ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធអំពើឃាតកម្មប្រើពូថៅកាប់ទៅលើមិត្តភ័ក្ត ហើយអូសសពយកទៅចោលនៅក្រោយផ្ទះ ខណៈប្រពន្ធជនរងគ្រោះបាត់ប្តីតាមរកក៏ប្រទះឃើញ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីប្រពន្ធជនរងគ្រោះបាត់ប្តីមួយយប់ តាមរកក៏ប្រទះឃើញសាកសពប្ដី ។ក្រោយពីប្រទះឃើញសាកសព សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ។
តាមការសាកសួរប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ប្តីគាត់បានសុំទៅផឹកស៊ី ក៏បាត់មួយយប់ ។ លុះព្រឹកឡើងម៉ោង៨ គាត់ជាប្រពន្ធបានតាមរកក៏ប្រទះឃើញសពប្ដីដេកស្លាប់នៅក្នុងចម្ការដំឡូងក្រោយផ្ទះមិត្តភ័ក្តទៅហើយ ដោយមានស្នាមរបួសត្រង់ថ្គាម ។

ជនរងគ្រោះឈ្មោះសឿន ប៉េងហោង ហៅទូច ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ១ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ រីឯជនសង្ស័យឈ្មោះណុប ណាវីត ហៅប៉េស ភេទប្រុសអាយុ២៥ឆ្នាំ ពួកគេជាកសិករ មានរស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
សមត្ថកិច្ចបានធ្វើការពីនិត្យឃើញលើសពជនរងគ្រោះ ត្រូវរងការកាប់មួយពូថៅចំថ្គាមខាងឆ្វេងស្លាប់នៅមុខផ្ទះជនសង្ស័យឃើញមានស្នាមអូសសពទៅចោលក្នុងចម្ការដំឡូងខាងក្រោយផ្ទះប្រហែល៣០ម៉ែត្រ។
ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យ បានកាន់ពូថៅមួយជាប់នៅដៃ រួចក្រវីចុះក្រវីឡើងមិនឲ្យចូលទៅក្បែរសួរនាំជុំវិញឃាតកម្មមនុស្សស្លាប់នៅខាងក្រោយផ្ទះខ្លួននោះទេ ។ កម្លាំងកងរាជអាវុធហត្ថស្រុកសហការជាមួយកម្លាំងអធិការស្រុកកូនមុំបានព្យាយាមចូលទៅចាប់ខ្លួនជនសង្ស័យនោះបានភ្លាម និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបញ្ជូនទៅអធិការស្រុកកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់។

ឈ្មោះ ព្រឹប ដែលបានចូលរួមផឹកស៊ីបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុម៉ោង៤រសៀល ជនរងគ្រោះបានជិះម៉ូតូទៅផ្ទះគាត់(ព្រឹប) ហើយបានជួបជុំគ្នាពីរបីនាក់ផឹកស៊ី ។ លុះដល់ម៉ោង៥ល្ងាចក៏សុំទៅផ្ទះមុនជិះម៉ូតូម្នាក់ឯងកាត់មុខផ្ទះជនសង្ស័យខាងលើ ។ ជនរងគ្រោះមិនបានទៅដល់ផ្ទះនោះទេ លុះព្រឹកឡើង ប្រពន្ធឆោឡោដើសួរគេឯងរកប្ដីគ្រប់ច្រកល្ហកហើយមានគេប្រាប់ថា យប់មិញឃើញទៅជួបជុំផឹកស៊ីនៅចំណុចភូមិកើតហេតុ។
ពេលនោះ ប្រពន្ធជនរងគ្រោះបានទៅដល់កន្លែងផឹកស៊ី ក៏ប្រទះឃើញសពប្ដីដេកស្លាប់ស្ដូកស្ដឹងក្នុងចម្ការដំឡូងរបស់ជនសង្ស័យឈ្មោះណុប ណាវីតរួចក៏រាការណ៍ប្រាប់សមត្ថកិច្ច ។ ក្រោយសមត្ថកិច្ចពិនិត្យរួចក៏បានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ