ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ណាខ្លះ​ថ្លើមធំ ឃុបឃិត​គ្នា​លក់​ដី​រួម​ភូមិ នៅ​ស្រុក​សំរោង​ទង

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

នា​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣ ពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​រាយការណ៍​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា

ខេត្តកំពង់ស្ពឺ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣ ពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​រាយការណ៍​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ដី​រួម​ភូមិ​មួយ​កន្លែង ទំហំ​ជាង​៣០០០​ម៉ែត្រការ៉េ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ប្រពន្ធ​លោក​មេ​ភូមិ ហើយ​ក៏​ជា​មេខ្យល់ បាន​ដើរ​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​ខ្លួន​ក្នុង​ការ​លក់​ដី​រួម​នេះ ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត មិន​បានដឹង​ពី​រឿង​លក់​ដី​នេះ​ឡើយ​។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ដី​ដែល​មាន​ទំហំ​ខាងលើ ត្រូវ​បាន​ប្រពន្ធ​មេ​ភូមិ​ក្រាំង​ស្នួល ចេញ​មុខ​ទទួល​លុយ​កក់​ពី​ឈ្មួញ​នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ ចំនួន​៨​ពាន់​ដុល្លារ​។ បើ​និយាយ​ទៅ ដី​នេះ​ក៏​ជា​ដី​ដែល​មាន​ទំនាស់​ផង​ដែរ មិនមែន​ដី​រួម​ទាំង​អស់នោះ​ទេ​។ តែ​ដោយ​អាង​អំណាច​ប្ដី​ជា​មេ​ភូមិ ហើយ​មាន​អ្នក​ចាំ​ជួយ​ពីក្រោយ​ខ្នង​ផង​នោះ ទើប​ប្រពន្ធ​លោក​មេ​ភូមិ រឹតតែ​បានដៃ​ខ្លាំង​ឡើង​ៗ​។ ហើយ​នៅ​ពេល​មាន​អ្នក​សួរ​ថា «​ហេតុ​អ្វី​បានជា​មេ​ភូមិ​លក់​ដី​នេះ?​» លោក សំ សន ជា​មេ​ភូមិ​ក្រាំង​ស្នួល បាន​និយាយ​ថា «​ដី​នេះ​ត្រូវ​បាន​ឈ្មួញ​ទិញ​យក​អស់ហើយ​ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ តម្លៃ​ជិត​៣០​ដុល្លារ​»​។

មានការ​លើក​ឡើង​ផង​ដែរ​ថា រឿង​លក់​ដី​នេះ បើ​គ្មាន​ការ​បើកភ្លើង​ខៀវ​ពី​ជំនាញ​ពាក់ព័ន្ធ​ទេ ម្ល៉េះ​សម​មេ​ភូមិ មេឃុំ មិន​ហ៊ាន​នោះ​ទេ ជា​ពិសេស​គឺ​ប្រពន្ធ​មេ​ភូមិ​តែ​ម្ដង ដែល​ជា​អ្នក​ចេញ​មុខ​ខ្លាំង​ជាងគេ​។

ហើយ​ការ​លក់​ដី​រួម​ភូមិ​នេះ ត្រូវ​បាន​ប្រភព​ខ្លះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា អស់លោក​អាជ្ញាធរ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ លក់​បាន​លុយរាប់​ម៉ឺន​ដុល្លារ ដោយ​មាន​ប្រពន្ធ​មេ​ភូមិ ធ្វើ​ជា​អ្នកតំណាង​ពលរដ្ឋ ដោយ​សំអាង​ថា ថ្នាក់លើ​បាន​ឯកភាព​គ្នា​អស់ហើយ ព្រោះ​មាន​ទីប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​មួយ​រូប ជា​អ្នក​រត់ការ និង​កាន់​ឯកសារ​ធ្វើ​ប្លង់ ស្រប​ពេល​ដែល​អាជ្ញាធរ​ស្រុក​បាន​បដិសេធ​ថា អត់​ដឹង​រឿង​នេះ​ទេ​។

គេ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​មាន​ទីប្រឹក្សា​ក្រសួង ចុះ​ទៅ​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​រឿង​លក់​ដី​រួម​ភូមិ​នេះ​ទៅ​វិញ? ហើយ​ការ​អះអាង​របស់​លោក​មេ​ភូមិ ដែល​ថា ថ្នាក់លើ​ដែល​មាន​ទីប្រឹក្សា​ក្រសួង ជា​អ្នក​រត់ការ និង​កាន់​ឯកសារ​ធ្វើ​ប្លង់​នេះ តើ​អាច​ធ្លាក់​មក​ពីលើ​វិញ​ដោយ​របៀប​ណា? បើ​ឯកសារ​ថ្នាក់​ក្រោម​មិន​ទាន់​រៀបចំ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​នោះ?

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ មន្ត្រីឃុំ​មួយ​រូប បាន​លើក​ឡើង​ផង​ដែរ​ថា បើ​លក់​ហើយ​យក​លុយ​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងភូមិ​ជា​ការ​ល្អ តែបើ​យក​ចែក​គ្នា ចុះបើ​ចែក​មិន​ស្មើ ហើយ​មាន​នរណា​ម្នាក់​ប្ដឹង​នោះ ប្រាកដជា​វីវរ​ធំ​ហើយ​។ ដោយឡែក រឿង​ធ្វើ​ប្លង់ ត្រូវ​រៀបចំ​ពីក្រោម​ទៅ​លើ ហើយ​បើ​ស្រុក​មិន​ដឹងផង ចុះបើ​ស្រុក​បដិសេធ​មិន​ចុះហត្ថលេខា ខាង​មន្ទីរ​ក៏​មិន​ហ៊ាន​ដែរ​។ រឿង​នេះ មិន​មែន​ស្រួល​ដូច​អស់លោក​លើក​ឡើង រឿង​ធ្វើ​ប្លង់​ចេញពី​ក្រសួង​នោះ​ទេ រឿង​នេះ​និយាយ​មក​ខុស​ពី​ការ​ពិត​ទាំងស្រុង​។

លោក សំ សន មេ​ភូមិ​ក្រាំង​ស្នួល បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរ​ថា ប្រពន្ធ​របស់​លោក​ពិតជា​បាន​ទទួល​លុយ​កក់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ ពិតប្រាកដ​មែន គឺ​លុយ​កក់​លើក​ទី​១ ដោយសារ​ប្រជាពលរដ្ឋ​មិន​បាន​ទទួល ទើប​ប្រពន្ធ​លោក​ជា​អ្នក​ទទួល​តែ​ម្ដង​ទៅ ក្នុង​ចំនួន​៨​ពាន់​ដុល្លារ​។ ដោយ​ពលរដ្ឋ​ចាំ​ទទួល​លុយ​នៅ​លើក​ទី​២ លោក​មេ​ភូមិ​បាន​ប្រាប់​ថា​ម្សិលមិញ​តំណាង​ចំនួន​៧​ទៅ​៨​នាក់ ឃើញ​មក​ដែរ ហើយ​លុយ​ដែល​បាន​ពី​ការ​លក់​ដី​រួម​ភូមិ​នេះ បើ​រាប់​ចំនួន​គ្រួសារ​ក្នុងភូមិ គឺ​មាន​ច្រើន តែបើ​រាប់​គ្រួសារ​ចាស់​ៗ​ជំនាន់​ឆ្នាំ​១៩៨៦ គឺ​មាន​ចំនួន​ជាង​១០០​គ្រួសារ ត្រូវ​តែ​បែងចែក បើ​មិន​ដូច្នេះ​ទេ គឺ​ចែក​គ្នា​មិន​ស្មើ​។

លោក​មេ​ភូមិ បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ទទួល​លុយ​លើក​ទី​២ លោក​នឹង​ហៅ​ឃុំ​មក​ជួយ​មើល និង​បែងចែក​។ ដី​រួម​លក់​នេះ បើ​តាម​លោក​មេ​ភូមិ គឺ​មាន​ចំនួន​ជាង​៣​ពាន់​មែ​ត្រ​កា​រ៉េ​ដោយ​ក្នុង​មួយ​កា​រ៉េ​ជិត​៣០​ដុល្លារ​។ ហើយ​ការ​លក់​ដី​នេះ បើ​សរុប​ទៅ គឺ​មាន​ទំហំ​ទឹក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ដែរ​។

រឿង​ខាងលើ​នេះ ពលរដ្ឋ​បាន​លើក​ឡើង​ថា ហើយ​បើ​តាម​ដឹង គឺ​គេ​បែងចែក​ឲ្យ​ប្រជាពលរដ្ឋ​ប្រាកដ​មែន តែ​មិនដឹង​ថា ក្នុង​មនុស្ស​មួយ​គ្រួសារ បាន​ទទួល​លុយ​ប៉ុន្មាន​នោះ​ទេ?​។ រឿង​នេះ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មួយ​ចំនួន មានការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បានជា​ប្រពន្ធ​លោក​មេ​ភូមិ ខ្នះខ្នែង រួម​ទាំង​លោក​មេ​ភូមិ និង​អាជ្ញាធរ​ឃុំ​ផង​ដែរ ខ្នះខ្នែង​លក់​ដី​នេះ​ខ្លាំង​ម្ល៉េះ ឬ​មួយ​ក៏​លក់ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន?

បើ​តាម​លោក ឃិ​ន តារា មេឃុំ​ភ្នា​យ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា រឿង​លក់​ដី​នេះ មិនមែន​ឃុំ​ទេ គឺ​ប្រជាពលរដ្ឋ​ឯកភាព​គ្នា​លក់ ដោយ​ម្នាក់​ៗ​ថា ជា​ដី​កម្មសិទ្ធិ ឯ​ម្ខាង​ទៀត​ថា ជា​ដី​រួម​ភូមិ ប៉ុន្តែ​ឥឡូវនេះ ពួក​គាត់​ព្រមព្រៀង​គ្នា​លក់​ហើយ​។

លោក​មេឃុំ​បាន​បញ្ជាក់​ទៀត​ថា ខាង​ក្រសួង​ដែនដី បាន​ចុះ​មក​ដោះស្រាយ​គ្នា​កាលពី​៣​ទៅ​៤​ថ្ងៃមុន ដោយ​សម្រេច​ថា ភាគី​ខាង​ណា​ទទួលយក​ប៉ុន្មាន ហើយ​ភាគី​ម្ខាង​ទៀត​ទទួល​បាន​ប៉ុន្មាន ក្នុង​នោះ​ពលរដ្ឋ​បាន​ផ្តិត​មេដៃ​ស្នើ​សុំ​ឲ្យ​ក្រសួង​ចេញ​ប័ណ្ណ ដោយ​ពួក​គាត់​ព្រមព្រៀង​លក់ ហើយ​ខាង​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម មាន​លោក ជួប វណ្ណៈ ទីប្រឹក្សា​ក្រសួង ជា​អ្នកសម្របសម្រួល​រឿង​នេះ និង​ជា​អ្នក​កាន់​ឯកសារ​រត់​ធ្វើ​ប្លង់​។

លោក ឃិ​ន តារា មេឃុំ​ព្នាយ បាន​បញ្ជាក់​ទៀត​ថា រឿង​នេះ បើ​ចង់​ដឹង​ច្បាស់ សូម​ទាក់ទង​ទៅ​ក្រសួង​រៀបចំ​ដែនដី​។ ដោយ​លោក​បាន​បញ្ជាក់​ប្រាប់​ថា ឯកសារ​អ្វី​ៗ លោក ជួប វណ្ណៈ អតីត​ប្រធាន​ការិយា​ល័យ​ភូមិបាល ស្រុក​សំរោង​ទង ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ ជា​អ្នក​កាន់​ឯកសារ​ទៅ​រត់ការ​នៅ​ក្រសួង​អស់ហើយ​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​រួម​ភូមិ​នេះ​ដែរ អភិបាលស្រុក​សំរោង​ទង បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ខាង​ស្រុក​មិន​បានដឹង​រឿង​នេះ​ទេ​។ លោក​បន្ថែម​ថា ដី​រួម​ភូមិ ពួក​គាត់​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​ដី​សម្រាប់​ប្រយោជន៍​សាធារណៈ​។ លោក​អភិបាលស្រុក​បន្ត​ថា តើ​រឿង​នេះ អ្នក​ណា​ឯកភាព គឺជា​រឿង​របស់​គេ?ដោយឡែក ខាង​ស្រុក​អត់​ដឹង​ទេ​។

សូម​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខងារ​ទីប្រឹក្សា​ក្រសួង​អស់ហើយ តើ​មាន​ទីប្រឹក្សា​ក្រសួង​មកពីណា​ទៀត? ហើយ​ហេតុ​អ្វី​បានជា​លក់ លោក ជួប វណ្ណៈ យក​ងារ​ជាទី​ប្រឹក្សា​ក្រសួង​ចុះ​ទៅ​ដោះស្រាយ និង​រត់ការ​ឯកសារ​រឿង​លក់​ដី​រួម​ភូមិ​នេះ​ទៅ​វិញ?​។

អ្នក​យក​ព័ត៌មាន​យើង មិន​ទាន់​អាច​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក ជួប វណ្ណៈ បាន​ទេ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៣​នេះ​។ ពេល​ណា​បាន​ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត​។

ព័ត៌មាន​ពិស្ដារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ