រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន៤០១,៦៩៩ តោន ដែលគិតជាទឹកប្រាក់បានចំនួន ២៧៨.៦៥ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន៥៥ ទៅកាន់ប្រទេសគោលដៅចំនួន៥៦ ប្រទេស។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ហៅកាត់ថា CRF ចេញផ្សាយថ្ងៃទី៩ ខែកញ្ញាកន្លងទៅ។

សម្រាប់ការនាំចេញស្រូវវិញ គឺត្រឹមរយៈពេល ៨ខែនេះកម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងមានចំនួន ២ ៩២៩ ០៤៣ តោន គិតជាទឹកប្រាក់មានចំនួន ៨១៤.១៧ លានដុល្លារសហរដ្ឋអាមេរិក។បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៨ ខែនេះ ការនាំចេញអង្ករបានជិត ៥៨ភាគរយ នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួន ៤០ម៉ឺនតោន។ តាមរបាយការណ៍ខាងលើបង្ហាញឱ្យឃើញថា ទីផ្សារអឺរ៉ុប នៅតែជាទីផ្សារនាំមុខគេសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដែលក្នុងនោះការនាំចេញទៅកាន់ ២៦ ប្រទេសនៅអឺរ៉ុប មានចំនួនអង្ករ ១៦៤ ៦៨២ តោន ដែលគិតជាទឹកប្រាក់ចំនួន ១១៣.៧៣ លានដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែលបានឱ្យដឹងផងដែរថា បន្ទាប់ពីទីផ្សារអឹរ៉ុប កម្ពុជាក៏បាននាំចេញអង្ករទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៥ ក្នុងចំនួនអង្ករសរុប ៣៦ ៦៩២ តោន គិតជាទឹកប្រាក់ចំនួន ២៣.៦៤ លានដុល្លារអាមេរិក និងការនាំចេញទៅទីផ្សារក្រៅប្រទេសចំនួន ២២ ប្រទេសផ្សេងទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា ។ល។ ក្នុងចំនួនអង្ករ ៥៦ ៥០៧ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤៩.៥៨លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបន្តថា ទិន្នន័យប្រមូលបានពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រភេទអង្ករដែលត្រូវបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស គឺមានប្រភេទ អង្ករក្រអូបចំនួន ៨១.៩៣ ភាគរយ បន្ទាប់មកគឺ អង្ករសគ្រាប់វែង ចំនួន ១២.៩៩ភាគរយ អង្គរចំហ៊ុយចំនួន ៣.៣៣ ភាគរយ អង្ករសរីរាង្គចំនួន ១.៧៣ភាគរយ និងអង្គរសគ្រាប់ខ្លីចំនួន ០.០២ភាគរយ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអះអាងថា វិស័យស្រូវអង្ករកម្ពុជាបាននាំចំណូលជូនជាតិប្រមាណ ១១០០ លានដុល្លារក្នុងរយ:ពេល៨ខែ និងជួយធានាសន្តិសុខស្បៀងជូនជាតិទាំងមូល។

លោកបណ្ឌិត យ៉ង់ សាំំងកុមាររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទបានសរសេលើបណ្តាញសង្គមហ្វេស ប៊ុក នៅថ្ងៃទី ១០ខែកញ្ញាឆ្នាំ២០២៣ថាក្នុងរយ:ពេល៨ខែឆ្នាំ២០២៣ កម្ពុជានាំអង្ករចេញបាន ៤០ មុឺនតោន (គិតជាស្រូវស្មើនឹង១លានតោន) និងស្រូវជិត៣លានតោន បេីសរុបរួមគ្នាគិត ជាស្រូវស្មេីនឹង ៤លានតោន ជាទឹកប្រាក់ប្រមាណជិត ១១០០ លានដុល្លារ។
អង្ករនាំចេញ៨០ភាគរយជាអង្ករ ប្រណីតដែលជាក្រអូបបាយទន់ពូជផ្ការំដួលនិងសែនក្រអូប០១។ លោកបណ្ឌិតបានលើកឡើងថា ដើម្បីពង្រីកការនាំចេញអង្ករប្រណីតខ្មែរឲ្យបានកាន់តែច្រើនក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងដឹកនាំការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួលនិងសែនក្រអូប០១និងជំរុញយន្តការកិច្ចសន្យាកសិកម្មរវាងសហគមន៍អ្នកផលិតស្រូវ (ប្រើពូជសុទ្ធ) និងរោងម៉ា ស៊ីនដែលត្រូវការស្រូវអង្ករប្រណីតពូជសុទ្ធល្អសម្រាប់ផលិតអង្ករនាំចេញ។
ចែករំលែកព័តមាននេះ