ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​សភាពការណ៍​ពិភពលោក​មានការ​ប្រែ​ប្រួល​​​ឆាប់រហ័ស​​​ក្តី តែ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​​នៅ​តែ​ឈរ​យ៉ាង​រឹង​មាំ

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី បាន​បញ្ជាក់​ថា ទោះបីជា​សភាព​ការណ៍​ពិភពលោក​មានការ​វិវឌ្ឍន៍​ប្រែប្រួល​ឆាប់រហ័ស​យ៉ាងណា​ក្តី តែ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​នៅ​តែ​ឈរ​យ៉ាង​រឹង​មាំ ហើយ​បាន​បន្ត​រីក​លូតលាស់​ជា​និច្ច…


រាជធានី​ភ្នំពេញ ៖ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី បាន​បញ្ជាក់​ថា ទោះបីជា​សភាព​ការណ៍​ពិភពលោក​មានការ​វិវឌ្ឍន៍​ប្រែប្រួល​ឆាប់រហ័ស​យ៉ាងណា​ក្តី តែ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​នៅ​តែ​ឈរ​យ៉ាង​រឹង​មាំ ហើយ​បាន​បន្ត​រីក​លូតលាស់​ជា​និច្ច ។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​ពិធី​លៀង​សាយភោជន៍ នា​រាត្រី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៣ ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​ឯកឧត្តម គី​ម ជី​ន​ព្យូ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​កម្ពុជា ។​

សម្តេច​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ទោះបីជា​សភាពការណ៍​ពិភពលោក និង​ភូមិសាស្ត្រ​នយោបាយ​នា​ពេល​បច្ចុប្បន្ន មានកា​រវិ​ឌ្ឍ​ន៍​ប្រែប្រួល​ឆាប់រហ័ស​យ៉ាងណា​ក្តី តែ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធា​រណរដ្ឋ​កូរ៉េ នៅ​តែ​ឈរ​យ៉ាង​រឹង​មាំ ហើយ​បាន​បន្ត​រីក​លូតលាស់​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ។

សម្តេច​រដ្ឋសភាធិបតី​បាន​បន្ត​ថា ឆ្នាំ​២០២៣​នេះ ជា​ឆ្នាំ​ខួប​លើក​ទី​២៦ នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវ​បាន​ភ្ជាប់​ឡើង​វិញ​នា​ឆ្នាំ​១៩៩៧ ។ ចាប់តាំងពី​ពេល​នោះ​មក ភាព​ជា​ដៃគូ​និង​សហប្រតិបត្តិការ​ទ្វេភាគី​បាន​កើនឡើង ហើយ​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ជា​លំដាប់​ស្ទើរ​គ្រប់​វិស័យ ។ មិត្តភាព​កម្ពុជា​សាធារណរដ្ឋ​កូរ៉េ ត្រូវ​បាន​វេញ​ជាប់​គ្នា​ដោយ​ផ្អែក​លើ​ភាព​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក កិច្ច​សហប្រតិបត្តិការ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។

ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ចំណងមិត្តភាព​នេះ​នឹង​នៅ​ស្ថិតស្ថេរ​គង់វង្ស ហើយ​កាន់តែ​រីក​លូតលាស់ ខ្លាំង​ឡើង​ថែម​ទៀត​ទាំង​ខាង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ កាន់តែ​រឹង​មាំ​និង​រីក​ចម្រើន​ឡើង​ទៅ​ថ្ងៃ​អនាគត​។

នា​ឱកាស​នេះ​ដែរ ឯកឧត្តម គី​ម ជី​ន​ព្យូ បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មកនេះ កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​បាន​កសាង​សមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ ជា​ពិសេស​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន ។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​សាធា​រណរដ្ឋ​កូរ៉េ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​គឺ​ប្រមាណ​២០​ដង បើ​ប្រៀបធៀប​ទៅ​អតីតកាល​។ កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ គឺជា​ដន្លង​នឹង​គ្នា ។ ចំណងអាពាហ៍ពិពាហ៍​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​រស់នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​បាន​ផ្តល់​កំណើត​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ។

ឯកឧត្តម​ប្រធានរដ្ឋសភា​បាន​សន្យា​នឹង​រួម​សហការ​ជាមួយ​សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី ក្នុង​ការ​ពូន​ជ្រំ​ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត នា​ពេល​អនាគត​។ ជា​រួម​ប្រធានរដ្ឋសភា​ប្រទេស​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់ កើត​ចេញពី​ជំនួប​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ​រដ្ឋសភា​ទាំង​ពីរ​កាល​ពី​ព្រឹក​មិ​ញ ដែល​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​បាន​បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹង​មាំ​និង​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ។

អត្ថបទសរសេរ ដោយ