ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណាខ្លះ​ថ្លើមធំ​ហ៊ាន​លក់​ដី​រួម​ភូមិ​… សង្ស័យ​រឿង​ទន្សោង​គោព្រៃ តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ ទេ​ដឹង?

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

រឿងរ៉ាវ​ដែល​មេ​ភូមិ និង​ប្រពន្ធ​រួម​ជាមួយ​ឃុំ ឃុ​.​ប​ឃិ​.​ត​គ្នា​ជា​ប្រព័ន្ធ​លក់​ដី​រួម​ភូមិ​នៅ​ភូមិ​ក្រាំង​ស្នួល រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​មួយ​ចំនួន​បាន​គំ​រា​.​ម​អ្នក​ដែល​មាន​បំណង​ប្រឆាំង​តវ៉ា​មិន​ឲ្យ​លក់​

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​ដែល​មេ​ភូមិ និង​ប្រពន្ធ​រួម​ជាមួយ​ឃុំ ឃុ​.​ប​ឃិ​.​ត​គ្នា​ជា​ប្រព័ន្ធ​លក់​ដី​រួម​ភូមិ​នៅ​ភូមិ​ក្រាំង​ស្នួល រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​មួយ​ចំនួន​បាន​គំ​រា​.​ម​អ្នក​ដែល​មាន​បំណង​ប្រឆាំង​​តវ៉ា​មិន​ឲ្យ​លក់​។ នេះ​បើ​យោង​តាម​ប្រភព​ដែល​យើង​ទទួល​បាន​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​នេះ​ដែរ លោក​មេ​ភូមិ បាន​ដឹកនាំ​ក្រុម​មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ចុះ​ទៅ​ធ្វើការ​វាស់វែង​ជាមួយនឹង​បក្សពួក​របស់​ខ្លួន ក្នុង​ន័យ​ឡើង​ប្លង់​ម៉ា​ប ដើម្បី​រត់​ឯកសារ​។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ក្នុង​ការ​លក់​ដី​រួម​ភូមិ​នេះ​ដែរ លោក​មេ​ភូមិ បាន​ធ្វើការ​បែងចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជាង​១០០​គ្រួសារ​ក្នុង​ទឹកប្រាក់​៣​ម៉ឺន​ដុល្លារ ចំណែក​ទឹកប្រាក់​ដែល​សល់​ពី​នោះ គឺ​គាត់​យក​ទៅ​ចែក​គ្នីគ្នា​របស់​គាត់​។

អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក សុំ សន មេ​ភូមិ​ក្រាំង​ស្នួល ដើម្បី​សុំ​ការ​ពន្យល់​ដែរ តែ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ ។ ដោយឡែក​លោក ឃិ​ន តារា មេឃុំ​ភ្នា​យ ទូរស័ព្ទ​ចូល​ហើយ មាន​អ្នក​ចុច​បិទ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣​នេះ​។

សូម​រំលឹក​ថា មេ​ភូមិ​ក្រាំង​ស្នួល ដែល​ជា​តួអង្គ​សំខាន់​មួយ បន្ទាប់​ពី​ប្រពន្ធ​របស់​គាត់​បាន​និយាយ​ថា «​រឿង​លក់​ដី​រួម​ភូមិ​នេះ គាត់​មិនមែន​លក់​យក​លុយ​តែ​ម្នាក់ឯង​នោះ​ទេ ពេល​បាន​លុយ​មក គឺ​ចែក​គ្នា​តាម​តិច​តាម​ច្រើន​»​។ ចំណែក​លោក សំ សន ក៏​បាន​ព្រលយ​ពាក្យ​ថា «​អ្នកកាសែត​ចង់​ផ្សាយ​អី​ផ្សាយ​ទៅ គាត់​មិន​ខ្វល់​ឡើយ ព្រោះ​អ្នកកាសែត​មុន​ៗ​មក​សុំ​លុយ​តែ​ម្នាក់​៥​ម៉ឺន ១០​ម៉ឺន​រៀល ក៏​ទៅ​វិញ​បាត់​អស់​ទៅ​»​។

បន្ទាប់​មក​រឿង​នេះ ក៏​បានដឹង​ដល់​អ្នក​យក​ព័ត៌មាន​យើង លុះ​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣ ពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​ក្រាំង​ស្នួល ស្ថិត​ក្នុង​ឃុំ​ព្នាយ​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​រាយការណ៍​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា «​ដី​រួម​ភូមិ​មួយ​កន្លែង​ទំហំ​ជាង​៣០០០​ម៉ែត្រការ៉េ ត្រូវ​បាន​អាជ្ញាធរ​មូល​ដ្ឋាន​ដែល​មាន​ប្រពន្ធ​មេ​ភូមិ ជា​មេខ្យល់​ដើរ​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​ខ្លួន​ក្នុង​ការ​លក់​ដី​រួម​នេះ ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​ក៏​មិន​បានដឹង​ពី​រឿង​លក់​ដី​នេះ​ឡើយ​»​។

ប្រភព​រាយការណ៍​បន្ត​ថា «​ដី​ដែល​មាន​ទំហំ​ខាងលើ​នេះ ត្រូវ​បាន​ប្រពន្ធ​មេ​ភូមិ​ក្រាំង​ស្នួល ចេញ​មុខ​ទទួល​លុយ​កក់​ពី​ឈ្មួញ​នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ ចំនួន​៨​ពាន់​ដុល្លារ ក្នុង​ចំនួន​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​… សង្ស័យ​រឿង​ទន្សោង​-​គោព្រៃ​ទេ​ដឹង?​។ បើ​និយាយ​ទៅ​ដី​នេះ ក៏​ជា​ដី​ដែល​មាន​ទំនាស់​ផង​ដែរ មិនមែន​ដី​រួម​ទាំង​អស់នោះ​ទេ ប៉ុន្តែ​ដោយសារ​អាង​អំណាច​ប្ដី​ជា​មេ​ភូមិ ហើយ​មាន​អ្នក​ចាំ​ជួយ​ពីក្រោយ​ខ្នង​ផង​នោះ ទើប​ប្រពន្ធ​លោក​មេ​ភូមិ រឹតតែ​បានដៃ​ខ្លាំង​ឡើង​ៗ​។ នៅ​ពេល​មាន​អ្នក​សួរ​ថា ហេតុ​អ្វី​បានជា​ភូមិ​លក់​ដី​នេះ? លោក សំ សន មេ​ភូមិ​ក្រាំង​ស្នួល បាន​និយាយ​ថា «​ដី​នេះ ត្រូវ​បាន​ឈ្មួញ​ទិញ​យក​អស់ហើយ​ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ​តម្លៃ​ជិត​៣០​ដុល្លារ សរុប​ទៅ​ជិត​១០​ម៉ឺន​ដុល្លារ​»​។

មានការ​លើក​ឡើង​ផង​ដែរ​ថា «​រឿង​លក់​ដី​នេះ បើ​គ្មាន​ការ​បើកភ្លើង​ខៀវ​ពី​ជំនាញ​ពាក់ព័ន្ធ​ទេ ម្ល៉េះ​សម​មេ​ភូមិ​មេឃុំ មិន​ហ៊ាន​នោះ​ទេ ជា​ពិសេស​គឺ​ប្រពន្ធ​មេ​ភូមិ​តែ​ម្ដង ដែល​ជា​អ្នក​ចេញ​មុខ​ខ្លាំង​ជាងគេ​។ ហើយ​ការ​លក់​ដី​រួម​ភូមិ​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា «​អស់លោក​អាជ្ញាធរ​ឃុ​.​ប​ឃិ​.​ត​គ្នា​ជា​ប្រព័ន្ធ​លក់​បាន​លុយរាប់​ម៉ឺន​ដុល្លារ តូច​ស៊ីតូច ធំ​ស៊ីធំ ទើប​ប្រឹង​ទាំង​អត់​ខ្មាស់ ដោយ​មាន​ប្រពន្ធ​មេ​ភូមិ​ធ្វើ​ជា​អ្នកតំណាង​ពលរដ្ឋ ហើយ​សំអាង​ថា ថ្នាក់លើ​បាន​ឯកភាព​គ្នា​អស់ហើយ ព្រោះ​មាន​ទីប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​មួយ​រូប ជា​អ្នក​រត់ការ និង​កាន់​ឯកសារ​ធ្វើ​ប្លង់ ស្រប​ពេល​ដែល​អាជ្ញាធរ​ស្រុក​បាន​បដិសេធ​ថា «​អត់​ដឹង​រឿង​នេះ​ទេ​»​។ គេ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​មាន​ទីប្រឹក្សា​ក្រសួង​ចុះ​ទៅ​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​រឿង​លក់​ដី​រួម​ភូមិ​នេះ​ទៅ​វិញ? ហើយ​ការ​អះអាង​របស់​លោក​មេ​ភូមិ ដែល​ថា ថ្នាក់លើ​ដែល​មាន​ទីប្រឹក្សា​ក្រសួង​ជា​អ្នក​រត់ការ និង​កាន់​ឯកសារ​ធ្វើ​ប្លង់​នេះ តើ​អាច​ធ្លាក់​មក​ពីលើ​វិញ​ដោយ​របៀប​ណា បើ​ឯកសារ​ថ្នាក់​ក្រោម​មិន​ទាន់​រៀបចំ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​នោះ?

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ មន្ត្រីឃុំ​មួយ​រូប បាន​លើក​ឡើង​ផង​ដែរ​ថា «​បើ​លក់​ហើយ​យក​លុយ​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងភូមិ​ជា​ការ​ល្អ តែបើ​យក​ចែក​គ្នា ចុះបើ​ចែក​មិន​ស្មើហើយ​មាន​នរណា​​ម្នាក់​ប្ដឹង​នោះ ប្រាកដជា​វីវរ​ធំ​ហើយ​។ ដោយឡែក​រឿង​ធ្វើ​ប្លង់​ត្រូវ​រៀបចំ​ពីក្រោម​ទៅ​លើ ហើយ​បើ​ស្រុក​មិន​ដឹងផង ចុះបើ​ស្រុក​បដិសេធ​មិន​ចុះហត្ថលេខា ខាង​មន្ទីរ​ក៏​មិន​ហ៊ាន​ដែរ​។ រឿង​នេះ មិន​មែន​ស្រួល​ដូច​អស់លោក​លើក​ឡើង​រឿង​ធ្វើ​ប្លង់​ចេញពី​ក្រសួង​នោះ​ទេ រឿង​នេះ​និយាយ​មក​ខុស​ពី​ការ​ពិត​ទាំងស្រុង​»​។

លោក សំ សន មេ​ភូមិ​ក្រាំង​ស្នួល បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា «​ប្រពន្ធ​របស់​លោក​ពិតជា​បាន​ទទួល​លុយ​កក់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ ពិតប្រាកដ​មែន គឺ​លុយ​កក់​លើក​ទី​១​។ ដោយសារ​ប្រជាពលរដ្ឋ​មិន​បាន​ទទួល ទើប​ប្រពន្ធ​លោក​ជា​អ្នក​ទទួល​តែ​ម្ដង​ទៅ​ក្នុង​ចំនួន​៨ ពាន់​ដុល្លារ​»​។

ដោយ​ពលរដ្ឋ​ចាំ​ទទួល​លុយ​នៅ​លើក​ទី​២ លោក​មេ​ភូមិ​បាន​ប្រាប់​ថា «​ម្សិលមិញ តំណាង​ចំនួន​៧​ទៅ​៨​នាក់ ឃើញ​មក​ដែរ ហើយ​លុយ​ដែល​បាន​ពី​ការ​លក់​ដី​រួម​ភូមិ​នេះ បើ​រាប់​ចំនួន​គ្រួសារ​ក្នុងភូមិ គឺ​មាន​ច្រើន តែបើ​រាប់​គ្រួសារ​ចាស់​ៗ​ជំនាន់​ឆ្នាំ​១៩៨៦ គឺ​មាន​ចំនួន​ជាង​១០០​គ្រួសារ​»​។ លោក​មេ​ភូមិ​បាន​បញ្ជាក់​ទៀត​ថា «​នៅ​ពេល​ទទួល​លុយ​លើក​ទី​២ លោក​នឹង​ហៅ​ឃុំ​មក​ជួយ​មើល និង​បែងចែក​»​។ ហើយ​ដី​រួម​លក់​នេះ បើ​តាម​លោក​មេ​ភូមិ​ថា «​គឺ​មាន​ចំនួន​ជាង​៣​ពាន់​ម៉ែត្រការ៉េ ដោយ​ក្នុង​មួយ​កា​រ៉េ​ជិត​៣០​ដុល្លារ​។ ចំពោះ​ការ​លក់​ដី​នេះ បើ​សរុប​ទៅ​គឺ​មាន​ទំហំ​ទឹក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ដែរ​។

គួរ​រំលឹក​ថាបុគ្គល​ណាខ្លះ​ថ្លើមធំ ឃុបឃិត​គ្នា​លក់​ដី​រួម​ភូមិ នៅ​ស្រុក​សំរោង​ទង ​។
ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ