ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ឃុ​.​ប​ឃិ​.​ត​គ្នា​លក់​ដី​រួម​ភូមិ​ប្រមាណ​១០​ម៉ឺន​ដុល្លារ មិន​ទាន់​ស្ងប់​ទេ​… អ្នកស្រុក​ខ្លះ​កំពុង​ប្រឆាំង

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ក្នុងភូមិ​ឧ​ប​សម្ព័ន្ធ របស់​ភូមិ​ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​នាំ​គ្នា​ទៅ​ធ្វើការ​តវ៉ា​ជាមួយ​អាជ្ញាធរ​ឃុំ និង​ជំនាញ ក្នុង​នោះ​ផង​ដែរ ពលរដ្ឋ​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ ក៏​ដូច​ជា​ស្រុក

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ក្នុងភូមិ​ឧ​ប​សម្ព័ន្ធ របស់​ភូមិ​ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​នាំ​គ្នា​ទៅ​ធ្វើការ​តវ៉ា​ជាមួយ​អាជ្ញាធរ​ឃុំ និង​ជំនាញ ក្នុង​នោះ​ផង​ដែរ ពលរដ្ឋ​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ ក៏​ដូច​ជា​ស្រុក ជួយ​រក្សា​ដី​រួម​ភូមិ ដែល​លោក​មេ​ភូមិ និង​ប្រពន្ធ​របស់​គាត់​ឃុ​.​ប​ឃិ​.​ត​គ្នា​ជាមួយ​បក្សពួក​របស់​គាត់ ដែល​មាន​មន្ត្រី​អួត​ថា ខ្លួន​ជាទី​ប្រឹក្សា​ក្រសួង លក់​ទៅ​ឲ្យ​ឈ្មួញ ក្នុង​គោលបំណង​យក​មក​ចែក​គ្នា​។

ប្រភព​ពី​ប្រជាពលរដ្ឋ បាន​បង្ហើប​ឱ្យ​ដឹង​ថា កាលដែល​មក​ជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ពលរដ្ឋ​ទាំងអស់​បាន​លើក​ឡើង​ថា ការ​មក​ជួបជុំ​នា​ពេល​នេះ គឺ​មិន​បាន​រារាំង​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ទេ តែ​រឿង​លក់​ដី​រួម​នេះ គឺ​ប្រពន្ធ​លោក​មេ​ភូមិ និង​លោក​មេ​ភូមិ​តែ​ម្ដង ជា​តួឯក​ក្នុង​រឿង​នេះ​។ ក្នុង​នោះ​ក៏​មាន​ទាំង​បក្សពួក​របស់​គាត់ ធ្វើការ​នៅ​ឃុំ​ព្នាយ​ផង​ដែរ ក្នុង​ចេតនា​យក​លុយ​ចែក​គ្នា ដោយ​មិន​មានការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឡើយ ហើយ​អ្វី​ដែល​ពលរដ្ឋ​បានដឹង គឺ​ប្រពន្ធ​លោក​មេ​ភូមិ ក្រោយ​ពេល​ដែល​ទទួល​បាន​លុយ​កក់​លើក​ទី​១ គាត់​បាន​និយាយ​ថា ពេល​ទទួល​កក់​លើក​ទី​២ គាត់​នឹង​ទៅ​ទាក់ទង​ក្រុមហ៊ុន​ឡាន ដើម្បី​ទិញ​ឡាន​ជិះ ហើយ​កាលដែល​និយាយ​របៀប​នេះ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មិន​សុខចិត្ត ហើយ​ស្នើ​សុំ​ឲ្យ​រក្សា​ដី​នេះ​ជា​ដី​រួម​ដដែល​។

ប្រភព​ដដែល​បន្ត​ថា ការ​តវ៉ា​នេះ គឺ​ចង់​ស្នើ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​ពិនិត្យ​និង​អន្តរាគមន៍ ដើម្បី​រក្សា​ដី​នេះ​ទុកជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ដូច​ដើម​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បានជា​លោក​មេ​ភូមិ និង​បក្សពួក ហ៊ាន​ឃុ​.​ប​ឃិ​.​ត​គ្នា​លក់​ដី​រួម​ភូមិ ជា​ប្រព័ន្ធ​នេះ ដោយសារ​តែ​មាន​បុរស​ម្នាក់ គឺ​លោក ជួប វណ្ណៈ ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​ទីប្រឹក្សា​ក្រសួង​ដែនដី ហើយ​ក៏​ជា​អ្នក​រត់ការ​ឯកសារ ដើម្បី​លក់​ដី​នេះ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ផង​ដែរ​។ លុះ​នៅ​រសៀល​ថ្ងៃ​ដដែល អាជ្ញាធរ​បាន​បញ្ចុះបញ្ចូល និង​គំ​រា​.​ម​ថា នឹង​ប្ដឹង​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​តវ៉ា​ក្នុង​រឿង​លក់​ដី​រួម​នេះ ហើយ​អ្នកខ្លះ​នៅ​ពេល​ដែល​ទទួល​រង​នូវ​សំពាធ​បែប​នេះ ក៏​ព្រម ឯ​អ្នកខ្លះ​ទៀត​ក៏​នៅ​តែ​មិន​ព្រម​។

គួរ​បញ្ជាក់​ថា មិន​អាច​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក​មេ​ភូមិ និង​លោក​មេឃុំ បាន​ឡើយ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​។

សូម​រំលឹក​ថា មេ​ភូមិ​ក្រាំង​ស្នួល ដែល​ជា​តួអង្គ​សំខាន់​មួយ បន្ទាប់​ពី​ប្រពន្ធ​របស់​គាត់ បាន​និយាយ​ថា រឿង​លក់​ដី​រួម​ភូមិ​នេះ គាត់​មិនមែន​លក់​យក​លុយ​តែ​ម្នាក់ឯង​នោះ​ទេ ព្រោះថា ពេល​បាន​លុយ​មក គឺ​ចែក​គ្នា តាម​តិច តាម​ច្រើន​។ ប៉ុន្តែ​លោក សំ សន បាន​ព្រលយ​ពាក្យ​ថា «​អ្នកកាសែត​ចង់​ផ្សាយ​អី​ផ្សាយ​ទៅ គាត់​មិន​ខ្វល់​ឡើយ ព្រោះ​អ្នកកាសែត​មុន​ៗ​ដែល​គ្មាន​អ្នក​ណា​ស្គាល់​សោះ មក​សុំ​លុយ​តែ​ម្នាក់​៥​ម៉ឺន ១០​ម៉ឺន​រៀល ក៏​ទៅ​វិញ​បាត់​អស់​ទៅ​»​។

រឿងរ៉ាវ​ខាងលើ​នេះ បានដឹង​ដល់​អ្នក​យក​ព័ត៌មាន​យើង នា​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣ ក្រោយ​មាន​ពលរដ្ឋ​មួយ​រូប​រស់នៅ​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​រាយការណ៍​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា «​ដី​រួម​ភូមិ​មួយ​កន្លែង ទំហំ​ជាង​៣០០០​ម៉ែត្រការ៉េ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​ប្រពន្ធ​មេ​ភូមិ ជា​មេខ្យល់ បាន​ដើរ​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​ខ្លួន​ក្នុង​ការ​លក់​ដី​រួម​នេះ ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​ដែល​មិន​បានដឹង​ពី​រឿង​លក់​ដី​នេះ​ឡើយ​»​។

ប្រភព​ប្រភព​ដដែល​រាយការណ៍​បន្ត​ថា «​ដី​ដែល​មាន​ទំហំ​ខាងលើ ត្រូវ​បាន​ប្រពន្ធ​មេ​ភូមិ​ក្រាំង​ស្នួល ចេញ​មុខ​ទទួល​លុយ​កក់​ពី​ឈ្មួញ​នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ ចំនួន​៨​ពាន់​ដុល្លារ​។ បើ​និយាយ​​ទៅ​ដី​នេះ ក៏​ជា​ដី​ដែល​មាន​ទំនាស់​ផង​ដែរ មិនមែន​ដី​រួម​ទាំង​អស់នោះ​ទេ​។​តែ​ដោយសារ​អាង​អំណាច​ប្ដី​ជា​មេ​ភូមិ ហើយ​ក៏​មាន​អ្នក​ចាំ​ជួយ​ពីក្រោយ​ខ្នង​ទៀត​ផង​នោះ ទើប​ប្រពន្ធ​លោក​មេ​ភូមិ​រូប​នេះ រឹតតែ​បានដៃ​ខ្លាំង​ឡើង​ៗ​។ ហើយ​នៅ​ពេល​មាន​អ្នក​សួរ​ថា ហេតុ​អ្វី​បានជា​មេ​ភូមិ​លក់​ដី​នេះ? លោក សំ សន មេ​ភូមិ​ក្រាំង​ស្នួល បាន​និយាយ​ថា «​ដី​នេះ ត្រូវ​បាន​ឈ្មួញ​ទិញ​យក​អស់ហើយ​ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ តម្លៃ​ជិត​៣០​ដុល្លារ​»​។

មានការ​លើក​ឡើង​ផង​ដែរ​ថា រឿង​លក់​ដី​នេះ បើ​គ្មាន​ការ​បើកភ្លើង​ខៀវ​ពី​ជំនាញ​ពាក់ព័ន្ធ​ទេ ម្ល៉េះ​សម​មេ​ភូមិ មេឃុំ មិន​ហ៊ាន​នោះ​ទេ ជា​ពិសេស​គឺ​ប្រពន្ធ​មេ​ភូមិ​តែ​ម្ដង ដែល​ជា​អ្នក​ចេញ​មុខ​ខ្លាំង​ជាងគេ​។ ហើយ​ការ​លក់​ដី​រួម​ភូមិ​នេះ ក៏​ត្រូវ​បាន​ប្រភព​មួយ​បង្ហើប​ថា «​អស់លោក​អាជ្ញាធរ​ឃុ​.​ប​ឃិ​.​ត​គ្នា​ជា​ប្រព័ន្ធ​លក់​បាន​លុយរាប់​ម៉ឺន​ដុល្លារ ដោយ​មាន​ប្រពន្ធ​មេ​ភូមិ​ធ្វើ​ជា​អ្នកតំណាង​ពលរដ្ឋ ហើយ​សំអាង​ថា ថ្នាក់លើ​បាន​ឯកភាព​គ្នា​អស់ហើយ ព្រោះ​មាន​ទីប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម មួយ​រូប ជា​អ្នក​រត់ការ និង​កាន់​ឯកសារ​ធ្វើ​ប្លង់ ស្រប​ពេល​ដែល​អាជ្ញាធរ​ស្រុក បាន​បដិសេធ​ថា «អត់​ដឹង​រឿង​នេះ​ទេ​»​។

គេ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​មាន​ទីប្រឹក្សា​ក្រសួង​ចុះ​ទៅ​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​រឿង​លក់​ដី​រួម​ភូមិ​នេះ​ទៅ​វិញ? ហើយ​ការ​អះអាង​របស់​លោក​មេ​ភូមិ ដែរ​ថា ថ្នាក់លើ​ដែល​មាន​ទីប្រឹក្សា​ក្រសួង​ជា​អ្នក​រត់ការ និង​កាន់​ឯកសារ​ធ្វើ​ប្លង់​នេះ តើ​អាច​ធ្លាក់​មក​ពីលើ​វិញ ដោយ​របៀប​ណា? បើ​ឯកសារ​ថ្នាក់​ក្រោម មិន​ទាន់​រៀបចំ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​នោះ?

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ មន្ត្រីឃុំ​មួយ​រូប បាន​លើក​ឡើង​ដែរ​ថា «​បើ​លក់​ហើយ យក​លុយ​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងភូមិ​ជា​ការ​ល្អ តែបើ​យក​មក​ចែក​គ្នា ចុះបើ​ចែក​មិន​ស្មើហើយ​មាន​នរណា​ម្នាក់​ប្ដឹង​នោះ ប្រាកដជា​វីវរ​ធំ​ហើយ​។ ដោយឡែក​រឿង​ធ្វើ​ប្លង់​ត្រូវ​រៀបចំ​ពីក្រោម​ទៅ​លើ ហើយ​បើ​ស្រុក​មិន​ដឹងផង ចុះបើ​ស្រុក​បដិសេធ​មិន​ចុះហត្ថលេខា ខាង​មន្ទីរ​ក៏​មិន​ហ៊ាន​ដែរ​។ រឿង​នេះ​មិន​មែន​ស្រួល​ដូច​អស់លោក​លើក​ឡើង​រឿង​ធ្វើ​ប្លង់​ចេញពី​ក្រសួង​នោះ​ទេ រឿង​នេះ និយាយ​មក​ខុស​ពី​ការ​ពិត​ទាំងស្រុង​»​។

លោក សំ សន មេ​ភូមិ​ក្រាំង​ស្នួល បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរ​ថា ប្រពន្ធ​របស់​លោក​ពិតជា​បាន​ទទួល​លុយ​កក់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣ ពិតប្រាកដ​មែន គឺ​លុយ​កក់​លើក​ទី​១ ដោយសារ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ទទួល ទើប​ប្រពន្ធ​លោក​ជា​អ្នក​ទទួល​តែ​ម្ដង​ទៅ​ក្នុង​ចំនួន​៨​ពាន់​ដុល្លារ​។

ដោយ​ពលរដ្ឋ​ចាំ​ទទួល​លុយ​នៅ​លើក​ទី​២ លោក​មេ​ភូមិ បាន​ប្រាប់​ថា ម្សិលមិញ​តំណាង​ចំនួន​៧​ទៅ​៨​នាក់​ឃើញ​មក​ដែរ ហើយ​លុយ​ដែល​បាន​ពី​ការ​លក់​ដី​រួម​ភូមិ​នេះ បើ​រាប់​ចំនួន​គ្រួសារ​ក្នុងភូមិ គឺ​មាន​ច្រើន តែបើ​រាប់​គ្រួសារ​ចាស់​ៗ​ជំនាន់​ឆ្នាំ​១៩៨៦ គឺ​មាន​ចំនួន​ជាង​១០០​គ្រួសារ​ប៉ុណ្ណោះ​។

លោក​មេ​ភូមិ បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ទទួល​លុយ​លើក​ទី​២ លោក​នឹង​ហៅ​ឃុំ​មក​ជួយ​មើល និង​បែងចែក​។ ហើយ​ដី​រួម​ភូមិ​លក់​នេះ បើ​តាម​លោក​មេ​ភូមិ គឺ​មាន​ចំនួន​ជាង​៣​ពាន់​មែ​ត្រ​កា​រ៉េ ដោយ​ក្នុង​មួយ​កា​រ៉េ​ជិត​៣០​ដុល្លារ ដូច្នេះ​ការ​លក់​ដី​នេះ​បើ​សរុប​ទៅ គឺ​មាន​ទំហំ​ទឹក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ដែរ​។

រឿង​នេះ​ពលរដ្ឋ​បាន​លើក​ឡើង​ថា ហើយ​បើ​តាម​ដឹង គឺ​គេ​បែងចែក​ឲ្យ​ប្រជាពលរដ្ឋ​ប្រាកដ​មែន តែ​មិនដឹង​ថា តើ​ក្នុង​មនុស្ស​គ្រួ​សារបាន​ទទួល​លុយ​ប៉ុន្មាន​នោះ​ទេ?​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រឿង​នេះ​ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន មានការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បានជា​ប្រពន្ធ​លោក​មេ​ភូមិ​ខ្នះខ្នែង រួម​ទាំង​លោក​មេ​ភូមិ និង​អាជ្ញាធរ​ឃុំ​ផង​ដែរ គឺ​ខ្នះខ្នែង​លក់​ដី​នេះ​ខ្លាំង​ម្ល៉េះ ឬ​មួយ​ក៏​លក់​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន?

លោក ឃិ​ន តារា មេឃុំ​ភ្នា​យ បាន​បញ្ជាក់​ប្រាប់​ថា រឿង​លក់​ដី​នេះ មិនមែន​ឃុំ​ទេ គឺ​ប្រជាពលរដ្ឋ​ឯក​ភាព​គ្នា​លក់ ដោយ​ម្នាក់​ៗ​ថា ជា​ដី​កម្មសិទ្ធិ ឯ​ម្ខាង​ទៀត​ថា​ជា​ដី​រួម​ភូមិ ប៉ុន្តែ​ឥឡូវនេះ ពួក​គាត់​ព្រមព្រៀង​គ្នា​លក់​ហើយ​។

លោក​មេឃុំ​បាន​បញ្ជាក់​ទៀត​ថា ខាង​ក្រសួង​ដែនដី​បាន​ចុះ​មក​ដោះស្រាយ​គ្នា​កាលពី​៣​ទៅ​៤ ថ្ងៃមុន ដោយ​សម្រេច​ថា ភាគី​ខាង​ណា​ទទួលយក​ប៉ុន្មាន ហើយ​ភាគី​ម្ខាង​ទៀត​ទទួល​បាន​ប៉ុន្មាន ក្នុង​នោះ​ពលរដ្ឋ​បាន​ផ្តិត​មេដៃ​ស្នើ​សុំ​ឲ្យ​ក្រសួង​ចេញ​ប័ណ្ណ ដោយ​ពួក​គាត់​ព្រមព្រៀង​លក់ ហើយ​ខាង​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​មាន លោក ជួប វណ្ណៈ ទីប្រឹក្សា​ក្រសួង ជា​អ្នកសម្របសម្រួល​រឿង​នេះ និង​ជា​អ្នក​កាន់​ឯកសារ​រត់​ធ្វើ​ប្លង់​។

លោក ឃិ​ន តារា មេឃុំ​ព្នាយ បាន​បញ្ជាក់​ទៀត​ថា រឿង​នេះ បើ​ចង់​ដឹង​ច្បាស់ សូម​ទាក់ទង​ទៅ​ក្រសួង​រៀបចំ​ដែនដី​។ ដោយ​លោក​បាន​បញ្ជាក់​ប្រាប់​ថា ឯកសារ​អ្វី​ៗ លោក ជួប វណ្ណៈ អតីត​ប្រធាន​ការិយា​ល័យ​ភូមិបាល​ស្រុក​សំរោង​ទង ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ ជា​អ្នក​កាន់​ឯកសារ​ទៅ​រត់ការ​នៅ​ក្រសួង​អស់ហើយ​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​រួម​ភូមិ​នេះ​ដែរ អភិបាលស្រុក​សំរោង​ទង បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ខាង​ស្រុក​មិន​បានដឹង​រឿង​នេះ​ទេ​។ លោក​បន្ថែម​ថា ដី​រួម​ភូមិ ពួក​គាត់​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​ដី​សម្រាប់​ប្រយោជន៍​សាធារណៈ​។ លោក​អភិបាលស្រុក​បន្ត​ថា រឿង​នេះ អ្នក​ណា​ឯកភាព គឺជា​រឿង​របស់​គេ ដោយឡែក​ខាង​ស្រុក​អត់​ដឹង​ទេ​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខងារ​ទីប្រឹក្សា​ក្រសួង​អស់ហើយ តើ​មាន​ទីប្រឹក្សា​ក្រសួង​មកពីណា​ទៀត? ហើយ​ហេតុ​អ្វី​បានជា​លោក ជួប វណ្ណៈ យក​ងារ​ជាទី​ប្រឹក្សា​ក្រសួង​ចុះ​ទៅ​ដោះស្រាយ និង​រត់ការ​ឯកសារ​រឿង​លក់​ដី​រួម​ភូមិ​នេះ​ទៅ​វិញ?​។ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក ជួប វណ្ណៈ បាន​ទេ​ម្សិល​ម៉ិ​ញ​នេះ​។

គួរ​រំលឹក​ទៀត​ថាអ្នក​ណាខ្លះ​ថ្លើមធំ​ហ៊ាន​លក់​ដី​រួម​ភូមិ​… សង្ស័យ​រឿង​ទន្សោង​គោព្រៃ តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ ទេ​ដឹង? ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ