ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ ជួន ណា​រិ​ន្ទ ណែនាំ​នគរបាល​ឲ្យ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ក្រោយ​អ្នក​ច្បារ​អំពៅ ថា​សមត្ថកិច្ច​មិន​អើពើ​ចោរកម្ម​ក្នុង​មូលដ្ឋាន

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​នៅ​តាម​បណ្តា​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ខិតខំ​ប្រឹងប្រែង​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ នាំ​មក​សុខ​សុវត្ថិភាព និង​ផ្តល់​ភាព​កក់ក្តៅ ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​នោះ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ហើយ​ត្រូវ​កាត់​បន្ថយ​ភាព​អសកម្ម​នានា ដែល​នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ថ្នាំងថ្នាក់​ចិត្ត នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

លោកស្នងការ ជួន ណា​រិ​ន្ទ បាន​ណែនាំ​បែប​នេះ ក្រោយ​ពី​ទទួល​ព័ត៌មាន​ចុះ​ផ្សាយ​តាម​បណ្តា​អង្គភាព​ព័ត៌មាន​មួយ​ចំនួន នូវ​កិច្ច​សម្ភាសន៍​របស់​ប្រជាពលរដ្ឋ ស្តី​ពី​ការ​ព្រួយបារម្ភ​អំពើ​ចោរកម្ម តែង​កើត​មាន​ក្នុង​មូលដ្ឋាន នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​គ្មាន​ចំណាត់ការ​ជូ​យ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​នោះ ទើប​នៅ​រសៀល​ថ្ងៃ​អង្គា​រ៍​នេះ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​ង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ និង​រាយការណ៍​ជូន​មក​លោកស្នងការ​វិញ ។

ក្នុង​សម្ភាសន៍​ជាមួយ​សារព័ត៌មាន ស្ត្រី​ម្នាក់​ឈ្មោះ នាង ស៊ី​ណាត រស់នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ បាន​លើក​ឡើង​ថា រូប​គាត់​បាន​បាត់​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CL-1347 កាលពី​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៣ ដោយ​គ្មាន​ចំណាត់ការ​ទាន់​ពេលវេលា​របស់​សមត្ថកិច្ច​មូលដ្ឋាន ក្នុង​ការ​បង្ក្រាប​ជនសង្ស័យ ហើយ​សមត្ថកិច្ច​មិន​អើពើ​ផង​នោះ​ទៀត ។

បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ភ្លាម លោក​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ក៏​បាន​បំភ្លឺ​ជូន​ជុំវិញ​ករណី​ខាងលើ​នេះ ដោយ​បាន​បញ្ជាក់​ថា ជនសង្ស័យ ដែល​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ឈ្មោះ នាង ស៊ី​ណាត ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣ និង​បាន​ដកហូត​ម៉ូតូ​០១​គ្រឿង របស់​ស្ត្រី​រង​គ្រោះ​មក​វិញ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន ៖ ទី​១-​ឈ្មោះ ពុទ្ធ ធា​រ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្មាំ ជនជាតិ ខ្មែរ​គ្មាន​មុខរបរ​ពិតប្រាកដ និង​ទី​២-​ឈ្មោះ ស៊ុន ស៊ី​ម៉ា ភេទ ប្រុស អាយុ ៣៦​ឆ្នាំ​គ្មាន មុខរបរ​ពិត ។ ជនសង្ស័យ​ទាំង​០២​នាក់​នេះ ស្នាក់​នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។

ប៉ុន្តែ​ម៉ូតូ​០១​គ្រឿង ដែល​បាន​ដកហូត​មក​វិញ​នោះ ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​ស៊ី​គ្រឿង​អស់​មួយ​ចំនួន ត្រូវ​បាន​លោក​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន ១៥០​ដុល្លារ ជួសជុល​ម៉ូតូ​ឲ្យ​ល្អ​ឡើង​វិញ​ហើយ នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ សមត្ថកិច្ច ក៏​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម ។

ទន្ទឹម​នោះ ស្ត្រី​ម្ចាស់​ម៉ូតូ​ក៏​បាន​សម្តែង​ក្តី​រីករាយ និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ