អាមេរិក-វេណេស៊ុយអេឡា ៖ វេណេស៊ុយអេឡាអះអាងនាថ្ងៃទី១៧ ធ្នូ ថា ការហ៊ុមព័ទ្ធដែនទឹករបស់ខ្លួន ដែលប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូបរិហារថា ជាការគំរាមកំហែងដោយផ្ទាល់ ប្រឆាំងអធិបតេយ្យភាព ច្បាប់អន្តរជាតិនិងសន្តិភាព មិនប៉ះពាល់ដល់ការនាំចេញប្រេងជាធនធានសំខាន់របស់ប្រទេសនេះឡើយ ។
ក្រុមហ៊ុនប្រេងជាតិវេណេស៊ុយអេឡាPDVSAអះអាងថា ប្រតិបត្តិការនាំចេញប្រេងឆៅនិងផលិតផលពីប្រេងនៅតែប្រព្រឹត្តទៅជាធម្មតា ។ បណ្ដានាវាដឹកប្រេងបន្តធ្វើដំណើរដោយសុខសាន្ត។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី១៦ ធ្នូ បានបញ្ជាឲ្យហ៊ុមព័ទ្ធទាំងស្រុង និងពេញលេញ រាល់នាវាដឹកប្រេងទាំងអស់ ដែលជាប់ទណ្ឌកម្មមិនឲ្យចូលនិងចេញពីវេណេស៊ុយអេឡា ។
លោកត្រាំលើកហេតុផលថា រដ្ឋាភិបាលរបស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ បានប្រើប្រាស់ប្រេងសម្រាប់ផ្គត់ផ្កង់ហិរញ្ញវត្ថុ ដល់ការរត់ពន្ធគ្រឿងញៀនភេរវកម្ម ធ្វើបាបមនុស្សដោយសម្លាប់និងចាប់ពង្រត់ ។ ក្នុងសាររបស់លោកប្រធានាធិបតីអាមេរិកក៏អះអាងផងដែរថា របបវេណេស៊ុយអេឡា ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីអង្គការភេរវកម្មអន្តរជាតិដោយរដ្ឋការលោក ។ ក្រុងការ៉ាកាស់បានឆ្លើយតបវិញ ដោយចាត់ទុកបទបញ្ជានោះរបស់លោកត្រាំថាជាការគំរាមកំហែងដ៏ធំ ។
ក្នុងសេចក្ដីប្រកាសមួយរដ្ឋាភិបាលវេណេស៊ុយអេឡាបានបរិហារថា ប្រធានាធិបតីអាមេរិកប៉ុនប៉ងដាក់ដោយមិនសមហេតុផលទាំងស្រុងនូវអ្វីដែលហៅថា ការហ៊ុមព័ទ្ធដែនទឹកវេណេស៊ុយអេឡា ក្នុងគោលបំណងប្លន់យកធនធាតុប្រេងរបស់មាតុភូមិយើង ។
រដ្ឋការលោកត្រាំបានចោទប្រកាន់លោកម៉ាឌូរ៉ូថា ជាប្រមុខនៃបណ្ដាញរត់ពន្ធគ្រឿងញៀនដ៏ធំតែលោកម៉ាឌូរ៉ូបដិសេធយ៉ាងម៉ឺងម៉ាត់ដោយអះអាងថា ក្រុងវ៉ាស៊ីនតោនស្វែងរកផ្ដួលរំលំលោក ដើម្បីដណ្ដើមយកប្រេងកាតវេណេស៊ុយអេឡា ។
សហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងយោធាដ៏ច្រើនក្នុងតំបន់ការ៉ាអ៊ីប និងវាយប្រហារបណ្ដានាវាមកពីវេណេស៊ុយអេឡា ក្រោមលេសតស៊ូប្រឆាំងការរត់ពន្ធគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ