ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋាន​ប្រកួត World Cup តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ទុក​ចោល

1 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ កីឡដ្ឋាន​បាល់ទាត់​ដ៏​ធំ​សម្បើម​មួយ ដែល​ធ្លាប់​ទទួល​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍ World

ប្រេ​ស៊ី​ល ៖ កីឡដ្ឋាន​បាល់ទាត់​ដ៏​ធំ​សម្បើម​មួយ ដែល​ធ្លាប់​ទទួល​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup បច្ចុប្បន្ន​ត្រូវ​បាន​គេ​ទុក​ចោល ដោយ​ប្រែ​ទៅ​ជា​កន្លែង​ទុក​ឡានក្រុង​ទៅ​វិញ​។ កីឡដ្ឋាន​នោះ​មានឈ្មោះ​ថា Mane Garrincha មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​សហព័ន្ធ​ប្រេ​ស៊ី​លី (Brasília) ប្រទេស​ប្រេ​ស៊ី​ល ដែល​មាន​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ ៧២,០០០​នាក់ ធ្លាប់​រៀបចំ​ការ​ប្រកួត World Cup ចំនួន ៧ ប្រកួត ដែល​ប្រេ​ស៊ី​ល​ខ្លួនឯង​ជា​ម្ចាស់ផ្ទះ កាលពី​៩​ឆ្នាំ​មុន​។

កីឡដ្ឋាន​នេះ រាប់​បញ្ចូល​ទាំង​ការ​ទទួល​ជ័យជម្នះ​ក្នុង​វគ្គ​ចែក​ពូ​ល​របស់​ប្រេ​ស៊ី​ល លើ​កា​មេ​រូ​ន និង​ការ​បរាជ័យ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ លើ​ហូ​ឡង់ ក៏​ដូច​ជា​ការ​ទទួល​ជ័យជម្នះ​របស់​បារាំង​លើ​នី​ហ្សេ​រី​យ៉ា នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​នៅ​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​របស់​អា​ហ្ស​ង់​ទី​ន​លើ​បែ​ល​ហ្ស៊ិ​ក​។

ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ គឺជា​ឆ្នាំ ដែល​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល រង​ភាព​អាម៉ាស់​ជាទី​បំផុត ដោយ​ចាញ់​អា​ល្លឺ​ម៉​ង់​ដោយ​លទ្ធផល ៧-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​អា​ល្លឺ​ម៉​ង់​បន្ត​ផ្តួល​អា​ហ្ស​ង់​ទី​ន ដើម្បី​គ្រង​តំណែង​ជើងឯក​។

យ៉ាងណាមិញ សព្វ​ថ្ងៃនេះ កីឡដ្ឋាន Mane Garrincha ទទួល​រៀបចំ​ការ​ប្រកួត​បាល់ទាត់​តិចតួច​បំផុត ហើយ​ជំនួស​វិញ ដោយ​ប្រើប្រាស់​សម្រាប់​ព្រឹត្តិការណ៍ ឬ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ ដូច​ជា​ព្រឹត្តិការណ៍​ចាក់​សាក់ និង​ពិព័រណ៍​អាហារ​ជប៉ុន​ជាដើម ខណៈ​ដែល​ចំណតរថយន្ត ត្រូវ​បាន​ប្រែ​ក្លាយទៅជា​កន្លែង​ទុក​ឡានក្រុង​បណ្តោះអាសន្ន ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់​។

កីឡដ្ឋាន Mane Garrincha សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៩៧៤ និង​ត្រូវ​បាន​ជួសជុល​ស្ថាបនា​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១៣ ដើម្បី​ជំនួស​កៅអី​ចាស់​ដែល​មាន​ត្រឹម ៤៥,០០០​កៅអី​ប៉ុណ្ណោះ គម្រោង​នៃ​កីឡដ្ឋាន​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​ចំណាយ​ថវិកា​សរុប ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ធ្លាប់​ជា​កីឡដ្ឋាន​បាល់ទាត់​ថ្លៃ​បំផុត​ទី​២ នៅ​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ពីក្រោយ​កីឡដ្ឋាន​ជាតិ Wembley របស់​ចក្រភព​អង់គ្លេស​។

បើ​ទោះបីជា​ត្រូវ​បាន​គេ​ទុក​ចោល ដោយ​មិន​ទទួល​ការ​ប្រកួត​បាល់ទាត់​ក៏​ពិតមែន ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​១៦៤,០០០​ដុល្លារ​នៅ​ក្នុង​១​ខែ សម្រាប់​ការងារ​ថែទាំ​កីឡដ្ឋាន​មួយ​នេះ​។ ចាប់តាំងពី​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​រី​អូ (Rio) ក្នុង​ឆ្នាំ ២០១៦ កីឡដ្ឋាន Mane Garrincha ត្រូវ​បាន​ទុក​ចោល​យ៉ាង​ស្ងាត់ជ្រងំ​រហូត​មក​ទល់​សព្វថ្ងៃ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ