាំងអស់ក្នុងពិភពលោកកំពុងតែស្ថិតនៅក្នុងភាពគ្រោះថ្នាក់គឺជាគ្រោះថ្នាក់ដែលកើតចេញពីការចាក់ភ្នាល់ប្រាក់ដោយខុសច្បាប់។ ទឹកប្រាក់ចាក់ភ្នាល់មិនស្របច្បាប់ទូទាំងពិភពលោក បើតាមលោកហ្សាក់ រ៉ូសថា មានប្រហែលជា១៤០ពាន់លានដុល្លារក្នុង១ឆ្នាំៗ ។
ការសម្តែងនូវក្តីព្រួយបារម្ភរបស់លោកហ្សាក់រ៉ូស បានកើតមាននៅក្នុងកិច្ចប្រជុំមួយដែលចូលរួមដោយIOCខ្លួនឯងផ្ទាល់ បណ្តាមន្រ្តីកីឡាមួយចំនួន តំណាងរដ្ឋាភិបាល ប៉ូលិសអាំងទែរប៉ូលព្រមទាំងបណ្តាក្រុមហ៊ុនភ្នាល់ស្របច្បាប់មួយចំនួនផង។ កិច្ចប្រជុំនេះផ្តោតជាចម្បងលើការយកចិត្តទុកដាក់ដោះស្រាយបញ្ហាខាងលើនេះ។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោករ៉ូសបានថ្លែងថា៖«ខ្ញុំគិតថា បណ្តាកីឡាគ្រប់ប្រភេទទាំងអស់កំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ វាមិនមែនតែកីឡាអូឡាំពិកនោះទេ តែគឺកីឡាគ្រប់ប្រភេទទាំងអស់»។ លោករ៉ូសបានបញ្ជាក់់ដដែលៗថា លោកភ័យខ្លាចថាការភ្នាល់មិនស្របច្បាប់និងខុសប្រក្រតីនឹងគំរាមនូវការជឿជាក់ពីសំណាក់អ្នកគាំទ្រ ជាពិសេសការកាឡៃលទ្ធផលនៃការប្រកួតនឹងធ្វើឱ្យអ្នកទស្សនាអស់ជំនឿ ។ លោកថ្លែងទៀតថា៖«ទឹកប្រាក់វិនិយោគនៅក្នុងការភ្នាល់មិនស្របច្បាប់មានប្រមាណ១៤០ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ។ នោះគឺជាចំនួនដ៏ធំសម្បើមបំផុត។ អ្វីដែលយើងទទួលបានពីប៉ូលិសអាំងទែរប៉ូល គឺច្បាស់ណាស់ដែលថាការភ្នាល់មិនស្របច្បាប់កំពុងតែកើនឡើង។ យើងត្រូវតែរិះរកវិធានការដើម្បីទប់ទល់ជាបន្ទាន់»។ លោករ៉ូស បានបន្ថែមថា៖«នេះមិនមែនជាបញ្ហា ដែលត្រូវតែដោះស្រាយសម្រាប់តែកីឡាអូឡាំពិកប៉ុណ្ណោះទេ តែវាជាបញ្ហារបស់កីឡាគ្រប់ប្រភេទទាំងអស់។ អ្វីដែលយើងបានឮនៅព្រឹកនេះគឺជាសញ្ញាដ៏ច្បាស់មួយ»។
អគ្គលេខាធិការប៉ូលិសអាំងទែរប៉ូល លោករ៉ូណាល់ ណូបល បានថ្លែងនៅក្នុងកិច្ចប្រជុំថា នៅក្នុងប្រតិបត្តិការវាយឆ្មក់រួមគ្នាមួយរបស់ប៉ូលិសដែលមានរយៈពេល៤សប្តាហ៍នៅក្នុងប្រទេសចិន ម៉ាឡេស៊ី សិង្ហបុរី ថៃនិងវៀតណាមនៅឆ្នាំ២០០៧ បានរកឃើញទឹកប្រាក់ភ្នាល់បាល់ចំនួន៧០០លានដុល្លារ។ ទីកន្លែងភ្នាល់ជិត៤០០ត្រូវបានបិទ។
នៅឆ្នាំ២០០៨ ចំពេលដែលមានការប្រកួតបាល់ទាត់យូរ៉ូ ឆ្នាំ២០០៨ ប្រតិបត្តិការមួយនៅប្រទេសឥណ្ឌូណេស៊ីចាប់បានមនុស្ស១.៣០០នាក់និងទឹកប្រាក់ភ្នាល់ចំនួន១,៤ពាន់លានដុល្លារត្រូវបានបង្កកចោល។ ចំណែកនៅក្នុងការប្រកួតWorld Cupឆ្នាំទៅមិញ ទឹកប្រាក់ភ្នាល់ប្រមាណ១៥៥លានដុល្លារត្រូវបានគេរកឃើញនិងរឹបអូសនៅក្នុងប្រទេសចំនួន៤។ តាមប៉ូលិសអាំងទែរប៉ូល ប្រទេសទាំងនោះមានដូចជា៖ចិន ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ ។
យោងតាមលោករ៉ូសបានឱ្យដឹងថា ការភ្នាល់បាល់ដោយខុសច្បាប់កើតច្រើនជាងគេនៅក្នុងបាល់Divisionទី៤(លីកទី៤)។ លោករ៉ូសបានបន្ថែមថា៖«ក៏មានករណីក្លែងបន្លំឯកសារនិងការកាឡៃលទ្ធផលការប្រកួតមួយចំនួននៅក្នុងកីឡាបោកចំបាប់ស៊ូម៉ូរបស់ជប៉ុនដែរ ហើយថ្មីៗនេះគឺនៅក្នុងកីឡាគ្រីកឃីត»។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បាននិយាយថា ខ្លួននឹងផ្តល់មូលនិធិដែលមានទឹកប្រាក់៨លានអឺរ៉ូសម្រាប់ការហ្វឹកហ្វឺនប៉ូលិសអាំងទែរប៉ូលមួយក្រុមនៅប្រទេសសិង្ហបុរីក្នុងគោលបំណងដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការបន្លំលទ្ធផលការប្រកួតក៏ដូចជាការចាក់ភ្នាល់ដោយខុសច្បាប់(ការភ្នាល់ដែលមានតម្លៃរាប់រយលានដុល្លារ)។ នេះជាចំនួនទឹកប្រាក់សម្រាប់ផែនការ២ឆ្នាំដំបូង ដែលផែនការនេះមានរយៈពេល៨ឆ្នាំនិងគ្រោងចំណាយអស់ទឹកប្រាក់១២លានអឺរ៉ូ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រធានFIFAលោកសេប ប្ល៊ែតធ័រ បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំជាមួយអគ្គលេខាធិការប៉ូលិសអាំងទែរប៉ូល លោករ៉ូណាល់ ណូបលមានខ្លឹមសារថា៖«ការគំរាមកំហែងនៃការលួចបន្លំលទ្ធផលប្រកួតគឺជាបញ្ហាដ៏ធំចំបងមួយ ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទប់ស្កាត់ការគំរាមកំហែងនេះ»។
តាមប្រភពពីប៉ូលិសអាំងទែរប៉ូលថា ការភ្នាល់ដោយខុសច្បាប់ជាពិសេសក្នុងវិស័យកីឡាបាល់ទាត់កើតមានជាពិសេសនៅទ្វីបអាស៊ីហើយដែលការភ្នាល់ទាំងនោះត្រូវបានគេរកឃើញថាមានចំនួនទឹកប្រាក់រាប់រយលានដុល្លារក្នុង១ឆ្នាំៗ ។ នៅក្នុងសេចក្តីប្រកាសរួមមួយជាមួយនឹងIOCបណ្តាមន្រ្តីកីឡាគ្រប់ប្រភេទរួមទាំងក្រុមហ៊ុនភ្នាល់ស្របច្បាប់ បានសន្យាបង្កើតនូវកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយគ្នាសំដៅប្រយុទ្ធប្រឆាំងនឹងការលួចបន្លំគ្រប់ទម្រង់ទាំងអស់ ៕
ចែករំលែកព័តមាននេះ